ភ្នំពេញៈ កម្ពុជា និង​សាធារណ​រដ្ឋ​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដើម្បី​លើកកម្ពស់​បញ្ហា​សុវត្ថិភាព​ដល់​​កម្មករ​និយោជិត​កម្ពុជា​នៅតាម​រោងចក្រ សហគ្រាស ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ហើយ​ការសិក្សា​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ២៧ ​ម៉ឺនដុល្លារ ដោយ​រំពឹងថា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។

ការប្រកាស​ពី​គម្រោង​នៃ​ការសិក្សា​​បង្កើត​ច្បាប់​មួយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នា​ទីស្តីការ​ក្រសួង​ការងារ​ក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Heaeun CHOI អគ្គនាយិការង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​របស់​ខ្លួន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​នោះ លោក អ៊ិត សំហេង បាន​ជំរុញ​ភាគី​កូរ៉េ​ឲ្យ​ជួយ​ពន្លឿន​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​នេះ​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​ ២០២៣ ​ខាងមុខ​នេះ​ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត​នៅ​កន្លែង​ធ្វើការ​។ លោក​បន្ត​ថា ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​បាន​ប្រើប្រាស់​នៅ​តំបន់​អាស៊ាន​រួចមកហើយ លើកលែង​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​ច្បាប់​នេះ​។

លោក​បញ្ជាក់​ថា​៖ «​សព្វថ្ងៃនេះ យើង​មាន​ច្បាប់​មាន​ប្រកាស យើង​មាន​សារាចរ​ដែល​និយាយ​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​គឺ​វា​មាន​ភាពទូលំទូលាយ​។

ប៉ុន្តែ​បើ​យើង​យក​រឿង​សុវត្ថិភាព​ទាំងអស់​ដាក់បញ្ចូល​ទៅក្នុង​ច្បាប់​តែមួយ អ៊ីចឹង​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ដែល​សំខាន់​គឺ​ការពារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​ហ្នឹង​នៅ​កន្លែង​ការងារ​»​។

តាម​លោក អ៊ិត សំហេង គម្រោង​លើ​ការរៀបចំ​ច្បាប់​នេះ​គឺ​មាន​រយៈពេល​​ ៣ ​ឆ្នាំ​ (២០២១-២០២៣) ​ដែល​ត្រូវ​ប្រើ​ថវិកា​សរុប​ចំនួន ២៧៧ ៨៦៣ ដុល្លារ​អាមេរិក​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​នៃ​ប្រទេស​កូរ៉េ​ (Korea Occupational Safety & Health Agency KOSHA)​។

លោកស្រី Heaeun CHOI អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​លើក​ឡើង​នៅក្នុង​ជំនួប​នោះ​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​និង​កំពុង​តែ​រៀបចំ​ច្បាប់ គតិយុត្ត និង​ចុះ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ធានាថា​ក្រោយពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ដ​គឺ​ទទួល​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ និង​ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករនិយោជិត​កាន់តែ​ប្រសើរ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ភាគី​កូរ៉េ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​​កម្ពុជា និង​ក្រសួង​ការងារ​ដែល​បាន​​ផ្តល់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ហើយ​ភាគី​កូរ៉េ​នឹង​បន្ត​គាំទ្រ​ដល់​ការលើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត នៅ​តាម​រោងចក្រ សហគ្រាស​ឲ្យ​រឹតតែ​ទទួល​បាន​ភាពល្អ​ប្រសើរ​បន្ថែមទៀត​»​។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​បទសម្ភាស ក្រោយ​បញ្ចប់​ជំនួប​នោះ​ថា កម្ពុជា​បាន​ស្នើ​សាធារណរដ្ឋ​កូរ៉េ​ឲ្យ​ជួយ​លើ​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព​ និង​សុខភាព​ការងារ​រយៈពេល​ ២ ​ឆ្នាំ​មកហើយ​។

លោក​បន្តថា គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សុខភាព សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​សន្យាថា នឹង​បន្ត​ជួយ​កម្ពុជា​ក្នុង​ការលើកកម្ពស់​បញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ ហើយ​ក៏​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ដល់​គម្រោង​រៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​​ប្រទេស​ កម្ពុជា​ ផងដែរ​។

លោក ឡេង តុង បាន​បញ្ជាក់​ថា​៖ «(​ភាគី​កូរ៉េ​) ​ចុះមក​នេះ គឺ​មក​ស្វែងយល់​លម្អិត​ថា​តើ​ប្រទេស​កម្ពុជា ត្រូវការ​អ្វី ព្រោះ​មិនអាច​លើក​ច្បាប់​កូរ៉េ​ទាំង​ស្រុង​ហើយ​មក​ត្រូវ​នឹង​បរិបទ​នៅក្នុង​ស្រុក​ខ្មែរ​ទេ​។ ​ធ្វើ​ម៉េច​ឲ្យ​រៀបចំ​ច្បាប់​នេះ​ឲ្យ​ត្រូវ​តាម​បរិបទ​ប្រទេស​កម្ពុជា​។

គាត់​មក​សិក្សា​ស្វែងយល់​គាត់​មកជួប​ទាំង​តំណាង​និយោជក តំណាង​រដ្ឋាភិបាល និង​តំណាង​សហជីព និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​»​។

បើតាម​ក្រសួង​ការងារ ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​បានកំណត់​នៅក្នុង​កម្មវិធី​ទី​ ១ ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​ ២ ឆ្នាំ​​ ២០១៩-២០២៣ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ថែម​ពីនេះ គម្រោង​តាក់តែង​ច្បាប់​នេះ​ក៏​នឹង​រួមចំណែក​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការយក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព និង​សុវត្ថិភាព​ការងារ​នៅ​ប្រទេស​កម្ពុជា​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ចាត់ទុក​ថា គម្រោង​នេះ​គឺជា​រឿង​ល្អ​ដែល​កម្ពុជា​​បាន​សហការ​ជាមួយ​កូរ៉េ​ក្នុង​ការចូលរួម​គាំទ្រ​ដល់​សុវត្ថិភាព​ការងារ​ និង​សុខភាព​របស់​កម្មករ​ខ្មែរ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់ឃើញ​បំផុត​នោះ​គឺ​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «​អ្វី​ដែល​ខ្ញុំ​មើលឃើញ​គឺ​ច្បាប់​ស្តីពី​ការងារ​យើង​លិខិត​​បទដ្ឋាន​គត្តិយុត្ត​ផ្សេងៗ​របស់​យើង​គឺ​មាន​ច្រើនណាស់​ (​ការពារ​) ​មិន​ជា​អន់​ទេ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ខ្វះ​នូវ​យន្តការអនុវត្ត ហើយ​សំខាន់​ជាង​នេះ​ទៀត​គឺ​ខ្វះ​ការប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត ជាពិសេស​ការដាក់​សម្ពាធ​ទៅ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​បាន​ចែង​»៕