ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ថ្ងៃ​ពុធ​បាន​ជួបពិភាក្សា ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​មក​កម្ពុជា​វិញ ក្រោយពី​ការធ្វើ​មាតុភូមិនិវត្តន៍​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ដោយសារ​ជំងឺ​កូវីដ ​១៩ ខណៈ​កម្ពុជា​នៅតែ​មាន​ឆន្ទៈ​នយោបាយ​អនុវត្ត​ការងារ ដែល​បាន​ព្រមព្រៀង​គ្នា​នាពេល​កន្លងមក​ជុំវិញ​ករណីនេះ​។

ក្នុង​ជំនួប​នោះ​លោក Murphy បាន​ប្រាប់​ទៅ​លោក ស ខេង ថា ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ត្រូវ​បាន​ផ្អាក​មួយរយៈ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​លោក​ស្នើឱ្យ​ភាគី​កម្ពុជា​ក៏​ដូចជា​លោក ស ខេង ពិនិត្យ​លទ្ធភាព​រិះរក​វិធីសាស្ត្រ​ក្នុង​ការបន្ត​ជំរុញ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​វឌ្ឍនភាព​បន្ត​ទៅ​មុខ​ទៀត​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​ ស ខេង​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក ស ខេង បាន​ប្រាប់​ទៅ​លោក Murphy ថា​ជាគោលការណ៍ និង​ជា​ឆន្ទៈ​នយោបាយ ព្រះរាជាណាចក្រ​កម្ពុជា​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ​។ កម្ពុជា​នៅតែ​បន្ត​អនុវត្ត​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ​បាន​ឯកភាព​ព្រមព្រៀង​គ្នា​នាពេល​កន្លងមក​។ លោក​អះអាង​ទៀត​ថា ទោះបី​ជា​មាន​ការខកខាន ដោយសារ​កូវីដ ​១៩ ក៏ដោយ​ប៉ុន្តែ​គោលការណ៍ និង​ឆន្ទៈ​នយោបាយ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ដែល​ធ្វើឡើង​កាលពី​ឆ្នាំ​ ២ ០០០ កម្ពុជា និង​អាមេរិក​បាន​យល់ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​នៅ​ប្រទេស​នៃ​ភាគី​នេះ ប្រសិន​បើ​ពលរដ្ឋ​នោះ​មិនទាន់​បាន​ចូល​សញ្ជាតិ​នៅ​ប្រទេស​ណា​ ១​។

នៅ​ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​លោក​ Murphy បាន​សរសេរ​នៅលើ​ធ្វីធើរ​របស់​លោក​ថា ជំនួប​ជា​ ១ ​លោក ស ខេង គឺជា​ផ្នែក​មួយ​នៃ​ការប្រារព្ធ​ខួប​ ៧០ ​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា ហើយ​ជំនួប​នេះ​ផ្ដោត​លើ​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​អនុវត្ត​ច្បាប់​។

លោក​សរសេរ​ថា​៖ «​យើង​បាន​ពិភាក្សា​អំពី​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​គ្រឿងញៀន ការគាំពារ​កុមារ កាតព្វកិច្ច​រួម​សម្រាប់​ការធ្វើ​មាតុភូមិ​និវត្តន៍ សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ និង​អធិបតេយ្យភាព​កម្ពុជា​»​។ ប៉ុន្តែ​លោក​មិនបាន​លម្អិត​អំពី​ប្រធានបទ​ដែល​បានលើក​ឡើង​ទាំងនេះ​ទេ​។

លោក​ ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា មកទល់​ពេល​នេះ​មិនទាន់​មាន​ពេលវេលា​ជាក់លាក់​នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​ថ្មី​នៃ​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​ទេ​។ នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ពុធ​លោក Murphy បាន​ស្នើ​មក​កម្ពុជា​ថា សម្រាប់​កាលៈទេសៈ​កូវីដ​ ១៩​ នេះ ​ការ​ទៅ​សម្ភាស ជន​ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​គួរ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​វិញ ដោយ​មិនចាំបាច់​ទៅ​សម្ភាស​ផ្ទាល់​ដូច​ពេល​មុន​ទេ​។

លោក​បញ្ជាក់ថា​៖ «​សហរដ្ឋ​អាមេរិក​ស្នើថា តើ​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា តាមរយៈ​ការសម្ភាស​តាម​វីដេអូ​ខុនហ្វើរិន​ឬ​យ៉ាងនោះ ដើម្បី​អាច​ជា​ជម្រើស​ជំនួស​ឱ្យ​ការ​ទៅ​សម្ភាស​ផ្ទាល់​ក្នុង​ស្ថានភាព​កូវីដ​នេះ​។ ឆ្លើយតប​ចំពោះ​ការស្នើ​នេះ សម្ដេច​ក្រឡាហោម​ [​ស ខេង​] ​មិន​មាន​អ្វី​ជំទាស់​ទេ​។ អ្វីដែល​សំខាន់​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ការងារ​នោះ​មាន​ភាពប្រាកដប្រជា បាន​ន័យ​ថា សម្ភាស​ទៅ​វា​មាន​ភាព​សុក្រឹត​ក្នុង​ការកំណត់​អត្តសញ្ញាណ​»​។

