ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុន អង្គការយូអិនឌីភី ក្រសួងមហាផ្ទៃ និងអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាចាប់ផ្ដើមអនុវត្តគម្រោងមួយឈ្មោះថា «ការកសាងសមត្ថភាពសម្រាប់ការចូលរួមរបស់ពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន៖ ដំណើរឆ្ពោះទៅកាន់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ន និងការចូលរួម»។
គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងកាលពីខែមីនា ប៉ុន្តែត្រូវបានចាប់ផ្ដើមដំណើរការជាផ្លូវការនៅថ្ងៃទី ៣ ធ្នូ ដែលនឹងមានរយៈពេលអនុវត្តសរុប ៤ ឆ្នាំ។ គម្រោងនេះបង្កើតឡើងក្នុងគោលបំណងជំរុញឱ្យមានបរិកាសមួយដែលផ្ដល់លទ្ធភាពឱ្យកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងមានភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ៣ ធ្នូ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋាភិបាលជប៉ុនបានផ្ដល់មូលនិធិចំនួន ២,១៦ លានដុល្លារ សម្រាប់ដំណើរការគម្រោងនេះ។ ក្រសួងមហាផ្ទៃ និងតំណាងអង្គការសង្គមស៊ីវិលគាំទ្រការអនុវត្តគម្រោងនេះ និងប្ដេជ្ញាធ្វើឱ្យមានការចូលរួម និងកិច្ចសន្ទនារបស់ប្រជាពលរដ្ឋតាមរយៈការធ្វើឱ្យការចូលរួម និងកិច្ចសន្ទនាប្រកបដោយការចូលរួម និងមានមតិចម្រុះ។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «ដើម្បីស្ដារឡើងវិញឱ្យល្អជាងមុន វាត្រូវការកិច្ចសន្យាសង្គមថ្មីមួយដែលទាញយកប្រយោជន៍ពីមតិយោបល់ផ្សេងៗគ្នា និងមានគំនិតរបស់ស្ត្រី បុរស យុវជន ក្រុមភាគតិច ជាពិសេសអ្នកដែលត្រូវបានគេទុកចោល»។
នៅឆ្នាំ ២០២១ គម្រោងនេះនឹងសម្របសម្រួលការសន្ទនាសំខាន់ៗជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរវាងស្ថាប័នរបស់រាជរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិលទូទាំងប្រទេស។ ជាពិសេសគម្រោងនេះនឹងរៀបចំវេទិការវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនៅភ្នំពេញ ខេត្តកំពង់ចាម សៀមរាប រតនគិរី និងកំពត។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការសម្របសម្រួលនេះធ្វើឡើងក្នុងគោលបំណងឱ្យស្ថាប័នរដ្ឋាភិបាល និងសង្គមស៊ីវិលមានទំនាក់ទំនងជាមួយគ្នាប្រកបដោយអត្ថន័យ ដោយមានការយល់ព្រមគ្នាលើរចនាសម្ព័ន្ធ គោលនយោបាយ ដំណើរការ ដើម្បីបង្កើតបានជាផែនការសកម្មភាព ការអនុវត្ត និងការត្រួតពិនិត្យ ជាក់លាក់ ផ្អែកលើតម្រូវការដែលបានកំណត់»។
លោក ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ភាពជាដៃគូគឺជាតម្រូវការមួយក្នុងការចូលរួមអភិវឌ្ឍកម្ពុជាដើម្បីឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើការក្នុងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រ និងគោលដៅអភិវឌ្ឍន៍»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតិគិ តូស៊ីមិសុ (Motegi Toshimitsu) បានធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហាដោយពេលនោះលោកបានថ្លែងថា ជប៉ុននឹងបន្តគាំទ្រការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក មិកាមិ បានថ្លែងដូច្នេះថា៖ «នេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាលើវិស័យនេះកាន់តែស៊ីជម្រៅជាងមុន។ យើងតែងតែសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់មានការរួបរួមគ្នាដើម្បីអភិវឌ្ឍជាតិ តាមរយៈដំណើរការតាមបែបប្រជាធិបតេយ្យ និងជឿថា វាមានសារៈសំខាន់ណាស់ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា»។
លោក និក បែរេសហ្វ៉ត (Nick Beresford) តំណាងប្រចាំប្រទេសនៃអង្គការយូអិនឌីភី បានថ្លែងថា ប្រទេសនេះត្រូវការស្ដារឡើងវិញឱ្យកាន់តែប្រសើរជាងមុនបន្ទាប់ពីជំងឺកូវីដ ១៩។ ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នដែលទាញយកប្រយោជន៍ពីសង្គមស៊ីវិលនានានៅកម្ពុជាកាន់តែមានសារៈសំខាន់ជាងមុន។ យូអិនឌីភី គាំទ្រដល់ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការរៀបចំឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យ ដោយផ្ដោតការយកចិត្តទុកដាក់លើពលរដ្ឋដែលសំឡេងរបស់ពួកគាត់មិនត្រូវបានគេឮនាពេលបច្ចុប្បន្ន។
លោក រស់ សុដ្ឋា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានថ្លែងកាលពីថ្ងៃទី ៦ ធ្នូ ថា សំឡេងសង្គមស៊ីវិលនាពេលបច្ចុប្បន្ននេះខ្សោយខ្លាំងដែលធ្វើឱ្យរដ្ឋាភិបាលមិនសូវយកទៅពិចារណា។ មូលហេតុគឺដោយសារតែមិនមានយន្តការមួយដែលធានាថា សំឡេងរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលទទួលយក។
លោក រស់ សុដ្ឋា បានថ្លែងឱ្យដឹងទៀតថា គម្រោងនេះគឺនឹងមកបំពេញចន្លោះប្រហោងនេះ។
ទោះយ៉ាងណាអ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា គម្រោងអភិបាលកិច្ចល្អប្រហាក់ប្រហែលគ្នាដែលមានពីមុនហាក់ដូចជាមិនបានជោគជ័យប៉ុន្មានទេ។ វាក៏ជាចម្ងល់ថាតើគម្រោងនេះនឹងមានភាពជោគជ័យប៉ុនណា។
លោក ឡៅ ម៉ុងហៃ បានថ្លែងដូច្នេះថា៖ «គោលបំណងនេះអាចនឹងត្រូវសម្រេចបានប្រសិនបើម្ចាស់ជំនួយផ្ដល់ជំនួយដល់គម្រោងនានាដែលកសាងស្ថាប័ននានាឱ្យក្លាយជាស្ថាប័នមិនជាប់ពាក់ព័ន្ធនឹងនយោបាយ ផ្ដល់សេវាសង្គមប្រកបដោយផ្លែផ្កា និងស្មោះត្រង់ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យនៅរដ្ឋសភា និងមាននីតិរដ្ឋ រួមទាំងធ្វើឱ្យស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ មិនជាប់ពាក់ព័ន្ធនឹងនយោបាយ»៕