ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃបានសហការគ្នាបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដល់មន្ត្រីដែលត្រូវទៅបម្រើការនៅមជ្ឈមណ្ឌលជាតិនៅខេត្តព្រះសីហនុដែលគ្រោងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។
តាមទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១១ សីហា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ សីហា ដោយមានការចែករំលែកនូវបទពិសោធផ្នែកច្បាប់ ទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែង។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១១ សីហា ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ខណៈដែលកម្ពុជានឹងរៀបចំដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តដល់អ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុនាខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខចំពេលខួបទី ៧០ ឆ្នាំ នៃចំណងសាមគ្គីភាពមិត្តភាពកម្ពុជា-ថៃ។
លោកថា មន្ត្រីដែលទទួលបានការបណ្តុះបណ្តាល ហើយគ្រោងទៅបម្រើការនៅមជ្ឈមណ្ឌលជាតិក្នុងខេត្តព្រះសីហនុនេះគឺមានចំនួន ២០ រូប ដោយត្រូវអនុវត្តការងារជំហានដំបូងក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលថ្មីដែលអាចផ្ទុកអ្នកញៀនគ្រឿងញៀនជិត ៤០០ នាក់។
ប៉ុន្តែចំនួនមន្ត្រីនឹងកើនឡើងអាស្រ័យលើទំហំការងារនៅមណ្ឌលនេះ។
លោកបញ្ជាក់ថា៖ «មណ្ឌលនេះគឺទទួលអ្នកញៀនដែលអាណាព្យាបាលខ្លះ គេស្រឡាញ់មណ្ឌល គេបញ្ជូនទៅមណ្ឌលទៅ ព្រោះចង់ឲ្យនៅរយៈពេលវែង។ អ្នកខ្លះ គេមិនស្រឡាញ់កន្លែងហ្នឹង គេយកទៅព្យាបាលនៅតាមមណ្ឌលសុខភាព អនុវត្តតាមគ្រូពេទ្យបានក៏គេយកទៅហ្នឹងទៅ ព្រោះអ្នកញៀនថ្នាំញៀនពិបាកគ្រប់គ្រងណាស់។
មជ្ឈមណ្ឌលជាតិ គឺជាកន្លែងដែលផ្តល់ការព្យាបាលបានត្រឹមត្រូវ ហើយមានសមត្ថភាពក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម»។
លោក មាស វិរិទ្ធ បានលើកឡើងដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បន្តជំរុញគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្តឲ្យពង្រឹង និងបង្កើតការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់ ដើម្បីគាំទ្រឲ្យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ងាយស្រួលទទួលសេវាព្យាបាលដោយមិនគិតថ្លៃចំនួន ៤៥០ កន្លែង។ ក្នុងនោះក៏បន្តលើកកម្ពស់ការថែទាំនៅតាមសហគមន៍ដោយរៀបចំទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនឲ្យស៊ីចង្វាក់គ្នារវាងស្ថាប័នអនុវត្តច្បាប់ និងស្ថាប័នផ្តល់សេវាសុខភាពសាធារណៈផងដែរ។
លោកបន្ថែមថា៖ «សម្រាប់ទិន្នន័យដែលយើងមាន អ្នកញៀនដែលទទួលបានការព្យាបាល ឬស្តារនីតិសម្បទាគឺមិនទាន់ច្បាស់លាស់ទេ ព្រោះវាអាចត្រួតគ្នា ឬដោយឡែកពីគ្នា។ យើងរៀបចំមជ្ឈមណ្ឌលនេះគឺយើងរៀបចំទាំងការគ្រប់គ្រងទិន្នន័យដើម្បីឲ្យមានការកត់ត្រាបានឲ្យត្រឹមត្រូវ កុំឲ្យមានការត្រួតគ្នា ហើយនៅពេលគាត់ចេញពីមណ្ឌលទៅ ហើយត្រឡប់មកវិញគឺជាករណីលាប់ឡើងវិញទេ»។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ១១ សីហា ថា នេះជារឿងល្អ ដែលមន្ត្រីបម្រើការនៅតាមមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបានទទួលវគ្គបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីច្បាប់ និងការអនុវត្ត។ លោកបន្តថា មន្ត្រីដែលបម្រើការនៅតាមមណ្ឌលទាំងនេះ គឺទាមទារការអប់រំចិត្តខ្ពស់ ព្រោះអ្នកញៀនគ្រឿងញៀនពិបាកក្នុងការគ្រប់គ្រង។
លោកបន្តថា៖ «ក្នុងលក្ខណៈបច្ចេកទេសនេះគឺអ្នកប្រើប្រាស់គ្រឿងញៀននេះ គឺមិនងាយក្នុងការព្យាបាលជាផ្តាច់ទេ ហើយច្រើនតែលាប់មកវិញព្រោះតែអាណាព្យាបាលភាគច្រើនមិនសហការជាមួយមណ្ឌល។ យកមកដាក់ហើយ មិនគោរពតាមនោះទេ ដូចជាគាត់ត្រូវសម្រាកព្យាបាល ហូបថ្នាំ ៦ ខែ ទៅ ១ ឆ្នាំ ឯណោះទើបបានជា តែយកកូនរបស់ពួកគាត់មកដាក់នៅមណ្ឌល មិនបាន ៣ ខែស្រួលបួលផង ក៏យកទៅវិញ»។
បើតាមលោកស្រី ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជាតែងប្រកាន់ខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្ននានា។ លោកស្រី បន្តថាក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២០ កម្ពុជាគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន ១២ ៩៤២ នាក់។
លោកស្រីបញ្ជាក់ថា៖ «អ្នកដែលបានជាសះស្បើយពីគ្រឿងញៀន និងធ្វើសមាហរណកម្មចេញពីមណ្ឌលមានចំនួន ៤ ៨៣៩ នាក់។ អ្នកញៀនគ្រឿងញៀនដែលបន្តធ្វើការបន្សាបព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ន មានចំនួន ៤ ០៦៣ នាក់។ អ្នកញៀនគ្រឿងញៀនដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្នុងរាជធានី-ខេត្តមានចំនួន ៣ ៣៨២ នាក់»៕