ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ប្រទេស​បាបាដុស បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ដើម្បី​ជំរុញ​ការយោគយល់​គ្នា​ទៅវិញ​ទៅមក និង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រត្តិការ​រវាង​ប្រជាជន​ទាំង​ ២​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចុះ​ថ្ងៃទី ១១ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៩ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក កែ សុវណ្ណ និង​លោកស្រី ហេនរីតា អេលីហ្សាបែត ថូមសិន ឯកអគ្គរាជទូត វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ដែល​តំណាង​អចិន្រៃ្តយ៍​ប្រចាំ​នៅ​អង្គការ​សហប្រជាតិ តំណាង​ប្រទេស​ទាំង​ ២​។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា ការបង្កើត​ទំនាក់ទំនង​ការទូត​នេះ​ធ្វើឡើង​ «​ដោយ​ឈរលើ​គោលការណ៍ និង​គោរព​បំណង​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​ក្នុង​គោលបំណង​គោរព និង​ពង្រឹង​សន្តិសុខ និង​សន្តិភាព អន្តរជាតិ សមភាព​រវាង​រដ្ឋ​ និង​រដ្ឋ អធិបតេយ្យភាព​ជាតិ ឯករាជភាព សន្ធិសញ្ញា​អន្តរជាតិ បូរណភាព​ទឹកដី និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រវាង​រដ្ឋ​​ និង​រដ្ឋ​»​។

ការបង្កើត​ទំនាក់ទំនង​ការទូត​ថ្នាក់​ឯកអគ្គរាជទូត​នេះ​ក៏​ធ្វើឡើង ដោយ​អនុលោម​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​ទីក្រុង​វីយែន​ស្ដីពី​ទំនាក់ទំនង​ការទូត​ចុះ​ថ្ងៃទី​ ១៨ ខែ​ មេសា ​ឆ្នាំ​ ១៩៦១​។ ការបង្កើត​ទំនាក់ទំនង​ការទូត​នេះ គឺ​មាន​សុពលភាព​គិត​ចាប់ពី​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា តទៅ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​កោះ​មួយ​នៅ​តំបន់​ការីប៊ីន​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ទាំង​ ២ ​អាច​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​បញ្ហា​អន្តរជាតិ​នានា​។

លោក​បាន​ថ្លែងថា​៖ «​វា​ជាការ​ពង្រីក​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេងៗ​ទៀត បើទោះបី​ជា​ប្រទេស​ បាបាដុស ជា​កោះ​តូច​មួយ​ក៏ដោយ​។ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​បើ​យើង​មាន​មិត្ត​កាន់តែ​ច្រើន វា​កាន់តែ​ល្អ​។ នេះ​វា​ស្រប​ទៅ​នឹង​គោលការណ៍​រាជរដ្ឋាភិបាល​ដែល​ពង្រីក​មិត្ត​ខាងក្រៅ​ពង្រឹង​ខាងក្នុង​ផ្អែកលើ​ស្មារតី​ឯករាជ្យ​ជាតិ​»​។

លោក​ គិន ភា ​បន្ត​ថា បើទោះបី​ជា​ការ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណាក៏ដោយ ក៏​ទំនាក់ទំនង​នេះ​ធ្វើឲ្យ​ប្រទេស​ទាំង​ ២ ​អាច​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ទៅលើ​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ​។ វា​ជា​ការប្រសើរ​ដែល​កម្ពុជា​បង្កើត​មិត្ត​ជា​ជាង​បង្កើត​សត្រូវ ហើយ​ការបង្កើត​ចំណង​ការទូត​កាន់តែ​ច្រើន​នេះ​គឺជា​និន្នាការ​ដែល​ប្រទេស​នៅលើ​ពិភពលោក​កំពុង​ធ្វើ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​៕