ភ្នំពេញៈ កម្ពុជា និងថៃ រក្សាពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៣ និងបញ្ជូលបន្ថែមនូវវិស័យអាទិភាពចំនួន ៥ ទៀតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (DCD)។
ការសម្រេចលើកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី ១៥ ស្ដីពីកិច្ចសហប្រតិបត្ដិការបចេ្ចកទេសកាលពីថ្ងៃទី ៣០ ខែធ្នូ ដែលភាគីកម្ពុជាដឹកនាំដោយលោក អ៊ឹម សួរ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំណែកភាគីថៃ ដឹកនាំដោយលោកស្រី Pattarat Hongtong អគ្គនាយិកាទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិថៃហៅកាត់ថា TICA។
បើតាម CDC ភាគីទាំង ២ បានពិភាក្សា និងឯកភាពការអនុវត្តគម្រោងដែលមានស្រាប់ចំនួន ៣ រួមមានការសាងសង់អគារក្នុងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃការសាងសង់អគារកម្ពស់ ៣ ជាន់សម្រាប់ដេប៉ាតឺម៉ង់ភាសាថៃនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការសាងសង់អគារក្នុងមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ។
ភាគីទាំង ២ ក៏បានសម្រេចបញ្ចូលបន្ថែមវិស័យអាទិភាពថ្មីចំនួន ៥ សម្រាប់រយៈពេល ៣ ឆ្នាំខាងមុខរួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសហគមន៍ និងជនបទ ការអភិវឌ្ឍសង្គម វិស័យបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីថៃបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លីសម្រាប់ឆ្នាំ ២០២១-២០២៣ ដល់កម្ពុជា។
ក្រសួងការបរទេសថៃកាលពីថ្ងៃទី ៤ មករា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានដែរ ដោយបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ TICA បានយល់ព្រមលើកិច្ចសហប្រតិបត្តិការទាំង ៨ នេះក្នុងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាថៃឆ្នាំ ២០២១ ដល់ ២០២៣។ ក្រសួងការបរទេសថៃក៏បានបញ្ជាក់ដែរថា ភាគីទាំង ២ ក៏បានទទួលស្គាល់នូវការរីកចម្រើននៃការអនុវត្តគម្រោងសរុបចំនួន ២០ ក្នុងវិស័យដែលមានស្រាប់ចំនួន ៣ រួមមានសុខភាព កសិកម្ម និងអប់រំសម្រាប់ឆ្នាំ ២០១៧ ដល់ ២០២០។
ក្រសួងការបរទេសថៃបញ្ជាក់ថា៖ «កិច្ចប្រជុំបានកត់សម្គាល់ពីការពេញចិត្តលើការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ធនធានមនុស្សដែលជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា»។
ក្រសួងការបរទេសថៃបន្តថា៖ «ភាគីថៃក៏ចាប់អារម្មណ៍ចែករំលែកបទពិសោធ និងចំណេះដឹងក្នុងការលើកកម្ពស់សន្តិសុខ និងភាពធន់លើវិស័យសំខាន់ៗចំនួន ៤ រួមមានសន្តិសុខសុខភាព សន្តិសុខការងារ សន្តិសុខចំណីអាហារ និងសន្តិសុខថាមពល។ ចំណែកកម្ពុជាបង្ហាញការកោតសរសើរភាគីថៃ និងពេញចិត្តនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំង ២ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ»។
កិច្ចសហប្រតិបត្តិការទាំងនេះទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាជាពិសេសគម្រោងអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាពនៅខេត្តបន្ទាយមានជ័យ ការបង្កើតមជ្ឈមណ្ឌលលើកកម្ពស់ភូមិ ១ ផលិតផល ១ ការគ្រប់គ្រង ការពារ និងតាមដានជំងឺឆ្លងរួមមានជំងឺដែលកំពុងកើតឡើង និងជំងឺដែលកើតឡើងវិញ។ នេះបើតាមក្រសួងការបរទេសថៃ៕