ភ្នំពេញៈ ក្រោយពី​ជួបប្រជុំ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក ​លឺ ខឺ​ឈាង កាល​ពី​ថ្ងៃ​ទី ២២ មករា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ចិន លើ​ឯកសារ​កិច្ច​ព្រម​ព្រៀង និង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​សំខាន់ៗ​ចំនួន ៨ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មុន​ពេល​លោក​ដឹកនាំ​គណៈ​ប្រតិភូ វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស ពី​ម្សិលមិញ។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក​ហ៊ុន សែន មុន​ធ្វើ​មាតុ​ភូមិ​និវត្តន៍។

ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​ចំនួន ៨ នោះ រួម​មាន​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី ២ ចុះ​ហត្ថលេខា រវាង​លោក ​វង្សី វិស្សុត រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក​ វ៉ាង ស៊ាវ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍​អន្តរជាតិ។ លិខិត​ប្តូរសារ​ស្តីពី​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ ជំហាន​ទី ២ ចុះ​ហត្ថលេខា រវាង​លោក​វង្សី វិស្សុត ជាមួយ​លោក​វ៉ាង ស៊ាវ​ថាវ។ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការងារ​វិស្វកម្ម សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ចុះ​ហត្ថលេខា រវាង​លោក​ វង្សី វិស្សុត និង​លោក​ វ៉ាង ស៊ាវ​ថាវ។

លិខិតបញ្ជាក់​ការប្រគល់ទទួល​ស្តីពី​គម្រោង​អគារ​អង្គរក្ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ចុះ​ហត្ថលេខា រវាង​លោក​ វង្សី វិស្សុត ជាមួយ​លោក ​ជុង សាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ លិខិត​បញ្ជាក់​ការ​ប្រគល់​ទទួល​ស្តី​ពី​គម្រោង​លើ​កម្រិត​ផ្លូវ​ជាតិ​លេខ ៧ ដែល​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់ ចុះ​ហត្ថលេខា រវាង​លោក​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន ជាមួយ​លោក​ ជុង សាន។ លិខិត​បញ្ជាក់​ការ​ប្រគល់​ទទួល​ស្តីពី​គម្រោង​ជួស​ជុល​ប្រាសាទ​តាកែវ ចុះ​ហត្ថលេខា​រវាង​លោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជាមួយ​លោក​ ជុង សាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​រក្សា​ទឹក​ក្នុង​ខេត្ត​ព្រះវិហារ ចុះ​ហត្ថលេខា រវាង​លោក ​វង្សី វិស្សុត ជាមួយ​លោក​ ហ៊ូ ស៊ាវ​លាន ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន និង​ចុង​ក្រោយ​ទី ៨ កិច្ច​ព្រម​ព្រៀង ស្តីពី​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​វិនិយោគ ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ដែល​ចុះ​ហត្ថលេខា រវាង​លោក​ សុក ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក​ យី ហួយ​ម៉ាន ប្រធាន​ធនាគារ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន។

ជាមួយនឹង​ជំនួយឥតសំណង​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស ​ចិន លោក​ ហ៊ុន សែន បាន​បញ្ជាក់​តាម​ហ្វេសប៊ុក​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​ជួយ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ លោក​ ហ៊ុន សែន បន្តថា កម្ពុជា​ក៏​ត្រៀម​ខ្លួន​ហើយ​ដែរ ដើម្បី​ជំរុញ​គម្រោង​ផ្លូវ ១ ខ្សែក្រវាត់ ១ ជាមួយ​ប្រទេស​ចិន​ឱ្យបាន​ជោគ​ជ័យ និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ឱ្យ​ឡើង​ដល់ ១០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣។

