ភ្នំពេញៈ កម្ពុជា​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចំនួន​ ២ ​ទៀត​នៅ​ឆ្នាំ​ ២០១៩ ខាង​មុខ​គឺ​នៅ​សាធារណរដ្ឋ​តួកគី និង​នៅ​ប្រទេស​ប៊ុលហ្គារី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង​នោះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​សុក្រ​។

នៅក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ ២ លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​តួកគី​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃ​ទី​ ៣ ខែ​តុលា​នេះ​ហើយ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​នឹង​ពិភាក្សា​អំពី​គម្រោង​បើក​ស្ថានទូត​ថ្មី​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​លើក​ឡើង​ថា​៖ «​លោក​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ដែល​ជា​ការព្រួយបារម្ភ​ និង​យក​ចិត្ត​ទុកដាក់​រួម​ក្នុង​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​ព្រម​ទាំង​ផ្តោត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនុក​ចិត្ត​ផ្នែក​នយោបាយ និង​ស្វែងរក​សក្តានុពល​ថ្មីៗ​ក្នុង​ការ​ជំរុញ​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រទេស​ទាំង​ ២»​។

លើស​ពី​នេះ​ទៀត​ភាគី​ទាំង​ ២ ក៏​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ឌិត្យសភា​ការទូត​នៃ​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​តួកគី​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​កម្ពុជា​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​មួយ​ទៀត​នៅ​ប្រទេស​ប៊ុលហ្គារី​ឡើង​វិញ​ផងដែរ​នៅ​ឆ្នាំ​ ២០១៩ ខាង​មុខ​បន្ទាប់ពី​វា​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ស្ថានភាព​នយោបាយ​តានតឹង​នៅ​ក្នុង​ប្រទេស​នោះ​កាលពី​ពេល​កន្លង​មក​។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុលហ្គារី​លោក Boyko Borrissov កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ញូវយ៉ក​។ យ៉ាងណា​ក្តី​ការបើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ក្នុង​ប្រទេស​ទាំង​ ២ ​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់ពេល​ជាក់លាក់​ទេ​។

លោក គាត សុផាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕ NS