ភ្នំពេញៈ សន្ទស្សន៍សកលមួយស្តីពីអំពើពុករលួយបានដាក់ចំណាត់ថ្នាក់កម្ពុជាទី ១៦១ ក្នុងចំណោមប្រទេស ១៨០ ខណៈរបាយការណ៍នេះបានចង្អុលបង្ហាញជាក់លាក់អំពីសេរីភាពសារព័ត៌មានទន់ខ្សោយ និងការការពាររដ្ឋាភិបាលទន់ខ្សោយ ហើយក្រុមអ្នកអត្ថាធិប្បាយបានលើកឡើងជាដដែលៗថាជាក្តីបារម្ភនៅក្នុងប្រទេសកម្ពុជា។
សន្ទស្សន៍ Corruption Perception Index ត្រូវបានចេញដោយអង្គការតម្លាភាពអន្តរជាតិកាលព្រឹកម្សិលមិញ និងដាក់ចំណាត់ថ្នាក់ប្រទេសនានាផ្អែកទៅលើកម្រៃនៃអំពើពុករលួយក្នុងវិស័យសាធារណៈ ហើយប្រទេសកម្ពុជាបានធ្លាក់ចុះចំនួន ៥ ចំណាត់ថ្នាក់ ២ ឆ្នាំមកដល់ចំណាត់ថ្នាក់ជិតដល់បាតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់នៅបាតក្រោមប្រទេសសមាជិកអាស៊ានទាំងអស់អស់រយៈពេល ៣ ឆ្នាំជាប់គ្នា។
ប្រទេសសិង្ហបុរីជាប្រទេសដែលត្រូវបានដាក់ចំណាត់ថ្នាក់កំពូលលើប្រទេសសមាជិកអាស៊ានទាំងអស់ស្តីពីអំពើពុករលួយតិចជាងគេ និងនៅចំណាត់ថ្នាក់ទី ៦ ទូទាំងពិភពលោក។
នៅពីលើប្រទេសកម្ពុជា គឺប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅចំណាត់ថ្នាក់ទី ១៣០ និងប្រទេសឡាវស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៣៥ នៅក្នុងប្លុកតំបន់អាស៊ាន។
ការវិភាគរបាយការណ៍នេះដោយអ្នកនិពន្ធបានបង្ហាញថាការបរាជ័យរបស់ប្រទេសទាំងនោះក្នុងការការពារអ្នកកាសែត និងការរារាំងអង្គការក្រៅរដ្ឋាភិបាលមានន័យថាពួកគេងាយនឹងប្រព្រឹត្តអំពើពុករលួយ។
របាយការណ៍នេះសរសេរថា៖ «ការវិភាគបន្ថែមទៀតទៅលើលទ្ធផលបង្ហាញថា ប្រទេសដែលមានការការពារសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលតិចតួចបំផុតក៏មាននិន្នាការមានអត្រាពុករលួយអាក្រក់បំផុតផងដែរ»។
ប្រទេសកម្ពុជាបានចាប់ផ្តើមបង្ក្រាបក្នុងរយៈពេល ៦ ខែចុងក្រោយនេះដែលមិនត្រឹមតែមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនោះទេ ប៉ុន្តែថែមទាំងមានការដាក់សម្ពាធខ្លាំងទៅលើអង្គការក្រៅរដ្ឋាភិបាល និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនទៀតផង។
កាលពីឆ្នាំមុនអ្នកកាសែតវិទ្យុអាស៊ីសេរី ២ នាក់ និងអ្នកផលិតខ្សែភាពយន្តឯករាជ្យម្នាក់ត្រូវបានចាប់ខ្លួនពីបទ «ចារកម្ម» ខណៈកាសែតឌឹខេមបូឌាដេលី ដែលជាកាសែតឯករាជ្យត្រូវបានបង្ខំចិត្តបិទទ្វារ បន្ទាប់ពីមានបញ្ហាបំណុលពន្ធចំនួន ៦,៣ លានដុល្លារ ហើយស្ថានីយវិទ្យុឯករាជ្យជាច្រើនទៀតត្រូវបានបិទមិនឲ្យផ្សាយរលកធាតុអាកាសរបស់ខ្លួន។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិកាលពីម្សិលមិញបានហៅការវាយប្រហារទៅលើគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាបាលថាជា «ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងលក្ខណៈខុស» ដើម្បីរារាំងសកម្មភាពផ្សេងៗពីមុនការបោះឆ្នោតជាតិខែកក្កដា និងបានចង្អុលទៅការបំបិទសំឡេងនៃហ្វ្រេកង់វិទ្យុ និងការបិទស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ។
លោក ព្រាប កុល នាយកនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា វាមិនជាការល្អទេដែលកម្ពុជានៅពីក្រោយគេក្នុងតំបន់អាស៊ានអស់រយៈពេល ៣ ឆ្នាំជាប់គ្នា ហើយពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងសេវាសាធារណៈគឺមានភាពរីកចម្រើនតិចតួច។
លោកថ្លែងថាខណៈរដ្ឋាភិបាលហាក់បីដូចជាបង្ហាញចំណាប់អារម្មណ៍ក្នុងការដោះស្រាយអំពីអំពើពុករលួយ បន្ទាប់ពីលទ្ធផលការបោះឆ្នោតឆ្នាំ ២០១៣ គួរឲ្យភ្ញាក់ផ្អើល សកម្មភាពកម្ចាត់អំពើពុករលួយនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោកបានថ្លែងតាមអ៊ីមែលថា៖ «ប៉ុន្តែភាពល្អប្រសើរទាំងនេះគឺក្រោមការរំពឹងទុកខ្លាំងរបស់សាធារណជន ជាពិសេសនៅពេលអំពើពុករលួយធំៗមិនត្រូវបានដោះស្រាយដោយមានប្រសិទ្ធភាពនៅឡើយ»។
លោកក៏បានយល់ស្របផងដែរថា ការវាយប្រហារជាប់ៗគ្នាទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាល ខណៈដូចឃើញក្នុងអំឡុងការបង្ក្រាបឆ្នាំមុន គឺមានការគ្រោះថ្នាក់ចំពោះការបង្ហាញអំពីអំពើពុករលួយ។
របាយការណ៍នេះលើកឡើងនូវទិន្នន័យពីគណៈកម្មាធិការការពារអ្នកកាសែតដែលបង្ហាញថា ពីឆ្នាំ ២០១២ ក្នុងចំណោមអ្នកកាសែត ៣៦៨ នាក់ដែលបានស្លាប់ដោយសារស្វែងរកព័ត៌មានអំពីអំពើពុករលួយ ៩៦ ភាគរយគឺមកពីប្រទេសដែលមានវិស័យសាធារណៈពុករលួយ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់នេះ។
លោកបានថ្លែងថា៖ «ខ្ញុំមិនខ្វល់ទេអំពីចំណាត់ថ្នាក់លេខ ១ លេខ ២ លេខ ៣។ អ្វីដែលសំខាន់គឺថាសង្គមកម្ពុជាកំពុងអភិវឌ្ឍឆ្ពោះទៅរកវិបុលភាព ហើយជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះឆ្លុះបញ្ចាំងថា គ្មានអំពើពុករលួយ មិនដូចអ្វីដែលពួកគេនិយាយ»៕ PS