ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​ការបន្ត​ភាព​ជា​ដៃគូ​លើ​បញ្ហា​ស្បៀងអាហារ​រយៈពេល​ ៤ ​ឆ្នាំ​គឺ​ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៣ ​ជាមួយ​នឹង​លោកស្រី គ្លែរ អែននី កូនិន (Claire Anne Conan) នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ពី​ម្សិលមិញ​។

លោក យឹម ឆៃលី បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ​តែងតែ​សហការ​យ៉ាង​ល្អ និង​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​តាំងពី​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​មាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៤១ ​ឆ្នាំ​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ជួយ​ឱ្យ​ជន​ភៀសខ្លួន​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​បាន​វិលត្រឡប់​មកជួបជុំ​គ្រួសារ​ជួយ​កសាង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ជួយ​ឱ្យ​កុមារ​បាន​ចូល​សាលារៀន ជួយ​កាត់បន្ថយ​ភាពអត់ឃ្លាន និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជំងឺ​ផ្សេងៗ​»​។ លើស​ពី​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ជួយ​ឆ្លើយតប​ទៅនឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម ដើម្បី​ការពារ​សុវត្ថិភាព និង​អាយុជីវិត​របស់​ប្រជាជន​។

លោក​ ឆៃលី លើកឡើង​ថា បច្ចុប្បន្ននេះ​វត្តមាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក រឹតតែ​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ និង​ការភិវឌ្ឍ​ថ្មីៗ​ក្នុង​តំបន់ និង​ពិភពលោក​តាមរយៈ​ការជួយ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការសម្របសម្រួល ការតស៊ូ​មតិ ការសិក្សា​ស្រាវជ្រាវ និង​ការគ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​ការកសាង​មូលធន​មនុស្ស​។

ជាមួយ​គ្នា​នោះដែរ លោកស្រី គ្លែរ អែននី កូនិន បាន​លើកឡើង​ផងដែរ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ធ្វើការ​ផ្គត់ផ្គង់​ស្បៀង ដោយសារ​តែ [​យើង​] គិតថា ស្បៀង​នឹង​នាំមក​នូវ​សន្តិភាព​ដែល​នេះ​គឺជា​ចំណុច​សំខាន់​សម្រាប់ WFP ក្នុង​ការជួយ​ដល់​កម្ពុជា ​ក៏ដូចជា​ជួយ​ទៅ​ដល់​ជនភៀសខ្លួន​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ​ជាដើម​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​កាលពីពេល​ថ្មីៗ​នេះ WFP បាន​ប្រារព្ធ​នូវ​ទិវា​ស្បៀង​ពិភពលោក​ដែល​យើង​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដូច​ឯកឧត្តម​ជ្រាប​ហើយ យើង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពអត់ឃ្លាន ដែល​ធ្វើឱ្យ​ខ្វះ​នូវ​អាហារូបត្ថម្ភ ហើយ​ជាពិសេស​នៅក្នុង​សម័យ​កូវីដ​នេះ​ផងដែរ យើង​ឃើញ​មាន​ប្រជាជន​ជាច្រើន​រងគ្រោះ​ដោយ​ភាពអត់ឃ្លាន​»​។

លើស​ពី​នេះ តួនាទី​របស់ WFP គឺ​ចូលរួម​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ភាពអត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ ហើយ WFP នឹង​ជួយ​ធ្វើការ​អន្តរាគមន៍​ទៅ​ដល់​ការធ្វើ​យ៉ាងណា​ឱ្យបាន​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​។

លោកស្រី គ្លែរ អែននី កូនិន ​បាន​លើកឡើង​ថា​៖ «​សហប្រតិបត្តិការ​គ្នា​នេះ គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នេះ ហើយ​នៅក្នុង​កិច្ចព្រមព្រៀង​របស់​យើង​រយៈពេល​ ៤ ​ឆ្នាំ​នេះ​ដែលជា​កិច្ចព្រមព្រៀង​ប្រចាំ​ប្រទេស គឺ​បាន​ផ្តោត​ទៅ​លើ​ចំណុច​ផ្សេងៗ​ជាច្រើន ហើយ​នៅ​ក្នុងនោះ​យើង​ផ្តោត​សំខាន់​ទៅលើ​ភាព​ជា​ដៃគូ​រវាង WFP ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ហើយ​ចំណុច​សំខាន់​គឺ​យើង​ផ្តោតលើ​ការកសាង​សមត្ថភាព​របស់​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​នឹង​ការដោះស្រាយ​នូវ​កង្វះ​ស្បៀង និង​អាហារូបត្ថម្ភ​»​។

កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង WFP ផ្តោត​សំខាន់​លើ​ ៤ ​ចំណុច​គឺ​៖ ការរៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​លើក​ទី​ ២ (២០២០-២០២៣) ការពង្រឹង​ការសម្របសម្រួល​ពហុវិស័យ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធ្វើ​ផែនការ​សុខដុម​នីយកម្ម​វិស័យ​ស្បៀង និង​អាហារូបត្ថម្ភ​។ ការបញ្ជ្រាប​ការងារ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ទៅក្នុង​ដំណើរការ​រៀបចំ​ផែនការ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​ផែនការ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​។

លើសពី​នេះ​មាន​ការសម្រួល​ដល់​ការគ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង ការតស៊ូ​មតិ ការតាមដាន​ត្រួតពិនិត្យ និង​ការធ្វើ​របាយការណ៍​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​៕