បន្ទាយមានជ័យៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​ថៃ​បាន​ពិភាក្សា​គ្នា​​កាលពី​ម្សិលម្ង៉ៃ​ស្ដីពី​ការកំណត់​ទីតាំង​ត្រូវ​ដោះមីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​តាម​ព្រំដែន​​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការរស់នៅ​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២​។ ​នេះ​បើ​តាម​លោក ​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ពី​ម្សិលមិញ​។

លោក ហេង រតនា បាន​ថ្លែង​ថា (CMAC) ​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ​ (TMAC) ​ដែល​មាន​លោក Sittipol Nimnuan ជា​អគ្គនាយក​បាន​ឯកភាព​គ្នា​ជា​ជំហានៗ​ក្នុង​ការបោសសម្អាត​មីន​លើ​ទឹកដី​រៀងៗ​​ខ្លួន​ដោយ​មាន​ការចូលរួម​ពី​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​ (GBC) ហើយ​បាន​សន្យា​ពិភាក្សា​គ្នា​ក្រោយៗ​ទៀត ដើម្បី​អនុវត្ត​ការងារ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ បាន​កំណត់​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់​ថា​ក្នុង​ជំនួប​នេះ CMAC និង TMAC បាន​យក​ចិត្ត​ទុកដាក់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​ជាពិសេស​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ ដោយ​អនុលោម​តាម​ស្មារតី​កិច្ចប្រជុំ​ និង​ការសម្រេច​របស់ (GBC)​។

លោក រតនា បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ជ្រើសរើស​តំបន់​តាម​បណ្ដោយ​ព្រំដែន​ជា​ជំហាន​ទី​ ១ ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​ថៃ​ក្នុង​ពេល​តែ​មួយ ប៉ុន្ដែ​ទីតាំង​ខុស​គ្នា​គឺ​ថៃ​ធ្វើ​នៅ​ទឹកដី​ថៃ កម្ពុជា​ធ្វើ​នៅ​កម្ពុជា​គឺ​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ​ពី​ព្រំដែន​​នីមួយៗ​។ ចំណែក​កម្ពុជា​យើង​បាន​កំណត់​ទីតាំង​នៅ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ​ក្រោយ​មក​យើង​បន្ត​ពិនិត្យ​បន្ថែម រួច​ប្រជុំ​ម្ដង​​ទៀត​ដើម្បី​ប្រតិបត្តិការ​តែ​ម្ដង​»​។

ក្រៅពី​ចូលរួម​កិច្ចប្រជុំ​នោះ​លោក ហេង រតនា និង​គណៈប្រតិភូ CMAC បាន​ជួប​ជាមួយ​លោក Hans Brattskar ឯកអគ្គរដ្ឋទូត​តំណាង​អចិន្រៃ្តយ៍​ប្រទេស​ន័រវែស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អម​ដំណើរ​ដោយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ន័រវែស ប្រចាំ​ទីក្រុង​បាងកក​ទទួល​បន្ទុក​កុងស៊ុល​កម្ពុជា​បាន​រួម​គ្នា​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​អារញ្ញ​ប្រាថេត ប្រទេស​ថៃ​ព្រម​ទាំង​ស្វែងយល់​ពី​ការធ្វើ​ជើង​សិប្ប​និមិ្មត​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ​។

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នោះ​លោក​ឯកអគ្គរដ្ឋទូតន័រវែស​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ និង​គណៈប្រតិភូ​បាន​ធ្វើ​ដំណើរ​ចូល​ទឹកដី​កម្ពុជា ទស្សនា​ចម្ការមីន​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​បន្ត​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្តិភាព CMAC នៅ​ខេត្ត​សៀមរាប​ពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ថា​ការ​បោសសម្អាត​មីន​តាម​ព្រំដែន​កម្ពុជា-ថៃ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ បាន​ប្រគល់​ភារកិច្ច​ឲ្យ​អង្គភាព CMAC និង TMAC អនុវត្ត​ជា​សេនាធិការ​ជូន GBC ។ អង្គភាព​ទាំង​ ២ ​នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​ល្អ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការងារ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ប្រគល់ជូន​។

តាម​អនុសញ្ញា​អូតាវ៉ា ថៃ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការ​បោសសម្អាត​មីន​ឲ្យ​អស់​នៅ​ឆ្នាំ​ ២០២៣ ខណៈ​កម្ពុជា​កំណត់​​ឲ្យ​ដោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​នៅ​ឆ្នាំ​ ២០២៥ ។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាលពី​ថ្ងៃទី​​ ១២ ​ធ្នូ​ពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ ១​ ​គ្រាប់ ខណៈ​កំពុង​ភ្ជួរ​ដី​ដោយ​ផ្លែ​ផាល​ត្រាក់ទ័រ បាន​ឆ្កឹះ​បំប៉ើង​មីន​ចេញ​ពី​ដី​នៅ​ភូមិ​អូរស្ងួត ឃុំ​តាសាញ់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​បាន​រាយការណ៍​ជូន​មន្ត្រី​នគរបាល ហើយ​សមត្ថកិច្ច​ឃុំ​តាសាញ់​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត រង់ចាំ CMAC យកទៅ​កម្ទេចចោល ៕