ភ្នំពេញ៖ ក្រសួង​យុត្តិធម៌​កម្ពុជា និង​ក្រសួង​យុត្តិធម៌​កាណាដា បាន​និង​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌ ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង ២ មិន​ទាន់​មាន​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ​ថា កន្លង​មក​នេះ​ក្រសួង​យុត្តិធម៌​របស់​កម្ពុជា មិន​ដែល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កាណាដា លើ​វិស័យ​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២១ នេះ រដ្ឋាភិបាល​កាណាដា​តាមរយៈ​ក្រសួង​ការបរទេស​របស់​ខ្លួន បាន​ជូន​ដំណឹង​មក​កម្ពុជា​ក្នុង​គោល​បំណង​រឹត​បន្តឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឲ្យ​កាន់​តែ​រឹងមាំ និង​ច្រើន​ជាង​មុន។

លោក ជិន ម៉ាលីន បញ្ជាក់​ថា ក្នុង​កិច្ច​ទំនាក់ទំនង​នេះ មាន​វិស័យ​ច្រើន​ដើម្បី​ជួយ​ដល់​កម្ពុជា។ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​វិស័យ​ច្បាប់ និង​យុត្តិធម៌​ផង​ដែរ។ ក្រសួង​យុត្តិធម៌​បាន​ទាក់ទង​ជាមួយ​ស្ថានទូត​កាណាដា​នៅ​កម្ពុជា បាន​ជជែក​គ្នា​ជា​ច្រើន​ពី​លទ្ធភាព​ក្នុង​កិច្ច​សហប្រតិបត្តិការ ហើយ​ក៏​បាន​ព្រមព្រៀង​ជាមួយ​គ្នា​លើ​វិស័យ​មួយ​ចំនួន​ដែល​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន។

លោក​ ម៉ាលីន ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​របស់​ក្រសួង ដើម្បី​ពិភាក្សា​បន្ថែម​ជាមួយ​ក្រុម​ការងារ​ស្ថានទូត​កាណាដា និង​ក្រុម​ការងារ​ក្រសួង​យុត្តិធម៌​កាណាដា កាល​ពី​យប់​មិញ​នេះ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន​នៅ​ពេល​ខាង​មុខ​ហ្នឹង»។

បើ​តាម​លោក ជិន ម៉ាលីន ក្រុម​ការងារ​ក្រសួង​យុត្តិធម៌​កម្ពុជា តំណាង​ស្ថានទូត​កាណាដា​ប្រចាំ​កម្ពុជា និង​តំណាង​ក្រសួង​យុត្តិធម៌​ប្រទេស​កាណាដា បាន​បើក​កិច្ច​ពិភាក្សា​កាល​ពី​យប់​ម្សិលមិញ តាម​រយៈប្រព័ន្ធ Video Conference ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ រួមមាន​ការ​រៀបចំ​ក្របខ័ណ្ឌ​គោល​នយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​នៅ​តាម​សាលា​ជម្រះ​ក្តី ការ​ពង្រឹង​ស្ថាប័ន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌ និង​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​តុលាការ។

លោក ជិន ម៉ាលីន បន្ត​ថា ក្រុម​ការងារ នឹង​ធ្វើ​ការងារ​ជាមួយ​គ្នា​ជា​បន្ត​ទៀត ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​នូវ​ឯកសារ​ទៅ​វិញ​ទៅ​មក ដើម្បី​ឈាន​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