ភ្នំពេញៈ កម្ពុជា​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើ​ដំណើរ​ចេញ-ចូល​របស់​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម​ចូល​ទឹកដី​ប្រទេស​ទាំង​ ២ តាម​គ្រប់​ច្រកល្ហក​ចាប់ពី​ម៉ោង​ ២៣ និង ៥៩ នាទី​យប់​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​វៀតណាម​បាន​បិទ​ព្រំដែន​របស់ខ្លួន​ជា​ឯកតោភាគី​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ដោយ​សំអាង​ទៅលើ​ការភ័យខ្លាច​ការរីក​រាលដាល​សកល​នៃ​ជំងឺ​កូវីដ​​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​ការសម្រេច​នេះ​តាមរយៈ​សំណេរ​របស់លោក​នៅលើ​ទំព័រ​ហ្វេសប៊ុក​ក៏ដូចជា​សារ​ជា​សំឡេង ហើយ​ក្រសួងការបរទេស​ក៏បាន​សរសេរ​លិខិតផ្លូវការ​ប្រាប់​ទៅ​ស្ថានទូត​វៀតណាម​អំពី​សេចក្តីសម្រេច​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ការសម្រេច​ផ្អាក​ការធ្វើ​ដំណើរ​បណ្ដោះអាសន្ន​នេះ​ធ្វើ​ឡើង បន្ទាប់ពី​វៀតណាម​បានសម្រេច​បិទ​ព្រំដែន​របស់ខ្លួន​ជា​ឯកតោភាគី​ដោយ​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលទៅ​ប្រទេស​វៀតណាម​ចាប់​តាំងពី​ថ្ងៃទី​ ១៨ ខែ​មីនា​។

យោងតាម​លិខិត​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម​ដែល​ផ្ញើជូន​ក្រសួងការបរទេស​កាល​ពីថ្ងៃ​ទី​ ១៨ ខែមីនា បាន​បញ្ជាក់ថា វៀតណាម​បានសម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​បណ្ដោះអាសន្ន​ដល់​បរទេស​ទាំងអស់​ចូល​វៀតណាម​រយៈពេល​ ៣០ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​មីនា​។ រាល់​ជនបរទេស​ទាំងអស់​ដែល​ចូល​វៀតណាម​ត្រូវដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ទ្រង់ទ្រាយ​ធំ​តាម​ទីតាំង​ដែល​បានគ្រោង​ទុក និង​អនុវត្ត​ចំពោះ​អ្នកដំណើរ​មកពី​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ាន​។

បើទោះបី​ជា​វៀតណាម​បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ក៏ដោយ ក៏​លោក ហ៊ុន សែន ថ្លែង​ថា​នៅ​ថ្ងៃទី​ ១៨ ខែមីនា​នោះ​មាន​ពលរដ្ឋ​វៀតណាម​ប្រមាណ​ ៣០០ ​នាក់​បាន​ចូលមកក្នុង​ទឹកដី​កម្ពុជា​។ ប៉ុន្តែ​ដោយ​ការ​អាណិត​ដល់​ពលរដ្ឋ​វៀតណាម​ដែល​ចូលមក​កម្ពុជា កម្ពុជា​ទុកពេល ៤៨ ​ម៉ោង​ឲ្យ​ពួកគេ​ចាកចេញ​ទៅវិញ​ដើម្បី​ចៀសវាង​ក្លាយ​ជា​ជន​ខុសច្បាប់​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​នេះ​ជា​បញ្ហា​យើង​មិនមែន​ជា​ការសងសឹក ឬ​ឆ្លើយតប​ទាំង​គំរោះគំរើយ​ទេ​។ ក៏ប៉ុន្តែ​យើង​មាន​ហេតុផល ដើម្បី​បញ្ជាក់​ឲ្យ​គាត់​បានដឹង​ឲ្យ​ប្រជាជន​វៀតណាម​បានដឹងថា រឿង​ហេតុដែល​មិនបាន​ចូល​កម្ពុជា គឺ​យើង​អាណិត​ពួកគាត់​ទៅវិញ​ទេ ព្រោះ​ពួកគាត់​ត្រឡប់​ទៅវិញ​ត្រូវ​នៅ​ដាច់ដោយឡែក​ ១៤ ​ថ្ងៃ​ហើយ​ស្ថានភាព​នេះ​ជា​ស្ថានភាព​ដែល​មិនគួរ​គប្បី​ទេ​នៅក្នុង​រយៈពេល​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​កម្ពុជា នៅតាម​ព្រំដែន​ជាប់​ជាមួយ​វៀតណាម​ឲ្យ​ទាក់ទង​ភាគី​វៀតណាម ដើម្បី​សុំ​ឲ្យ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​នៅ​ទីនោះ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ អាជ្ញាធរ​តាម​ទល់ដែន​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ភាពទន់ភ្លន់​។ លោក​បញ្ជាក់ថា ការបិទ​ព្រំដែន​នេះ​សម្រាប់តែ​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ចំណែក​ការចរាចរ​ទំនិញ និង​កិច្ចសហការ​ក្នុង​ការដោះស្រាយ​បញ្ហា​បន្ទាន់​ផ្សេងៗ​នៅតែ​ធ្វើ​ឡើង​ជា​ធម្មតា​។

