ទំនាក់ទំនង​ជា​ច្រើន​រវាង​ប្រទេស​ថៃ ​និង​កម្ពុជា កាន់​តែ​មាន​ភាព​រឹងមាំ ដោយសារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ពី​សំណាក់​រាជរដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង ២។ ការ​ពង្រឹង​ចំណង​មិត្តភាព​ដ៏​កក់ក្តៅ​បែប​នេះ​បាន​រួម​ចំណែក​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ជា​ចំណង​មិត្តភាព​ដែល​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង ២​។

ឆ្នាំ​នេះ​ ​គឺ​ជា​ខួប​លើក​ទី ​៧០​ ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​​កម្ពុជា-​ថៃ ហើយ​វា​​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​បង្ហាញ​អំពី​ចំណង​មិត្តភាព​ដ៏​កក់ក្តៅ​រវាង​ប្រទេស​ជិត​ខាង​ទាំង ២ នេះ​។​

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ប្រចាំ​កម្ពុជា បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ​ប្រទេស​ទាំង ២ ​មាន​អ្វីៗ​​ជាច្រើន​ដែល​ត្រូវ​ចែករំលែក ខណៈ​ប្រទេស​ទាំង ២​ កំពុង​បន្ត​ភាព​រីក​ចម្រើន​។

ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​តាមរយៈ​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​កន្លង​មក​ហើយ ដោយសារ​ប្រទេស​ទាំង ២ មាន​វប្បធម៌ ​និង​សាសនា​ស្រដៀង​គ្នា ដែល​ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ជិត​ខាង​ទាំង ២ នៅ​តែ​មាន​ភាព​រឹងមាំ ទោះបី​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​កាល​ពី​អតីតកាល​ក្តី​។ មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​ថៃ​ប្រចាំ​កម្ពុជា​រូប​នេះ​បាន​ថ្លែង​ថា​ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង ​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ច្រើន​ឆ្នាំ​ទៅ​មុខ​បន្ត​ទៀត​។

«​បច្ចុប្បន្ន​យើង​កំពុង​រីករាយ​នឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹងមាំ​បំផុត​នេះ ដោយសារ​ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង ២។ ឆន្ទៈ​នយោបាយ​តែង​តែ​មាន​នៅ​ទីនេះ​ជានិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​ឡើង​»​។​

ឯកឧត្តម Panyarak មាន​ប្រសាសន៍ថា​៖ «​សុខុមាលភាព​របស់​ប្រជាជន​បាន​​ក្លាយ​ជា​អាទិភាព​​របស់​រាជរដ្ឋាភិបាល​ទាំង ២ ហើយ​ការ​រក្សា​ការ​សន្ទនា​បើក​ចំហ​នៅ​គ្រប់​កម្រិត គឺ​ជា​កត្តា​គន្លឹះ​ដែល​អាច​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា ​ដើម្បី​ផលប្រយោជន៍​រួម​ ហើយ​ដោយសារ​តែ​យើង​មាន​បន្ទាត់​ព្រំដែន​វែង​ជាមួយ​គ្នា យើង​ដឹងថា​ យើង​ត្រូវ​រស់នៅ​ និង​រីក​ចម្រើន​ជាមួយ​គ្នា​»​។

អ្នកជិះកង់ជនជាតិថៃក្នុងអំឡុងកម្មវិធីជិះកង់មិត្តភាពរវាងកម្ពុជា-ថៃនៅអន្លង់វែង។

ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា​ ទីក្រុង​បាងកក​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​ប្រទេស​ជិត​ខាង​។​

«​ប្រទេស​ថៃ ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ប្រទេស​ជិត​ខាង​របស់​យើង​។ នេះ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​ថៃ ទោះបី​រាជរដ្ឋាភិបាល​ផ្លាស់ប្តូរ ប៉ុន្តែ​គោលនយោបាយ​នេះ​នឹង​មិន​ផ្លាស់ប្តូរ​ទេ​»​។

លទ្ធផល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បាន​បង្ហាញ​តាមរយៈ តួលេខ​នៃទំហំ ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ ក្នុង​ឆមាស​ទី១​ ឆ្នាំ ២០២០ ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់​ ​៤ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួម​បញ្ចូល​​ទាំង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-​ថៃ​ ខណៈ​ភ្ញៀវ​ទេសចរ​ថៃ​ប្រមាណ ៤០០ ០០០ ​នាក់​ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ ​២០១៩​។

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីក្នុងពិធីប្រគំតន្ត្រី Jazz ក្នុងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ។

ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​នេះ​ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ ដោយ​ប្រជាជន​កម្ពុជា​ជិត ៩០០​ ០០០ ​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ថៃ ​កាល​ពី​ឆ្នាំ​មុន ហើយ​មុន​ពេល​ជំងឺ​កូវីដ​រាតត្បាត​ឡើង ​មាន​ជើង​ហោះហើរ​ជាង ​២០ ​ជើង​ក្នុង ​១ ថ្ងៃ ដែល​ភ្ជាប់​ទីក្រុង​បាងកក​មក​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​។ មាន​ពលករ​កម្ពុជា​ប្រមាណ ​១ ​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ក្នុង ​១ ឆ្នាំៗ​ពួក​គេ​បាន​ផ្ញើ​ប្រាក់​យ៉ាង​ច្រើន​មក​ក្រុម​គ្រួសារ​​របស់​ពួក​គេ​។

ការ​ផ្លាស់ប្តូរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ​បាន​នាំ​មក​នូវ​កំណើន ​និង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង ២ ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​​នៃ​ប្រទេស​ទាំង ២។

ប៉ុន្តែ​លើស​ពី​តួលេខ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ នៅ​មាន​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ទំនាក់ទំនង​ដែល​អាច​សំខាន់​ជាង​នេះ​ទៅ​ទៀត ​ពី​ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​ចែក​រំលែក​ប្រកប​ដោយ​ចីរភាព ​និង​អនាគត​រវាង​​កម្ពុជា និង​ថៃ​។​

«​ប្រជាជន​ថៃ​ និង​កម្ពុជា​តែងតែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​គ្នា​។ យោង​តាម​ទីតាំង​ភូមិសាស្ត្រ​យើង​មាន​ខ្សែ​បន្ទាត់​ព្រំដែន​ប្រវែង ​៨០០ ​គីឡូម៉ែត្រ​។​

«​យើង​ក៏​មាន​ទំនាក់ទំនង​រវាង​គ្រួសារ ​និង​គ្រួសារ តាមរយៈ​អាពាហ៍ពិពាហ៍​ឆ្លង​ព្រំដែន​។ មុន​ពេល​រាតត្បាត​ឡើង​នៃ​ជំងឺ​កូវីដ ​១៩ អាជីវករ​អ្នក​ជំនួញ កម្មករ ទេសចរ និង​និស្សិត​តែងតែ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​​មក​រវាង​ប្រទេស​ទាំង ២​»​។

ឯកឧត្តម Panyarak មាន​ប្រសាសន៍​ថា​៖ «​ដោយ​មាន​វប្បធម៌ ​និង​សាសនា​ស្រដៀង​គ្នា​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ និង​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​ ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​»​។

ចំពោះ​គម្រោង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ រាជរដ្ឋាភិបាល​ទាំង ២ បាន​ប្តេជ្ញា​អនុវត្ត​គោលនយោបាយ​ប្រកាន់​យក​ប្រជាជន​ជា​ស្នូល ហើយ​ពួក​គេ​កំពុង​សម្លឹង​ទៅ​ដល់​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ផ្សេង​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​កាន់​តែ​ច្រើន​។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ ​(TICA) ​បាន​ដើរ​តួនាទី​ដ៏​សកម្ម ​និង​សំខាន់​ជា​យូរ​មក​ហើយ ក្នុង​ការ​ផ្សារ​ភ្ជាប់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​ភាគី​ទាំង​ពីរ ដោយ​ផ្តល់​ការ​សហការ​ខាង​វិស័យអភិវឌ្ឍ​ធនធាន​មនុស្ស ​និង​ការ​ផ្លាស់ប្តូរ​ចំណេះដឹង​។

គម្រោង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​ថៃ ដើម្បី​ជួយ​មន្ទីរពេទ្យ​នៅ​ខេត្ត​កោះកុង និង​ឧត្តរ​មាន​ជ័យ ស្ថិត​ក្នុង​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គម្រោង​ជាច្រើន​ទៀត​ប៉ុណ្ណោះ​។

និស្សិត ​និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ក៏​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ និង​​ការ​បណ្តុះបណ្តាល​នៅ​​ប្រទេស​ថៃ ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ គម្រោង​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​របស់​ព្រះអង្គ​ម្ទាស់ក្សត្រី Maha Chakri Sirindhorn បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ប្រសើរ​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​។

គម្រោង​របស់​ព្រះអង្គ​ម្ទាស់ក្សត្រី គឺ​មាន​គោល​បំណង​លើក​កម្ពស់​សុខភាព​សាធារណៈ​នៅ​ខេត្ត​មណ្ឌល​គិរី និង​រតនគិរី ហើយ​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ខេត្ត​កំពង់ធំ​ ​និង​កំពង់ស្ពឺ បាន​ផ្តល់​លទ្ធផល​ជាក់​ស្តែង និង​​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​មួយ​។

