
ពលករខ្មែរពេលកំពុងរៀនមុនចេញទៅធ្វើការនៅកូរ៉េកន្លងមក។ រូបថត EEDO Korean School
ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋកូរ៉េបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ជាលើកទី ៦ ខណៈរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ប្រព័ន្ធ EPS បានបញ្ជូនពលករកម្ពុជាជិត ៧ ម៉ឺននាក់ទៅបំពេញការងារនៅក្នុងប្រទេសនេះ។
ការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធ EPS ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា ឆ្នាំ ២០០៦ ដែលមានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េជាប្រតិបត្តិករ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២ ខែកុម្ភៈថា ថ្ងៃនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់គ្នាស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី ៦។
លោកបានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០០៧ មកកម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦៨ ២៩៤ នាក់ (ស្រីជិត ១ ម៉ឺន ៥ ពាន់នាក់) ឲ្យទៅបម្រើការក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ ៤៥ ៤៦២ នាក់ (ស្រី ១០ ១៨៣ នាក់)។ តាំងពីចាប់ផ្តើមនៃការបញ្ជូន [ពលករ] មកកម្ពុជាតែងតែជាប់ចំណាត់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ»។
លោកបានបន្ថែមថា បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាលដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូនដោយសារកម្ពុជាមានស្ថានភាពកូវីដ១៩ល្អប្រសើរមានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកម្រិតទាប បើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ កុម្ភៈថា ដោយសារតែបញ្ហាវិបត្តិកូវីដ១៩ តាមរយៈអនុស្សរណយោគយល់គ្នាបន្តនេះ គឺមិនទាន់មានតួលេខជាផ្លូវការណាមួយថា ក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េនឹងមានតម្រូវការពលករពីកម្ពុជាចំនួនប៉ុន្មាននោះទេ។ ក៏ប៉ុន្តែលោកថា ការចេញទៅធ្វើការនៅក្រៅប្រទេសគឺអាស្រ័យលើតម្រូវការ និងការសម្រេចចិត្តរបស់និយោជក ហើយតាមរយៈប្រព័ន្ធ EPS នេះគឺមិនមានកំណត់កូតានោះទេ។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការ Central បានលើកឡើងថា ដំណើរការនៃការបញ្ជូនពលករទៅកាន់ប្រទេសកូរ៉េនេះគឺជាដំណើរការល្អមួយដែលអាចផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានច្រើនបើប្រៀបធៀបនឹងការបញ្ជូនពលករចេញទៅប្រទេសដទៃ។ ក៏ប៉ុន្តែលោកថា បើទោះជាដំណើរបញ្ជូនពលករទៅប្រទេសនេះមានភាពល្អប្រសើរហើយក្តី ក៏លោករំពឹងថា រដ្ឋាភិបាលនៃប្រទេសទាំង ២ គួរតែយកចិត្តទុកដាក់បន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងប្រព័ន្ធនៃការការពារទៅលើសិទ្ធិពលករ និងលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល ឬកន្លែងរស់នៅមានមួយចំនួនហាក់នៅខ្វះចន្លោះ ព្រោះយើងឃើញមានករណីស្លាប់ មានអី។ អ៊ីចឹងហើយ ប្រព័ន្ធលក្ខខណ្ឌកន្លែងរស់នៅនេះគឺត្រូវតែយកចិត្តទុកដាក់ ត្រូវតែការពារពួកគាត់ឲ្យមានសុវត្ថិភាព នៅកន្លែងការងារ និងកន្លែងរស់នៅ»។
ក្រៅពីនេះលោក ឌី ថេហូយ៉ា ចង់ឲ្យរដ្ឋាភិបាលកម្ពុជាមានការទទួលស្គាល់ជាផ្លូវការនូវស្នាដៃ ឬជំនាញណាមួយ តាមរយៈការចេញបណ្ណសរសើរដល់ពលករដែលបានបំពេញការងារតាមការកំណត់នៅប្រទេសកូរ៉េដើម្បីឲ្យពួកគាត់អាចមានសមត្ថភាពដោយស្របច្បាប់ក្នុងការបន្តការងារនៅក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព៕