បន្ទាយមានជ័យៈ កម្ពុជា ស្នើ​ឲ្យ​ភាគី​ថៃ បើក​ច្រកចេញ-ចូល តាម​ព្រំដែន​បន្ថែមទៀត ដើម្បី​ទទួល​កសិផល​របស់​ខ្មែរ ខណៈ​ប្រទេស​នេះ​ក៏បាន​ស្នើ​ឲ្យ​កម្ពុជា​ទទួល​យក​ទំនិញ​ផ្សេងទៀត​បន្ទាប់ពី​ព្រំដែន​មួយចំនួន​បាន​បិទ និង​ហាម​ការចេញ-ចូល ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

ការស្នើ​ទៅវិញ​ទៅមក​បែបនេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ខែ ​មេសា ឆ្នាំ​ ២០២០ នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រួមគ្នា​ដែល​ដឹកនាំ​ដោយ​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​លោក ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​ការងារ​ព្រំដែន និង​ភាគី​ថៃ​មាន​លោក វរ៉ាផាន់ សុវាណុន អភិបាលខេត្ត​ស្រះកែវ​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ថៃ​នា​ភូមិ​ខ្លងលឹក ស្រុក​អារញ្ញ​ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត​។

លោក ពេជ្រ វណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើទោះ​ជា​ក្នុងអំឡុង​ពេលនេះ​ថៃ​ប្រកាស​បិទ​ព្រំដែន ប៉ុន្តែ​ការចរាចរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ គឺ​នៅតែ​ដំណើរការ​ជាធម្មតា​តាមរយៈ​សកម្មភាព​នៃ​ការដោះដូរ​ទំនិញ​ជា​លក្ខណៈ​ដឹក​តាម​រថយន្ត​ប្រភេទ​ធំៗ ខណៈ​ដែល​ការដឹក​ទំនិញ​តូចតាច​តាមរយៈ​រទេះ​ជាដើម​នោះ​គឺ​ត្រូវបាន​ផ្អាក​។

លោក​បន្ត​ថា ដោយសារតែ​ការដោះដូរ​ទំនិញ និង​កសិផល​នានា​បាន​ធ្វើ​ឡើង​នៅតាម​ច្រកព្រំដែន​មួយចំនួន​ដូចជា​អូរស្មាច់​ច្រក​ប៉ោយប៉ែត និង​ច្រកព្រំដែន​ដូង ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការលំបាក​ក្នុង​ការដឹកទំនិញ ព្រោះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​លំនៅឋាន​របស់​ពួកគេ​។

លោក​បន្ថែម​ថា តាមរយៈ​នេះ​យើង​ស្នើ​ឲ្យ​ភាគី​ថៃ​បើក​ច្រកព្រំដែន​បន្ថែម​ទៀត ដូចជា​ច្រក​អន្តរជាតិ​ភ្នំ​ដី ច្រក​ម៉ាឡៃ និង​ច្រកព្រំដែន​អូរ​ស្ងួត ដើម្បី​ទទួល​ទំនិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ផ្តោត​ជាសំខាន់​គឺ​កសិផល​ដំឡូង​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ថ្នាក់លើ​របស់​គាត់​ (​ថៃ​) បានប្រកាស​បិទ​គ្រប់​ច្រក​ទាំងអស់​ដោយឡែក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកព្រំដែន​ដែល​បើក គឺ​អាច​ដឹកទំនិញ​ចេញ-ចូល​បានជា​ធម្មតា​។ ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កន្លងទៅ មិន​ធ្លាប់​ដឹក​ដំឡូង​ចេញ​នោះទេ ព្រោះ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​តំបន់​ពលរដ្ឋ​រស់នៅ ហើយ​ច្រក​ដែល​ធ្លាប់​ចេញ-ចូល​នូវ​ដំណាំ​កសិផល​នេះ គឺ​ភាគច្រើន​នៅ​ច្រក​ភ្នំ​ដី និង​ច្រក​ម៉ាឡៃ​ជាដើម​។ សព្វថ្ងៃនេះ​ច្រក​អន្តរជាតិ​ដូង និង​ឡែម គឺ​មាន​ការចេញ-ចូល​ជាធម្មតា ប៉ុន្តែ​ការចេញ-ចូល វា​ឆ្ងាយ​ពេក​ទើប​ពួកគាត់​ស្នើ​ឲ្យ​បើក​ច្រក​ផ្សេងទៀត​ដូចជា សំពៅ​លូន​ដែរ​»​។

លោក​បញ្ជាក់ទៀតថា​៖ «​មុន​បិទ​ច្រកព្រំដែន​ហ្នឹង យើង​បាន​ចេញ-ចូល​ចរាចរណ៍​ជាធម្មតា​ដល់​ពេល​បិទ​អ៊ីចឹង​ទៅ​ក៏​មាន​ការកកស្ទះ ដូចជា​ដំឡូង​អីហ្នឹង​។ យើង​ក៏​សំណូមពរ​ខាង​ថៃ ដើម្បី​សម្រួល​ខាង​ច្រក​ដែល​អាច​ចេញចូល​បាន (​បន្ថែមទៀត​) ជួយ​សម្រួល​ខាង​កសិផល​ដូចជា​ដំឡូង​ហ្នឹង​។ ប៉ុន្តែ​សំណើ​នេះ​ភាគី​ថៃ​មិនទាន់​មាន​ការសម្រេច​យ៉ាងណា​នោះទេ ខណៈ​ដែល​សំណើ​របស់​ថៃ​ស្នើ​នាំចូល​ផលិតផល​ផ្សេងៗ ដូចជា​ការនាំចូល​ជ្រូក​ (​មក​កម្ពុជា​) ​នោះ​ក៏​កម្ពុជា​មិនទាន់​សម្រេច​ដែរ ដោយ​រង់ចាំ​ការជួប​ចរចា​ជាថ្មី​»​។

