
ភ្ញៀវទេសចរមកដល់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប កាលពីឆ្នាំ ២០១៦។
ភ្នំពេញៈ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសៀមរាប នឹងដាក់ដំណើរការច្រកទ្វារអេឡិចត្រូនិក E-gates ដោយមិនតម្រូវឲ្យបោះត្រាចេញចូល លើលិខិតឆ្លងដែនអេឡិចត្រូនិក E-passports នៅដើមខែកុម្ភៈ។ នេះបើតាមលោក អាត់ ប៊ុននី អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីម្សិលមិញ។
លោក អាត់ ប៊ុននី បានថ្លែងថា៖ «យើងនឹងចាប់ផ្ដើមដាក់ឲ្យដំណើរការច្រកទ្វារនេះ នៅថ្ងៃទី ១ ខែកុម្ភៈនេះតែម្ដង។ ឥឡូវច្រកទ្វារនេះ យើងរៀបចំរួចរាល់អស់ហើយ នៅចាំតែថ្ងៃបើកឲ្យប្រើប្រាស់ទេ»។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កាលពីថ្ងៃទី ២៥ ខែមករា បានចេញលិខិតផ្ញើទៅឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេសថា ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នូវច្រកទ្វារអេឡិចត្រូនិក (E-gates) នៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដោយមិនមានបោះត្រា ចេញចូល លើលិខិតឆ្លងដែនពលរដ្ឋខ្មែរទៀតឡើយ។
តាមរយៈលិខិតដដែល បានស្នើដល់ឯកអគ្គរាជទូតកម្ពុជា ឲ្យជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់អាជ្ញាធរមានសមត្ថកិច្ចបរទេស ពាក់ព័ន្ធចំពោះការមិនឲ្យបោះត្រា ចេញចូល លើលិខិតឆ្លងដែនដែលប្រើប្រាស់ច្រកទ្វារ E-gates ខាងលើនេះ ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ការចេញចូល របស់ពលរដ្ឋខ្មែរ។
លោក អាត់ ប៊ុននី បានពន្យល់ថា E-gates នេះ សម្រាប់តែប្រជាពលរដ្ឋខ្មែរណាដែលប្រើលិខិតឆ្លងដែនខ្មែរតែប៉ុណ្ណោះ និងមាន Chip។
លោកបន្ដថា៖ «អ្នកដែលប្រើលិខិតឆ្លងដែនហ្នឹង (E-pass-port) គាត់ចូលទៅប្រើម៉ាស៊ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនដែលមានការណែនាំលើហ្នឹង។ ពេលគាត់ដាក់លិខិតឆ្លងដែនហើយត្រូវស្កេនម្រាមដៃ។ បើសិនម៉ាស៊ីនទទួលស្គាល់ថា ក្រយៅដៃ និងលិខិតឆ្លងដែនពិតជារបស់អ្នកកាន់ពិតប្រាកដ នោះច្រកទ្វារនឹងបើកធ្វើដំណើរការចេញបានហើយ»។
លោក យូ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី ១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា លោកមិនអាចធ្វើអធិប្បាយ ជុំវិញការបើកច្រកទ្វារអេឡិចត្រូនិកនេះបានទេ ដោយប្រាប់ថា លោកកំពុងបំពេញការងារនៅខេត្ដ៕