ដើម្បី​អបអរ​ខួប​លើក​ទី​៧០ ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​-​ថៃ ស្ថានទូត​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​មុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ ​១៩ បាន​រៀបចំ​កម្មវិធី​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ​នេះ​ដើម្បី​រំឭក​ដល់​ចំណង​មិត្តភាព​ទ្វេភាគី​រយៈពេល​យូរ​អង្វែង​នៃ​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។

ដោយ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី jazz ដែល​ប្រគំ​ដោយ​វង់តន្ត្រី Thailand Philharmonic Orchestra កាល​ពី​ខែ​កុម្ភៈ ដែល​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ក្នុង​ពិធី​នោះ​។

កម្មវិធី​មួយ​ទៀត ​គឺ​ការ​ប្រកួត​រូបថត​មិត្តភាព​ក្រោម​ប្រធានបទ ​«ចំណង​​មិត្តភាព ​៧០ ឆ្នាំ ​ក្នុង​កែវ​ភ្នែក​ខ្ញុំ​» ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ផ្តល់​ឱកាស​​​ដល់​ប្រជាជន​ថៃ​ និង​កម្ពុជា​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បញ្ចេញ​ទស្សនៈ​​របស់​ពួក​គេ អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​ជា​ពិសេស​នៅ​កម្រិត​ប្រជាជន ​និង​ប្រជាជន​។​

អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​ថៃ ឈ្មោះ​ហេង សុធារ័ត្ន អាយុ ២២ ឆ្នាំ​មក​ពី​ស្រុក​កំពង់លាវ ខេត្តព្រៃវែង ដែល​ទទួល​បាន​ជយលាភី​កិត្តិយស​ក្នុង​ការ​ប្រកួតប្រជែង​រូបថត​បាន​លើក​ឡើង​ថា ​ទោះបី​ជា​មាន​បញ្ហា​កាល​ពី​អតីតកាល​ក៏​ដោយ ប៉ុន្តែ​ «​នៅ​ពេល​ដែល​យើង​បើក​ចិត្ត​ចំពោះ​គ្នា នោះ​យើង​នឹង​ស្គាល់​គ្នា និង​ស្វែង​យល់​ពី​គ្នា​កាន់​តែ​ច្បាស់​»​។

ទន្ទឹម​នឹង​នេះ​ដែរ លោក Vithitphol Sriwaraluck អាយុ ៤០ ឆ្នាំ ជា​អ្នក​ដឹក​នាំ​សិល្បៈ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ ដែល​ទទួល​បាន​ជយលាភី​​លេខ ​១ និង​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ​៥ ​ឆ្នាំ​មក​ហើយ​នោះ​បាន​ថ្លែង​ថា​៖ «​ប្រជាជន​កម្ពុជា​មាន​ទឹក​ចិត្ត​ទូលាយ ​និង​កក់ក្តៅ​ចំពោះ​ជនបរទេស​។ មិត្តភក្តិ​របស់​ខ្ញុំ​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​ចាត់​ទុក​ខ្ញុំ​ដូចជា​សមាជិក​គ្រួសារ​ម្នាក់​»​។

ស្រប​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត​នោះ ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​រិះ​រក​មធ្យោបាយ​ផ្សេង​ទៀត ​ដើម្បី​ធានា​ថា ចំណង​មិត្តភាព​ទាំង​នេះ​រឹតតែ​រឹងមាំ​ជាង​មុន​។

ការ​ពង្រឹង​ការ​តភ្ជាប់​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​ចម្បង​។ ការ​តភ្ជាប់​ទំនាក់ទំនង​អាច​មាន​ទាំង​ផ្នែក​រូបវន្ត ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ភ្ជាប់​ប្រទេស​ទាំង​ពីរ និង​ផ្នែក​អរូបវន្ត​ដូចជា​ការ​យល់​អំពី​គ្នា​រវាង​ប្រជាជន​ថៃ​ និង​ប្រជាជន​កម្ពុជា​។

លោក​ឯកអគ្គរាជទូត​បាន​សង្កត់​ធ្ងន់​ថា​៖ «​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ពីរ គឺ​រូបវន្ត និង​អរូបវន្ត រវាង​ប្រទេស​ទាំង​ពីរ​ គឺ​ជា​ឆ្អឹង​ខ្នង​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ធានា​ថា​ប្រទេស​ជិតខាង​ទាំង​ពីរ​នឹង​រីក​ចម្រើន​ជាមួយ​គ្នា​​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​»៕