លោក ពេជ្រ វណ្ណា ឲ្យ​ដឹងថា​ចំពោះ​ការនាំ​កសិផល​ដំទ្បូងមី​ចូលក្នុង​ប្រទេស​ថៃ​តាម​សំណើ​របស់​កម្ពុជា​គឺ​ភាគី​ថៃ​នឹង​ជូនដំណឹង​ទៅ​ក្រសួង​ពាណិជ្ជកម្ម​របស់​ខ្លួន​រួច​ជូនដំណឹង​មក​កម្ពុជា​វិញ​នៅពេល​ក្រោយ ខណៈ​កម្ពុជា​ក៏​មិនទាន់​សម្រេច​ចំពោះ​សំណើ​របស់​ភាគី​ថៃ​ផងដែរ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៧ ខែមេសា​ថា​ក្នុង​នោះ​ភាគី​ថៃ​បាន​ស្នើសុំ​សម្រប​សម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​រាល់ថ្ងៃ​ដោយ​កំណត់​យក​ទី​ចត​សំណាក់​មួយ​។

លោក​បញ្ជាក់​ថា ទីសំណាក់​សមរម្យ​នោះ​មាន​ដូចជា​៖ «​ច្រក​បឹង​ត្រកួន​ច្រក​អូរ​ ៣ ​ជាន់ ដើម្បី​ងាយស្រួល​ពិនិត្យ​ដើម្បី​ការពារ​វីរុស COVID-19​។ ភាគី​ថៃ​បាន​ឯកភាព​លើ​គោលការណ៍​រួម​កំណត់​យក​ទីតាំង​អូរ​ ៣ ​ជាន់ ស្រុក​អូជ្រៅ ជាប់​ព្រំប្រទល់​ភូមិ​គោកធ្យូង ប្រទេស​ថៃ​ជា​កន្លែង​តែមួយគត់​សម្រាប់​ពលករ​ខ្មែរ​ចូលមក​កម្ពុជា ដើម្បី​រួមគ្នា​ទប់ស្កាត់​វីរុស COVID-19»​។

បើ​តាម​លោក​ ពេជ្រ វណ្ណា គិត​ត្រឹម​ថ្ងៃទី​ ៧ ខែ​មេសា ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​មាន​ជាង ៦ ​ម៉ឺន​នាក់​ហើយ​ក្នុង​នោះ ភាគី​ថៃ​នៅតែ​បន្ត​បើក​ឲ្យ​ពលករ​ខ្មែរ​អាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខណៈ​ភាគី​ថៃ​បាន​ស្នើឲ្យ​កម្ពុជា​ពង្រឹង​វិធានការ​បន្ថែមទៀត​ឲ្យ​បាន​តឹងរ៉ឹង​ក្នុង​ករណី​នេះ​។

លោក​ ស៊ុំ ច័ន្ទគា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​បន្ទាយមានជ័យ​រំពឹង​ថា​ការចរចា​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ស្មើគ្នា​រវាង​ប្រទេស​ទាំង​ ២ ខណៈ​លោក​មើលឃើញ​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បើ​ទោះបី​ជា​មាន​ការបិទ​ព្រំដែន​ប្រទេស​ទាំង​ ២ ​ក៏​នៅតែ​មាន​ការដោះដូរ​ទំនិញ​រវាង​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ភាគី​ថៃ​នៅតែ​មាន​ប្រៀប​ជាង​។

លោក​បន្ថែមថា​៖ «​សុំ​ឲ្យ​គិត​ទាំងអស់​គ្នា​ឡើងវិញ ព្រោះ​ថា​ការ​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​ទាំងអស់​គ្នា​បាន​គឺ​ការដោះដូរ​គ្នា​បាន ព្រោះ​បើ​មិនអាច​ដោះដូរ​បាន​ចុះ​ប្រជាពលរដ្ឋ​បាន​អី​រស់​? ថៃ​នាំ​ទំនិញ​ចូលមក​ខ្មែរ​បាន​ច្រើន និង​សេរី​ជាង ឃើញ​ថា​ការដោះដូរ​នេះ​គឺ​ភាគី​ថៃ​មាន​ភាពទូលំទូលាយ​ជាង បើ​ខ្មែរ​យើង ពេល​នាំចូល​មាន​ការរឹតបន្តឹង​ច្រើន​។ ខ្ញុំ​សូម​ឲ្យ​មាន​ការនាំចេញ​ទំនិញ​រវាង​ភាគី​ទាំង​ ២ ​មាន​សមភាព​។ គេ​មិន​ឲ្យ​យើង​ចូល ប៉ុន្តែ​គេ​នាំ​ចូលមក​យើង​បាន​គិត​យ៉ាងណា​ដែរ​?»​។

ជាមួយ​នឹង​ការមើលឃើញ​បែបនេះ​លោក ច័ន្ទគា រំពឹង​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ព្យាយាម​ធ្វើយ៉ាងណា ក្នុងអំឡុង​ពេលនេះ​ឲ្យ​ភាគី​ថៃ​អាច​ផ្តល់​សិទ្ធិ​ច្រើនជាង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពឹង​អាស្រ័យ​លើ​ការនាំ​ទំនិញ ឬ​កសិផល​ចេញទៅ​ប្រទេស​ថៃ​អាច​រស់​បាន​ដោយ​គ្មាន​ការភ័យខ្លាច​៕