បន្ទាយមានជ័យៈ អភិបាល​ខេត្តបន្ទាយមានជ័យ​លោក​ អ៊ុំ រាត្រី កាលពី​ថ្ងៃទី​ ៩ មីនា បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ភាគី​ថៃ​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​បន្ទាន់​ជូន​អាជីវករ​ខ្មែរ​ឱ្យបាន​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​ឡើងវិញ ខណៈ​អ្នកឃ្លាំមើល​តាម​ព្រំដែន​ស្នើឱ្យ​ប្រទេស​ទាំង​ ២ ​ពិចារណា​ឱ្យ​បាន​លឿន​បំផុត​ដើម្បី​បើក​ច្រកព្រំដែន ដោយ​គោរព​តាម​គោលការណ៍​សុខភាព​។

លោក​ អ៊ុំ រាត្រី សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ៩ ​មីនា ថា​៖ «​ខ្ញុំបាទ​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ជួបប្រជុំ​ពិភាក្សា​ការងារ​រក​ដំណោះស្រាយ​បញ្ហា​បន្ទាន់ ជូន​បងប្អូន​អាជីវករ​លក់ដូរ​ផ្សារ​រ៉ុងក្លឿ​ជាមួយ​លោក​អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ទីស្នាក់ការ​គយ​ថៃ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លងឡឹក​»​។

លោក​បន្តថា កិច្ចប្រជុំ ពិភាក្សា លើ​ការអនុវត្ត​រួម​ឡើងវិញ ចំពោះ​បងប្អូន​អាជីវករ​ខ្មែរ​ចូលទៅ​លក់ដូរ នៅ​ផ្សារ​រ៉ុងក្លឿ​ដែល​កន្លងមក​ខេត្ត​ទាំង​ ២ ​បាន​ខិតខំ​សម្របសម្រួល​ឱ្យ​បងប្អូន​អាច​ចូលទៅ​លក់ដូរ ដោយ​គោរព​តាម​គោលការណ៍​លើក​មុន​តាម​វិធាន​សុខាភិបាល​ក្នុង​បរិបទ​កូវីដ​ ១៩​។

ទោះយ៉ាងណា​លោក​ អ៊ុំ រាត្រី អះអាង​ថា ជា​លទ្ធផល​ចំពោះ​ការសម្រេច​បើក​ផ្សារ​រ៉ុងក្លឿ​នេះ​មិនទាន់​ដាក់ឱ្យ​អនុវត្ត​ឡើងវិញ​នោះទេ ព្រោះ​កិច្ចប្រជុំ​នៅ​ត្រូវការ​ពេលវេលា​នៃ​ការពិភាក្សា​រក​ដំណោះស្រាយ​បន្ថែមទៀត​។

កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ កម្ពុជា និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ម្តង​រួច​មក​ហើយ ជុំវិញ​បញ្ហា​នៃ​ការបើក​ច្រកព្រំដែន​បន្ថែម និង​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​ចូលទៅ​ធ្វើការ និង​ប្រកប​អាជីវកម្ម​លើទឹក​ដី​ថៃ​វិញ​រួមទាំង​ការបើក​ផ្សារ​រ៉ុងក្លឿ​នេះ​ផង​។ ប៉ុន្តែ​ជា​លទ្ធផល ភាគី​ទាំង​ ២ បាន​ឯកភាព​គ្នា​យក​បញ្ហា​ទាំងនេះ ទៅ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បន្ថែមទៀត​ក្នុង​ការការពារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ ឌិន ពុទ្ធី ប្រធាន​សមាគម ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឱ្យ​ភាគី​ទាំង​ ២ ពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅ​រក​លទ្ធភាព​ក្នុង​ការបើក​ច្រកព្រំដែន និង​បើក​ឱ្យ​អាជីវករ​ចូល​ទៅ​ប្រកបរបរ​ដូច​ធម្មតា​វិញ​ឱ្យ​បាន​ឆាប់រហ័ស​។ លោក​ជំរុញ​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ជិត​រយៈពេល ១ ​ឆ្នាំ​ហើយ ​ដែល​ភាគី​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​ការនាំចូល​ទំនិញ​គ្រប់បែបយ៉ាង​ពី​ប្រទេស​ថៃ នៅតែ​អាច​ចូលមក​កម្ពុជា​ដោយ​ទូលាយ ផ្ទុយ​ឆ្ងាយ​ពី​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​នេះ​។

លោក​ថា​៖ «​យើង​ឃើញថា កន្លងមក​មិនមាន​ការបើក​អ្វី​ឡើងវិញ​នោះទេ​ភាគី​ថៃ​នៅតែ​មក​បាន​ទាំងឡាន​។ ចំណែក​ខ្មែរ​យើង​ទាំង​អាជីវករ កម្មករ​ទាំងអស់​នៅ​ច្រក​ប៉ោយប៉ែត​នេះ គឺ​បិទ​ឈឹង​តែម្តង​។ ភាពខុសគ្នា​រវាង​កម្ពុជា និង​ថៃ​នេះ គឺ​មិន​ស្មើគ្នា​សោះ ហើយ​បើ​ភាគី​ខាង​ថៃ​មិន​ព្រម​បើក​ទេ ហេតុអ្វី​យើង មិន​បិទ​មិន​ឱ្យ​ថៃ​ចូល​ដែរ​មក​»​។

តាម​លោក​ ឌិន ពុទ្ធី ចាប់តាំងពី​ប្រទេស​ថៃ​ បាន​បិទ​ព្រំដែន​របស់​គេ​មក បាន​ធ្វើឱ្យ​អាជីវករ និង​ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​ជួប​ការលំបាក ដោយសារ​ចំណូល​របស់​ពួកគេ​ត្រូវបាន​បាត់បង់​ទាំងស្រុង​។ រីឯ ពលរដ្ឋ​ខ្មែរ​ដែល​ប្រថុយប្រថាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ត្រូវ​ចំណាយ​ថវិកា​ទ្វេដង និង​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។

រដ្ឋាភិបាល​ថៃ​បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​កាលពី​ខែមីនា​ឆ្នាំ​មុន ហើយ​ក្រោយពី​មាន​កិច្ចចរចា ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​ឱ្យ​មាន​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​នៅ​តាម​ច្រកទ្វារ​ព្រំដែន អន្តរជាតិ​មួយចំនួន ខណៈ​ប្រទេស​ថៃ​រឹតបន្តឹង​សុវត្ថិភាព ដើម្បី​ការពារ​ការរាលដាល​ជំងឺ​កូវីដ​ ១៩៕

វីដេអូ៖