ភ្នំពេញៈ កម្ពុជា និង​អូស្ត្រាលី​បាន​ប្ដេជ្ញា​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ហើយ​អូស្ត្រាលី​នឹង​បន្ត​សហការ និង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ទៀត​។ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​ឧត្តម​មន្ត្រី​កម្ពុជា-អូស្ត្រាលី​លើក​ទី​២ កាលពី​ថ្ងៃ​ទី​ ២៨ មករា ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ​កម្ពុជា និង​លោក ចាស្ទីន ហេហ៊ើស អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។

ក្រសួង​ការបរទេស​សរសេរ​ថា​៖ «​ភាគី​ទាំង​ ២ ​ក៏​បាន​បង្ហាញ​នូវ​បំណងប្រាថ្នា​រួម​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ រួមទាំង​អាស៊ាន កិច្ចប្រជុំ​អាស៊ីអឺរ៉ុប អង្គការ​សហប្រជាជាតិ និង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​មេគង្គ ដើម្បី​ចូលរួមចំណែក​រក្សា​សន្ដិភាព សន្ដិសុខ និង​ការអភិវឌ្ឍ​ដែល​ប្រកប​ដោយ​ចីរភាព​»​។

ភាគី​ទាំង​ ២ ​បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ​ដែល​បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ប្រទេស​ទាំង​ ២ ​ប្រកប​ដោយ​ជោគជ័យ ព្រមទាំង​សម្របសម្រួល​ដល់​ការធ្វើ​ដំណើរ​នៃ​ពលរដ្ឋ​របស់​ប្រទេស​ទាំង​ ២​។

កម្ពុជា​ក៏បាន​ថ្លែង​អំណរគុណ​ដល់​អូស្ត្រាលី​ដែល​ផ្ដល់​ជំនួយ​ឥតសំណង​ ២៨ ​លាន​ដុល្លារ​ សម្រាប់​គាំទ្រ​ដល់​ការចាក់​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ភាគី​ទាំង​ ២ ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការគ្រប់គ្រង​ព្រំដែន ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន ការជួញដូរ​មនុស្ស ការរត់ពន្ធ​គ្រឿងញៀន ការលាង​លុយកខ្វក់ ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​សន្ដិសុខ​លម្ហសមុទ្រ តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​នាយទាហាន និង​មន្ត្រី​អនុវត្ត​ច្បាប់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​ភាគី​អូស្ដ្រាលី​ស្វាគមន៍​ប្រសាសន៍​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​អព្យាក្រឹត​អចិន្រៃ្តយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ និង​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​»​។

ភាគី​អូស្ដ្រាលី​បញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់​អូស្ដ្រាលី​បន្ដ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អាទិភាព​ដូចជា អប់រំ ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព​ខ្ពស់ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល និង​បោសសម្អាត​មីន​។

កម្ពុជា​អរគុណ​អូស្ដ្រាលី​ដែល​បានផ្ដល់​ជំនួយ​ដ៏មាន​តម្លៃ និង​គាំទ្រ​វិស័យ​នានា​ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ អូស្ត្រាលី​ក៏បាន​បញ្ជាក់​ពី​ការបង្កើន​ចំនួន​អាហារូបករណ៍​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ២០២២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏បាន​បញ្ជាក់​ដែរថា​៖ «​កិច្ចប្រជុំ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​ឯកភាព​បន្ដ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ស្មារតី​ស្ថាបនា​»​។

អូស្ត្រាលី​ក៏​នឹង​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើក​ទី​ ១៣ នៅ​ឆ្នាំ​ ២០២១ ​នេះ​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា នៅ​ឆ្នាំ​ ២០២២​។ កម្ពុជា​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​ស្ដីពី​កម្មវិធី​មេគង្គ-អូស្ដ្រាលី ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​តំបន់​មេគង្គ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ហាក់​ដូចជា​ប្រសើរឡើង​គួរឱ្យ​ចាប់​អារម្មណ៍​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស​ឥរិយាបថ​ប្រយ័ត្នប្រយែង​ក្នុងការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​អំពី​ជំហរ​របស់ខ្លួន​មកលើ​កម្ពុជា​។ ប្រទេស​ទាំង​ ២ ​ក៏​បង្ហាញ​ឥរិយាបថ​មួយ​មាន​លក្ខណៈ​ស្ថាបនា និង​មាន​ភាពវិជ្ជមាន​។

លោក គិន ភា ថ្លែងថា​៖ «​តិច​ ឬ​ច្រើន អូស្ត្រាលី​សម្ដែង​កង្វល់​របស់ខ្លួន​ជុំវិញ​វឌ្ឍនភាព​ក៏ដូចជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​ទម្រង់​នៃ​ការសម្ដែង​កង្វល់​ ឬ​ចូលរួម​ស្ថាបនា​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គឺធ្វើឡើង​ដោយ​ប្រយ័ត្នប្រយែង គោរព​នូវ​ក្របខ័ណ្ឌ​អ្នកការទូត​បរទេស​ក្នុង​រដ្ឋ​ម្ចាស់ផ្ទះ​។ វា​ជា​ទម្រង់​មួយ​ដែល​គេ​មិនអាច​វាយតម្លៃ​បាន​ថា​ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​កម្ពុជា​»​។

លោក​បាន​ថ្លែងថា ប្រទេស​អូស្ត្រាលី​មាន​ឥរិយាបថ​មួយ​ខុសពី​ប្រទេស​មួយចំនួន​ដែល​មាន​ឥរិយាបថ​ហាក់​ដូចជា​បង្គាប់បញ្ជា ឬ​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​កម្ពុជា ប៉ុន្តែ​មាន​ឥរិយាបថ​បែប​ស្ថាបនា​។ ឥរិយាបថ​បែប​ស្ថាបនា​នេះ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ងាយ​នឹង​ទទួល​យក​៕