លោក​បន្តថា​៖ «​សម្ដេច​បញ្ជាក់ថា ចំពោះ​ការផ្អាក​មួយរយៈ​គឺ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស​នេះឯង និង​ដោយសារ​ស្ថានភាព​កូវីដ​។ ដោយឡែក​គោលជំហរ​របស់​កម្ពុជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ យើង​នៅ​តែ​អនុវត្ត​តាម​ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀង​គ្នា​កន្លងមក​»​។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ថ្លែង​តាម​អ៊ីមែល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ទាំងអស់​មាន​កាតព្វកិច្ច​ទទួល​យក​ការវិល​ត្រឡប់​នៃ​ពលរដ្ឋ​របស់ខ្លួន​ដែល​ប្រទេស​ផ្សេង​កំណត់ថា មិនមាន​ភាពស្រប​ច្បាប់ ដើម្បី​បន្ត​រស់នៅ​ប្រទេស​នោះ​។

លោក​ថា នៅពេល​មាន​ការស្នើសុំ សហរដ្ឋអាមេរិក​តែងតែ​សហការ​ជាមួយ​កម្ពុជា និង​រដ្ឋាភិបាល​ផ្សេងទៀត​ក្នុង​ការរត់​ឯកសារ និង​ទទួល​ពលរដ្ឋ​របស់ខ្លួន​។ សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដំណើរការ​ទៅមុខ​នៃ​កិច្ចការ​ដ៏សំខាន់​នេះ​។

នៅ​ដើមឆ្នាំ​ ២០២០ ​នេះ​ពលរដ្ឋ​ខ្មែរ​ ២៥ ​នាក់​ត្រូវបាន​បញ្ជូន​ត្រឡប់​ពី​អាមេរិក​មក​កម្ពុជា​វិញ​ជា​លើកដំបូង​ក្នុងឆ្នាំនេះ​។ ប៉ុន្តែ​បើ​គិត​ជា​សរុប​ចាប់ពី​ឆ្នាំ​ ២០០២ ​មនុស្ស​ចំនួន​ ៧៦៨ ​នាក់ ​ហើយ​ដែល​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ នេះ​បើតាម​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង​ (KVAO) ​ដែល​ជួយ​រៀបចំ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួកគេ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក Roedemeier ថ្លែងថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រភព​នៃ​ការជួញដូរ​មនុស្ស​។ ជា​ឧទាហរណ៍​ ១ ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ស្ថានទូត​អាមេរិក​រៀបចំ​កិច្ចសន្ទនា​អន្តរក្រសួង​ជា​ទៀងទាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រឿង​ជួញដូរ​មនុស្ស​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ដល់​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ១០ ​ឆ្នាំ​មកហើយ​តាមរយៈ​កម្មវិធី​បំណិន​ជីវិត និង​ការសង្គ្រោះ​នៅតាម​សហគមន៍ ដើម្បី​ដោះស្រាយ​ប្រភព​នៃ​ការជួញដូរ សេវា​គាំពារ​ដល់​អ្នក​រួចផុត​ពី​ការជួញដូរ ការអប់រំ​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ការតស៊ូ​មតិ​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​។ សហរដ្ឋអាមេរិក​តែងតែ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​គោលដៅ​រួម​របស់​យើង គឺ​លុបបំបាត់​ការជួញដូរ​យក​ជនល្មើស​ទៅ​កាត់ទោស និង​ជួយ​ដល់​ជនរងគ្រោះ​»​។

ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ត្រឡប់មក​កម្ពុជា​វិញ ដោយសារ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​នានា​នោះ តែង​ត្រូវ​បាន​ជំទាស់​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​។

លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្លាប់​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងទៅ​ថា ការបណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដែល​បាន​អនុវត្ត​ទោស​នៅ​អាមេរិក​រួចហើយ​នោះ​ប្រៀបបី​ដូចជា​ការដាក់ទោស​ពួកគេ​ម្ដងទៀត​។

ស្រដៀង​គ្នា​នេះ អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ធ្លាប់បាន​លើកឡើង​ថា ទោះបីជា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​មាន​ប្រភពពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​ធំ​ដឹងក្ដី​នៅ​សហរដ្ឋអាមេរិក ហើយ​ឪពុកម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​របប​កុម្មុយនីស្ត ដែល​អាមេរិក​ជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្នែក​។ លោក​ថា​សហរដ្ឋអាមេរិក​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​អំពី​ការប្រព្រឹត្ត​ខុស​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​មិន​ប្រកប​ដោយ​ក្រមសីលធម៌​ទាល់តែ​សោះ​ដែល​ប្រទេស​អាមេរិក​ប្រកប​ដោយ​អំណាច​ទម្លាក់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​ដ៏តូច​មួយ​នេះ ហើយ​បង្ខំ​ឱ្យ​ប្រទេស​នេះ​មើលថែ​អ្វី​ដែល​ជា​ផលិតផល​របស់​សង្គម​អាមេរិក​»៕