លោក ​គិ​ន ភា អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា លើក​ឡើង​ថា ថ្វិ​ដ្បិត​មាន​ការ​និយាយ​អំពី​ជំនួយ​ចិន​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ប៉ុន្តែ​សម្រាប់​លោក​យល់​ឃើញ​ផ្ទុយ​ពីនេះ។ លោក​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​វិជ្ជមាន និង​ផល​ប្រយោជន៍​ច្រើន នៅ​ពេល​មាន​លក្ខខណ្ឌ​ច្បាស់​លាស់​ក្នុង​ការ​ទទួល​យក​ជំនួយ​ពី​ចិន និង​ត្រូវ​យក​មក​ប្រើ​ប្រាស់​ឱ្យមាន​ប្រសិទ្ធភាព។

លោក​ថា៖ «ហើយ​វា​ក៏​ជា​តុល្យភាព​នៅក្នុង​ភូមិសាស្ដ្រ​នយោបាយ​មួយ​ដែរ ពីព្រោះ​ប្រទេស​ចិន​គឺជា​មហា​អំណាច​សេដ្ឋកិច្ច​ទី ២ និង​ជា​មហា​អំណាច​ទាំង ៥ នៃ​សមាជិក​ក្រុម​ប្រឹក្សា​សន្ដិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ ដូច្នោះ​ការ​ដែល​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មហា​អំណាច​ណា​ក៏ដោយ វា​គឺមាន​តុល្យភាព​ខាង​ភូមិសាស្ដ្រ​នយោបាយ​សម្រាប់​ប្រទេស​តូចតាច​ដូច​កម្ពុជា»។

លោក​បន្ថែមថា កម្ពុជា​ត្រូវ​ចេះ​ប្រើ​គោលនយោបាយ​ការបរទេស​មួយ​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​របស់​ខ្លួន ហើយ​មិន​ត្រូវ​ដើរ​តាម​ខ្សែ​ញាក់​ពី​បរទេស​ណាមួយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ញ៉ម​នឹង​សម្ពាធ​អន្តរជាតិ​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​អធិប​តេយ្យ​ភាព​របស់​ខ្លួន។

ទោះជា​យ៉ាងណា លោក​ថា៖ «យើង​មាន​ផលវិបាក​ទី ១ បាត់បង់​ទំនាក់​ទំនង​ការ​បរទេស​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន ទី ២ យើង​បាត់​ឯករាជ​ភាព​ក្នុង​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​ការបរទេស អ៊ីចឹង​យើង​មិន​អាច​ដើរ​តាម​ខ្សែ​ញាក់​ពី​បរទេស​ណាមួយ​ទេ មិន​ថា​ចិន សហរដ្ឋ​អាមេរិក ឬក៏​បរទេស​ណាមួយ​ទេ»។

អ្នកវិភាគ​នយោបាយ និង​ស្រាវជ្រាវ​បញ្ហា​សង្គម លោក មាស នី លើកឡើង​ថា ការ​រុញឱ្យ​ទំនាក់​ទំនង​ជាមួយ​ចិន ខិត​កាន់​តែ​ជិត​បែប​នេះ រឹតតែ​ធ្វើ​ឱ្យ​មាន​ក្ដីបារម្ភ​អំពី​ការ​ចោទ​ប្រកាន់​របស់​បស្ចិម​ប្រទេស​ពិសេស​សហរដ្ឋ​អាមេរិក ដែល​សង្ស័យ​ថា មាន​វត្តមាន​កងទ័ព​ចិន​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​លោក​ថា ថ្វី​ដ្បិត​ចំណេញ​លុយ​ជំនួយ​ច្រើន​ពី​ចិន​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ចំណេញ​អ្វី​ច្រើន​ឡើយ ដោយសារ​ត្រូវ​ប្រឈម​ការ​សម្លឹង​មើល​កាន់​តែ​ស៊ី​ជម្រៅ​ពី​ខាង​សហគមន៍​អន្តរជាតិ ទាក់ទង​អំពី​អព្យា​ក្រឹត​ភាព​របស់​កម្ពុជា។

