ភ្នំពេញ: ក្រុមការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ​បាន​សហការ​ជាមួយ​ការិយាល័យ​សេដ្ឋកិច្ច និង​ត្រួតពិនិត្យ​ការនាំចេញ (BAFA) ​នៃ​ប្រទេស​អាល្លឺម៉ង់ និង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​រៀបចំ​បើក​សិក្ខាសាលា​អំពី​គម្រោង​ផ្សព្វផ្សាយ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ (ATT) លើក​ទី​ ៣ ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​នូវ​បញ្ហា​នៃ​ការរីក​សាយភាយ​អាវុធ​ខុសច្បាប់​នៅក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​។

កម្មវិធី​នេះ​មាន​ការចូលរួម​ពី​លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ក្រសួងមហាផ្ទៃ​ទទួល​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​លោកស្រី Camilla Lambard អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​លោក Sascha Reebs លេខា​ទូត​ទី​ ១ នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​។

សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​វាគ្មិន​ជំនាញ និង​អ្នកឯកទេស​មកពី​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប និង​វាគ្មិន​កម្ពុជា​មកពី​ក្រសួង​ការពារជាតិ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រួមទាំង​អ្នកតំណាង​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ដែល​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ២៦ និង ​២៧ ខែកុម្ភៈ នៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា​។

លោក មៀច សុផាន់ណា បាន​ថ្លែងថា គ្រប់​អាវុធ​ដែល​ត្រូវបាន​ផលិត​ទាំងអស់​សុទ្ធតែ​ធ្វើឲ្យ​អន្តរាយ​ដល់​រាងកាយ និង​អាយុជីវិត ហើយ​មាន​ជនប្រដាប់អាវុធ​ជាច្រើន​នៅលើ​ពិភពលោក​បាន​ប្រើប្រាស់​បង្ក​ជា​ជម្លោះ និង​បាន​ធ្វើឲ្យ​មនុស្ស​រាប់លាន​នាក់​​រងរបួស ខ្លះ​ពិការ ខ្លះ​ស្លាប់ បង្ក​ឲ្យ​មាន​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ជនភៀសខ្លួន ភាពអត់ឃ្លាន និង​គ្មាន​ផ្ទះសម្បែង​។

លោក​បន្ត​ថា សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​គឺ​បាន​បង្ហាញ​ពី​ឱកាស​សម្រាប់​សមាជិក​សហគមន៍​អាស៊ាន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​រួមគ្នា ការផ្សារភ្ជាប់​គ្នា​ទៅវិញ​ទៅមក​រវាង​ការអភិវឌ្ឍ និង​សន្តិសុខ​ជាតិ និង​ដើម្បី​បង្កើត​កាតព្វកិច្ច​ដែល​ប្រឆាំង​ការផ្ទេរ​អាវុធ​ដែល​អាច​បំផ្លាញ​ដល់​សន្តិសុខ​ស៊ីវិល និង​សន្តិសុខ​មនុស្សធម៌​នៅក្នុង​តំបន់​។

លោក Benjamin Knoedler អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ពី​ម្សិលមិញ​មិនទាន់​អាច​​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​​កម្មវិធី​នេះ​បានទេ​។

លោក មៀច សុផាន់ណា បាន​ថ្លែងថា​នៅពេល​នេះ​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​អាវុធ​ទេ ហើយ​ក៏​មិនមែន​ជា​អ្នកជួញដូរ​អាវុធ​ដែរ តែ​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​អាវុធ​។ ជាក់ស្តែង​សន្តិភាព​ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​ទាំងស្រុង​វិញ គឺ​ក្រោម​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃនេះ​។ ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ ១៩៩៨ ក្រោម​ការគាំទ្រ​កម្មវិធី​ប្រមូល និង​បំផ្លាញ​អាវុធ​របស់​អង្គការ​សហ​ប្រជាជាតិ សហភាព​អឺរ៉ុប និង​ជប៉ុន​។

តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ​បង្ហាញ​ពី​ម្សិលមិញ​ឲ្យ​ដឹងថា កន្លងមក​ការិយាល័យ​សេដ្ឋកិច្ច និង​ត្រួតពិនិត្យ​ការនាំ​ចេញ (BAFA) នៃ​ប្រទេស​អាល្លឺម៉ង់​បាន​សហការ​ជាមួយ​ក្រុមការងារ​ក្រសួងមហាផ្ទៃ​ទទួល​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន បានរៀបចំ​សិក្ខាសាលា​ចំនួន ២ ​លើក​មកហើយ ដើម្បី​សិក្សា​ពី​ការធ្វើ​សមាហរណកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​បទប្បញ្ញត្តិ​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​នៅក្នុង​ច្បាប់​ជាតិ និង​ការអនុវត្ត​ជា​សកល ហើយ​បញ្ហា​នៃ​ការជួញដូរ​អាវុធ​ខុសច្បាប់​សព្វថ្ងៃនេះ គឺជា​បញ្ហា​ប្រឈម​កំពុង​ជួបប្រទះ​ទាំង​ក្នុង​តំបន់ និង​ជា​សកល​។

កម្ពុជា គឺជា​ប្រទេស​ហត្ថលេខី​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ (ATT) រួចហើយ​ចាប់តាំងពី​ថ្ងៃទី​ ១៨ ខែ​តុលា ឆ្នាំ​ ២០១៣ តាមរយៈ​អគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​នៅ​មិនទាន់​បាន​បំពេញ​បែបបទ​សព្វគ្រប់​សម្រាប់​ផ្តល់​សច្ចាប័ន​នៅឡើយ​។ ដូច្នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ក្រសួង​មហាផ្ទៃ​សហការ​រៀបចំ​សិក្ខាសាលា​នេះ ដើម្បី​បន្ត​កិច្ចការងារ​នេះ​៕