ភ្នំពេញៈ កម្ពុជា និង​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ប្តេជ្ញា​ធ្វើការ​ស្តារឡើងវិញ​នូវ​ការដឹកជញ្ជូន​ក្នុង​តំបន់​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខណៈ​វិបត្តិ​កូវីដ ​១៩ កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹកជញ្ជូន​នៅក្នុង​តំបន់​។

ការប្តេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការដឹកជញ្ជូន​អាស៊ាន​លើក​ទី​៤០ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២៣-២៤ ខែមីនា ​ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​តំណាង​ប្រទេស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

លោក គង់ សុផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅលើ​កិច្ចព្រមពៀង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន ៤ ដើម្បី​ស្តារឡើងវិញ​នូវ​ការដឹកជញ្ជូន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​។

កិច្ចព្រមព្រៀង​ទាំងនោះ រួមមាន​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កិច្ចព្រមព្រៀង​ស្តីពី​អន្តរ​រដ្ឋ ការដឹកជញ្ជូន​គ្រប់​រូបភាព និង​កិច្ចព្រមព្រៀង​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​។ «​កិច្ចព្រមព្រៀង​នេះ​បានចាប់ផ្តើម​ដំណើរការ​តិចៗ​ហើយ ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ​អ៊ីចឹង​កិច្ចព្រម​ព្រៀង​នេះ​មាន​ការរអាក់រអួល​ច្រើន​»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ក៏បាន​ពិភាក្សា​ពី​ការផ្ទេរ​ទំនិញ​នៅតាម​ព្រំដែន​ឱ្យនៅ​បន្ត និង​មាន​លក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​។ លោក​ថា​៖ «​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ ការផ្ទេរ​ទំនិញ ផ្លាស់ប្តូរ​ក្បាល​ឡាន កន្ទុយ​សណ្តោង​ ឬ​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ ចូល​ប្រទេស​ក្នុង​រយៈពេល​ខ្លី​ដែល​យើង​បានកំណត់ ដើម្បីឱ្យ​ដំណើរការ​ទៅដោយ​រលូន ហើយ​ភាគច្រើន​ចុះ​ប្តូរ​ទំនិញ​នៅតាម​ព្រំដែន​»​។

តាមរយៈ​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​ក៏​បាន​ឯកភាព​ទៅលើ​ឯកសារ​ចំនួន​ ២ គឺ​កម្មវិធី​ស្តារឡើងវិញ​ក្រោយពី​កូវីដ​១៩ និង​ការរៀបចំ​គន្លង​ផ្លូវ​ពិសេស​សម្រាប់​អ្នកជំនួញ​ដែលមាន​កាតព្វកិច្ច​ចេញ-ចូល​ប្រទេស​បន្ទាន់​។

បើតាម​លោក​ សុផល ក្នុង​កាលៈទេសៈ​នេះ​ការដឹកជញ្ជូន​ឆ្លងកាត់​តាម​តំបន់​នីមួយៗ​ត្រូវបាន​លើកយក​មក​ពិភាក្សា​លម្អិត​បន្ថែមទៀត ដើម្បី​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​បន្ទាន់​ទាក់ទង​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹកជញ្ជូន​នៅក្នុង​តំបន់​អាស៊ាន ជាពិសេស​សកម្មភាព​ទេសចរណ៍ និង​ពាណិជ្ជកម្ម​នានា​នៅក្នុង​តំបន់ និង​សកលលោក​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) លោក​ ស៊ិន ចន្ធី ថ្លែងថា ការអនុវត្ត​នៃ​ការដឹក​ទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​អាស៊ាន​មាន​ភាពល្អប្រសើរ ទោះបី​ជា​មាន​ឧបសគ្គ​តិចតួច​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ក្តី​។ «​ការដឹកជញ្ជូន​ទ្វេភាគី​មាន​ភាពរលូន ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ប៉ុន្តែ​ការដឹកជញ្ជូន​សម្រាប់​ឆ្លងកាត់​ពី​ប្រទេស​ទី​១ ទៅ​ប្រទេស​ទី​៣ មិនទាន់​បាន​អនុវត្ត​ជាទូទៅ​នៅឡើយ​ទេ​»​។

លោក​ឱ្យ​ដឹងថា រយៈពេល​ជាង​ ១ ​ឆ្នាំ​នៃ​វិបត្តិ​កូវីដ​១៩​នេះ ធ្វើឱ្យ​ការដឹកជញ្ជូន​មានការ​រាំងស្ទះ​ដោយសារ​ក្របខ័ណ្ឌ​ក្នុង​តំបន់​មានការ​រឹតបន្តឹង​សន្តិសុខ​ផ្ទៃក្នុង ដើម្បី​រក្សា​សុវត្ថិភាព​រៀងៗ​ខ្លួន​។ «​ដោយសារ​ប្រទេស​នីមួយៗ​បាន​រឹតបន្តឹង​ការឆ្លងកាត់​ដោយសារ​បញ្ហា​កូវីដ​ឧទាហរណ៍​ពីមុន​យើង​ឆ្លងកាត់​ទំនិញ​តែ​ ១ ​ថ្ងៃ តែ​ឥឡូវ​អាច​ចំណាយពេល​ចន្លោះ​ពី ២​ ​ទៅ ៣ ​ថ្ងៃ​»​។

ជាមួយ​គ្នា​នេះដែរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សុង សារ៉ន ថ្លែងថា ក្នុងនាម​អ្នក​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស លោក​សូម​ស្នើឱ្យ​គ្រប់ភាគី​គិតគូរ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការផ្តល់​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​។

លោក​ថា​៖ «​សូមឱ្យ​ការប្រជុំ​គិតគូរ​ដល់​ប្រទេស​ដែលមាន​ភាព​ប្រកួតប្រជែង​ទាប​ជា​អាទិភាព​ផង ពីព្រោះ​នៅពេល​ស្ថានភាព​ប្រសើរ​ហើយ ប្រទេស​នីមួយៗ​នាំគ្នា​ដណ្តើម​រស់​»​។

លោក​ថា ជួនកាល​ការដឹកជញ្ជូន​នៅ​កប៉ាល់​អត់​មាន​កន្លែង​ដាក់​ទេ​គេ​ដណ្តើមយក​អស់ហើយ​ពីព្រោះ​ប្រទេស​ដែលមាន​លទ្ធភាព ការប្រកួតប្រជែង​ខ្ពស់ បាន​ទិញយក​កន្លែង​ដឹកទំនិញ​បាន​ធំ​។ «​អ៊ីចឹង​សូមឱ្យ​មាន​ការចែករំលែក​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ស្មើៗ​គ្នា​»​។

លោក​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​នៅ​ពុំទាន់​មានលទ្ធភាព​ក្នុង​ការដឹកជញ្ជូន​ទៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ចិន និង​សហភាព​អឺរ៉ុប​បាន​នៅឡើយ​ទេ​ដោយ​ពឹង​ផ្អែកទៅលើ​កំពង់ផែ​សិង្ហបុរី និង​ម៉ាឡេស៊ី​ជាដើម ដើម្បី​ដឹកជញ្ជូន​ទៅ​ប្រទេស​ទី​៣៕