លោក​ថា៖ «អ៊ីចឹង​ស្ថានភាព​បែប​ហ្នឹង ខ្ញុំ​គិតថា មិនដឹងថា​រដ្ឋាភិបាល​គាត់​យក​ទំនាក់​ទំនង​អភិវឌ្ឍន៍​ជាមួយ​ចិន​ហ្នឹង​អាច​យក​មក​ប៉ះប៉ូវ​ជាមួយ​ប្រជា​ប្រិយ​ភាព​ខ្លួន​ប៉ុនណា​នោះ អា​នេះ​ជា​ចំណោទ​សំណួរ​សំខាន់​មួយ​ទៅ​ពេល​ខាង​មុខ។ បើសិន​យក​ប៉ះប៉ូវ​គឺ​ពិបាក​ដោយសារ​ខ្មែរ​បាន​មើល​ទៅ​ក្នុង​ទំនាក់​ទំនង​ កម្ពុជា-ចិន​ជា ២ ច្រក ទី ១ ការ​នាំ​មក​វិញ​នូវ​លទ្ធិ​កុម្មុយ​នីស្ដ​ចូល​មក​កម្ពុជា​នេះ​គឺជា​រឿង​សំខាន់​មួយ​ដែល​ពលរដ្ឋ​ព្រួយ​បារម្ភ ហើយ​ទី ២ ទៀត​ពលរដ្ឋ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ ហាក់​កំពុង​តែ​សម្លឹង​មើល​វត្តមាន​របស់​ពលរដ្ឋ​ចិន​នៅ​ក្នុង​ប្រទេស​យើង​ក្នុង​ផ្លូវ​អវិជ្ជមាន។ អា​នេះ​ដែល​ត្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​យល់​ហើយ​ពិចារណា»។

សម្រាប់​លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មើល​ឃើញ​ថា ស្រប​ពេល​ចិន​កំពុង​ក្លាយ​ជា​ប្រទេស​ផ្ដល់​ប្រាក់​កម្ចី និង​ជំនួយ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដូច្នោះ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​ចិន​នេះ ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​កម្ពុជា ក្នុងការ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​ទាំង​លើ​វិស័យ​រដ្ឋ​និង​ឯកជន ព្រោះ​លោក​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​ខ្វះខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន និង​ត្រូវការ​អភិវឌ្ឍ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​ថា ចិន​ក៏​ទទួល​បាន​វិញ​ដែរ​នូវ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ដូចជា​ធនធាន​រ៉ែ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម។

លោក​ថា៖ «វិស័យសេដ្ឋកិច្ច​កម្ពុជា​យើង​កំពុង​រីកចម្រើន​ទៅមុខ​កំណើន ៧% ដោយ​សារ​យើង​ចាប់​ផ្ដើម​ពី​ចំណុច​ទាប​អ៊ី​ចឹងៗ​ត្រូវ​មាន​រឿង​ច្រើន​ដែល​ត្រូវ​ធ្វើ​បន្ត។ រឿង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី ១ ហើយ នៅ​ខ្វះ​ច្រើន​ណាស់ ប្រទេស​យើង​តូច​តែ​មួយ​អត់​មាន​ការ​ភ្ជាប់​គ្នា ខ្វះ​ស្ពាន ខ្វះ​ផ្លូវ ខ្វះ​ប្រព័ន្ធ​ទឹក ខ្វះ​ប្រឡាយ ខ្វះ​អគ្គិសនី ខ្វះ​ទឹក​ស្អាត នៅ​ខ្វះ​ច្រើន​ណាស់»។

លោក​ សុផល បន្ថែមថា កត្តា​ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ច​រឹងមាំ​បាន គឺ​កម្ពុជា​ត្រូវ​តែ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត​ភ្ជាប់​គ្នា​ឱ្យបាន​គ្រប់​ទីកន្លែង និង​មាន​ភាព​រឹងមាំ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល​ផ្សេងៗ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ទៅ​ប្រទេស​ចិន​ចំនួន ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២០-២៣ មករា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា​ជិត ៦០០ លាន​ដុល្លារ និង​ដំឡើង​កូតា​នាំចូល​អង្ករ​កម្ពុជា​ឲ្យ​ដល់ ៤០ ម៉ឺន​តោន៕