ព្រះវិហារៈ កម្ពុជា និងអង្គការ USAID របស់អាមេរិកបានដាក់ឱ្យដំណើរការនូវទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិជាលើកដំបូងនៅក្នុងខេត្តព្រះវិហារ ដើម្បីតាមដានសកម្មភាពបទល្មើសព្រៃឈើ ការកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ និងការបរបាញ់សត្វដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។
នៅក្នុងពិធីដាក់ឱ្យដំណើរការកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ នៅខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានឱ្យដឹងថា ដោយមានការគាំទ្រពី USAID តាមរយៈគម្រោង Green Preylang កម្ពុជាបានដាក់ឱ្យដំណើរការនូវទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិជាលើកទី១ នៅក្នុងខេត្តព្រះវិហារ និងជាជំហានថ្មីមួយទៀតនៅក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុរក្សក៏ដូចជាការគ្រប់គ្រងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកពន្យល់ថា ទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងកិច្ចការពារធនធានធម្មជាតិ ព្រោះវានឹងផ្តល់ជំនួយបន្ថែមដល់មន្ត្រីឧទ្យានុរក្សដែលកាលពីមុនកម្ពុជាមិនដែលមានប្រព័ន្ធរួមមួយបែបនេះនោះទេ និងជាកិច្ចការចាំបាច់ក្នុងការចាត់វិធានការលើការអនុវត្តច្បាប់ និងចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិ។
បើតាមលោក ភក្ត្រា ទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនឹងចូលរួមផ្តល់នូវព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពកាន់កាប់ទន្ទ្រានរានយកដីព្រៃធ្វើជាកម្មសិទ្ធិ ការកាប់ឈើ ឬក៏ដឹងពីភាពសម្បូរបែបនៃជីវចម្រុះនៅក្នុងតំបន់ការពារ។ គម្រោងតទៅមុខទៀតនឹងត្រូវពង្រីកទៅកាន់តំបន់ការពារធម្មជាតិផ្សេងៗទៀត។ តាមផែនការរបស់ក្រសួងបរិស្ថាននឹងបង្កើតទីបញ្ជាការបែបនេះនៅក្នុងខេត្តចំនួន ២០ ដែលមានតំបន់ការពារចំនួន ៧០ ដែលមានផ្ទៃដីប្រមាណជាង ៧ លានហិកតា។
លោកបានថ្លែងថា៖ «កម្ពុជាមានតែមន្ត្រីឧទ្យានុរក្សចំនួន ១ ២០០ នាក់ប៉ុណ្ណោះដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណជាង ៧ លានហិកតាដែលក្នុង ១ នាក់ត្រូវការពារ និងអភិរក្សជាង ១ ម៉ឺនហិកតាពោលគឺក្នុងម្នាក់មិនអាចដើរល្បាតគ្រប់នោះទេ។ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើបពីទីបញ្ជាការត្រួតពិនិត្យទៅលើប្រព័ន្ធធម្មជាតិ (ជាប្រព័ន្ធទិន្នន័យរួមមួយ) អាចនឹងកត់ត្រារាល់ទិន្នន័យនានា និងក្តាប់បាននូវស្ថានភាពទូទៅព្រមទាំងចាត់វិធានការបន្ទាន់ទៅលើបទល្មើសផ្សេងៗ»។
លោកបន្តថា៖ «កិច្ចការនេះ គឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថាប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះយើងប្រាកដជាមិនអាចដើរតាមទាន់គ្រប់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីគេចចេញពីសំណាញ់ច្បាប់របស់មន្ត្រីឧទ្យានុរក្ស និងដៃរបស់យើង»។
លោក Carlos Lamadrid ប្រធានការិយាល័យកម្មវិធីនៃអង្គការ USAID បានឱ្យដឹងថា ទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យការពារធម្មជាតិ (PAMP) ត្រូវបានបង្កើតឡើង ដោយផ្អែកទៅលើវិធីសាស្ត្រដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ដូចជាមានប្រព័ន្ធត្រួតពិនិត្យទីតាំងភូមិសាស្ត្រ និង ឧបករណ៍រាយការណ៍តាមផ្លូវអាកាស ដោយប្រើប្រាស់រូបភាពតាមផ្កាយរណប។
លោក Carlos បញ្ជាក់ថា PAMP នឹងជួយពង្រឹងការអនុវត្តច្បាប់ដែលឆ្លើយតបទៅនឹងការគំរាមកំហែងផ្សេងៗ និងជួយដល់អ្នកដែលធ្វើការសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងតំបន់ជីវចម្រុះឲ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរ។ ប្រព័ន្ធនេះក៏នឹងលើកកម្ពស់តម្លាភាព គណនេយ្យភាពទៅដល់ការទាក់ទាញវិនិយោគ ហិរញ្ញប្បទានដើម្បីប្រើប្រាស់ដោយចីរភាពសម្រាប់វិស័យអភិរក្ស។
លោកថ្លែងថា៖ «កម្មវិធីនេះ គឺជាទីបញ្ជាការគ្រប់គ្រងតំបន់ការពារធម្មជាតិដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជាហើយនឹងធ្វើជាគំរូសម្រាប់ការសិក្សា និងការធ្វើឱ្យប្រសើរឡើងក្នុងការដាក់ឱ្យអនុវត្តនូវទូទាំងប្រទេស។ កម្មវិធីនេះក៏នឹងជួយធ្វើឱ្យការគ្រប់គ្រងបណ្តាញការពារធម្មជាតិមានភាពរហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព និងតម្លាភាព»។
លោកបន្តថា៖ «គម្រោងព្រៃឡង់បៃតងនឹងប្រើប្រាស់ប្រព័ន្ធនេះក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីកំណត់គោលដៅសម្រាប់អន្តរាគមន៍ការល្បាតព្រៃជាអាទិភាព និងការឆ្លើយតបយ៉ាងរហ័ស ក៏ដូចជាការផ្តល់ទិន្នន័យសំខាន់ៗ ជូនដំណឹងអំពីតំបន់ការពារធម្មជាតិ និងប្រជាសាស្ត្រផ្នែកអភិរក្ស»។
បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារនៅក្នុងខេត្តព្រះវិហារ មានតំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដីប្រមាណ ៩៦៥ ០០០ ហិកតា ដោយក្នុងនោះមានដែនជម្រកសត្វព្រៃចំនួន ៦ និងតំបន់ទេសភាពចំនួន ២ តំបន់បេតិកភណ្ឌធម្មជាតិចំនួន ១ និងច្រករបៀងអភិរក្សជីវចម្រុះចំនួន ១ ដែលមានមន្ត្រីឧទ្យានុរក្សចំនួន ៨៨ នាក់៕
វីដេអូ៖