ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទកាលពីម្សិលមិញបានអនុញ្ញាតឱ្យប្រតិភូកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនប្រចាំភាគខាងត្បូងដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ចាង យ័ន សុង ចូលជួបពិភាក្សាពីការរៀបចំធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ ២០២០ ខាងមុខ។
ក្នុងជំនួបនោះលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាសឆ្នាំ ២០២០ កម្ពុជា-ចិនផងនោះ បានប្រាប់ទៅភាគីក្រុមការងាររៀបចំសមយុទ្ធនាគមាសឆ្នាំ ២០២០ របស់ភាគីកងទ័ពចិនថា៖ «ជាការល្អគួរជ្រើសរើសយកទីលានបាញ់គ្រាប់ពិតតេជោសែនក្នុងស្រុកជុំគិរីខេត្តកំពតរបស់កងពលតូចលេខ ៧០ ដូចដែលយើងបានរួមគ្នាធ្វើពីឆ្នាំមុនៗព្រោះទីតាំងនោះមានទីលានស្រាប់ និងកន្លែងស្នាក់នៅស្រាប់»។
លោកនាយឧត្តមសេនីយ៍បានបន្តថា៖ «ដោយឡែកទីលានថ្មីរបស់កងពលតូចទ័ពពិសេសឆត្រយោងលេខ ៩១១ ដែលក្រុមការងារជំនាញទាំង ២ បានចុះទៅពិនិត្យមើលនោះ យើងនឹងរួមគ្នាបន្តសិក្សាស្រាវជ្រាវ និងកសាងទីតាំងថ្មីនោះសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត ព្រោះទីតាំងថ្មីនេះក៏ពុំទាន់បានកសាងអ្វីនៅឡើយទេ»។
នាឱកាសនោះដែរលោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងការអនុញ្ញាតឱ្យក្រុមការងាររបស់លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីរបៀបរៀបចំនៃសមយុទ្ធនាគមាសសម្រាប់ឆ្នាំ ២០២០ ខាងមុខនេះដើម្បីឱ្យមានភាពរលូន និងទទួលបានជោគជ័យដូចបណ្ដាឆ្នាំកន្លងទៅ។
លោក ចាង បានបន្តថាក្នុងពេលស្នាក់នៅ និងធ្វើទស្សនកិច្ចសិក្សានេះ ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីកម្ពុជា ក្រុមការងារត្រូវចុះទៅសិក្សាឱ្យកាន់តែច្បាស់លាស់ថែមទៀតនៅទីតាំងធ្លាប់ធ្វើសមយុទ្ធនាគមាសនៅឆ្នាំ ២០១៩ នេះដែលកងទ័ពនៃប្រទេសទាំង ២ ធ្លាប់បានធ្វើម្ដងរួចមកហើយ។
លោកបញ្ជាក់ថា៖ «យើងនឹងបន្តប្រជុំរួមពិភាក្សាគ្នានាថ្ងៃនេះបន្ថែមទៀតរវាងក្រុមការងារទាំង ២ ភាគីដើម្បីកំណត់ទីតាំងឲ្យជាក់លាក់ដែលត្រូវធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពចិនជាមួយនឹងកម្ពុជាសម្រាប់ឆ្នាំ ២០២០ ខាងមុខ»។
លោកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងដែរថា កន្លងមកកងទ័ពកម្ពុជា និងចិនធ្លាប់បានហ្វឹកហ្វឺនរួមគ្នារហូតឈានដល់ការធ្វើសមយុទ្ធរួមមួយដើម្បីលើកកម្ពស់សមត្ថភាពជំនាញប្រយុទ្ធបម្រើឱ្យប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌ដែលគិតមកទល់ឆ្នាំ ២០២០ ខាងមុខនេះមានចំនួន ៤ លើកដោយធ្លាប់សម្រេចបានជោគជ័យ និងបទពិសោធល្អៗពីគ្នាទៅវិញទៅមក។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងថា សមយុទ្ធនាគមាសសម្រាប់ឆ្នាំ ២០២០ អាចធ្វើនៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីក្នុងខែមីនាដោយមានកងទ័ពចិនចូលរួមជាង ២០០ នាក់ និងកងទ័ពកម្ពុជាជាង ២ ០០០ នាក់។
លោកបានបន្តថាវិញ្ញាសាអាចផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម ។
លោកថា៖ «យើងអាចធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ ២០២០ នៅចន្លោះខែមីនា ហើយកម្លាំងចូលរួមក៏មិនមានអ្វីប្រែប្រួលខ្លាំងដែរ គឺខាងកម្ពុជាមានជាង ២ ០០០ ហើយខាងចិនមានជាង ២០០ នាក់ ហើយសម្ភារហ្វឹកហ្វឺនហ្នឹងមានរថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ និងឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីអាកាស»។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន បានស្វាគមន៍សមយុទ្ធនាគមាសឆ្នាំ ២០២០ ខាងមុខដោយលោកថានឹងជួយពង្រឹងទំនាក់ទំនងប្រទេសទាំង ២។
ម្យ៉ាងកម្ពុជានឹងទទួលបានប្រយោជន៍ច្រើនដោយសារអាមេរិកនឹងចាប់ផ្តើមយកចិត្តទុកដាក់ ព្រោះខ្លួនមិនចង់បាត់បង់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «វាមិនមានអ្វីប្លែកទេ ការធ្វើសមយុទ្ធជាមួយចិនក៏ដូចជាមួយអាមេរិក។
ចិនចង់បង្ហាញទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។ យើងឃើញថាក្រសួងការពារជាតិយើងទើបទទួលជំនួយពីក្រសួងការពារជាតិចិនថ្មីៗនេះ។ ពេលយើងធ្វើសមយុទ្ធជាមួយចិនធ្វើឲ្យអាមេរិកកាន់តែយកចិត្តទុកដាក់»។
ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២១-២២ ខែតុលាបានទៅចូលរួមក្នុងវេទិកាស៊ាងសានលើកទី ៩ នៅទីក្រុងប៉េកាំងដោយបានពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈវេទិកាលោក ទៀ បាញ់ បានថ្លែងថា គេច្រើនមើលរំលងពីប្រយោជន៍ និងសំណូមពររបស់ប្រទេសតូច និងមធ្យម ហើយយ៉ាងច្រើនគេបានត្រឹមតែបង្ហាញការអាណិតចំពោះប្រទេសតូច និងមធ្យមប៉ុណ្ណោះ។
ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ប្រយោជន៍ជាតិខ្លួនដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។
លោកបញ្ជាក់ថា៖ «ផ្អែកតាមប្រវត្តិសាស្ត្រ យើងបានដឹងហើយថាពេលប្រទេសមហាអំណាចមានទំនាស់គ្នា ប្រទេសតូច និងមធ្យមត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចជាអ្នកកំណត់ជំនួសតែម្តង ហើយនៅពេលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ»។
លោកបន្តថា គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯងដោយគ្មានការទាក់ទងជាមួយពិភពលោកនោះទេ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នាហើយរងនូវឥទ្ធិពលពីទង្វើនៃប្រទេសដទៃគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ»៕