ក្រសួងការបរទេស​ក៏បាន​សរសេរ​លិខិត​ជូន​ស្ថានទូត​វៀតណាម​ផងដែរ​ដោយ​បញ្ជាក់ថា កម្ពុជា​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ជូនដំណឹង​ដល់​ពលរដ្ឋ​វៀតណាម កុំឲ្យ​ធ្វើដំណើរ​មក​កម្ពុជា​តាម​គ្រប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ក្នុង​អំឡុងពេល​សុពលភាព​នៃ​ការរឹតត្បិត​ការធ្វើដំណើរ​របស់​វៀតណាម​។

ក្រសួងការបរទេស​សរសេរ​ថា​៖ «​ការធ្វើ​ដំណើរ​ចូល​ប្រទេស​ កម្ពុជា​ ដោយ​ពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា​តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់​នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង​ ២៣:៥៩ យប់​ថ្ងៃទី​ ២០ ខែ មីនា ឆ្នាំ​ ២០២០​។ វិធានការ​នេះ​មាន​គោលបំណង​បញ្ចៀស​នូវ​ការលំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម​ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ដែល​តម្រូវ​បង្ខាំង​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ ក្រោយពី​បានធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ចូលទៅ​វៀតណាម​»​។

ទោះយ៉ាងណា​វិធានការ​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​ពលរដ្ឋ​ទាំង​ ២ ​ភាគី​ដែល​កាន់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ​។ ក្រសួង​ក៏​ស្នើ​ឲ្យ​វៀតណាម សម្រួលការ​ដឹកទំនិញ​ឆ្លង​ព្រំដែន​ដោយ​គ្មាន​ការរាំងស្ទះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​វៀតណាម ប្រសិនបើ​មាន​។

ស្រដៀង​គ្នា​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ផ្អាក​នូវ​ការធ្វើដំណើរ​ចេញ-ចូល​ប្រទេស​ទាំង​ ២ ជា​បណ្តោះអាសន្ន ដោយសារ​ករណី​ឆ្លង​ជំងឺ​កូវីដ​​ ១៩ ​មានការ​កើនឡើង​យ៉ាងគំហុក និង​ខណៈ​ពេលដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​កម្រិត​លើ​ការធ្វើដំណើរ​។ លិខិត​របស់លោក​ក៏មាន​ខ្លឹមសារ​ដូច​លិខិត​របស់​ក្រសួងការបរទេស​ផងដែរ​។

នៅ​ចំណុច​ចុងក្រោយ​លោក ស ខេង សរសេរ​ថា​៖ «​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ត្រូវ​ធ្វើការ​ជម្រាប​ជូន​ភាគី​វៀតណាម​អំពី​វិធានការ​ខាងលើ​នេះ និង​ស្នើសុំ​ការយោគយល់ ហើយ​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​រួមគ្នា​ក្នុង​ការបញ្ឈប់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញ​ថា ជាការពិត​ការព្រួយបារម្ភ​អំពី​កូវីដ​ ១៩ ​ជា​កង្វល់​រួម ប៉ុន្តែ​ការសម្រេចចិត្ត​របស់​វៀតណាម​ហាក់ដូចជា​មិនបាន​ផ្ដល់​អ្វី​ជា​តម្លៃ​នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​នាម​អ្នកជិតខាង​។ លោក​ថា លោក​ ហ៊ុន សែន បាន​ឆ្លើយតប​យ៉ាង​ទន់ភ្លន់ តែ​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​ការឆ្លើយតប បើ​យើង​ពិនិត្យ​ឲ្យ​មែនទែន​មិន​សមាមាត្រ​ផង​។ លោក​គិតដល់​តម្លៃ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​នាម​ប្រទេស​ភូមិ​ផង​របង​ជាមួយ​លោក​គិត​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ លោក​គិត​អំពី​តម្លៃ​ខាង​ផ្នែក​មនុស្សធម៌​។ ខ្ញុំ​យល់ថា ប្រតិកម្ម​របស់​លោក​មាន​ភាពទន់ភ្លន់ តែ​ច្បាស់លាស់​ដោយ​ជំហរ​មនុស្សធម៌​ការទូត និង​ភាព​ចាស់វស្សា​ខាង​នយោបាយ​ការបរទេស​»៕