The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ពី​បារាំង​លើក​ទី ៦៦ ដោយ​មាន​ការ​ជូនពរ​ពី​ប្រទេស​មហា​អំណាច​ពីរ

កម្ពុជា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ពី​បារាំង​លើក​ទី ៦៦ ដោយ​មាន​ការ​ជូនពរ​ពី​ប្រទេស​មហា​អំណាច​ពីរ

Content image - Phnom Penh Post
ព្រះករុណាព្រះ​បាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់​ដៃ​ជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W.Patrick Murphy ក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ នៅថ្ងៃទី ០៩ ខែវិច្ឆិកាឆ្នាំ ២០១៩។ ហុង មិនា

កម្ពុជា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ពី​បារាំង​លើក​ទី ៦៦ ដោយ​មាន​ការ​ជូនពរ​ពី​ប្រទេស​មហា​អំណាច​ពីរ

កម្ពុជា​អបអរ​សាទរ​ថ្ងៃ​ប្រវត្តិសាស្រ្ត​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ទទួល​បាន​ឯករាជ្យ​ពី​បារាំង ក្រោម​ព្រះ​រាជបូជនីយ​កិច្ច​របស់​ព្រះ​បរមរតនៈ​កោដ្ឋ សម្តេច​ព្រះ នរោត្តម សីហនុ។

ព្រះ​មហាក្សត្រ​កម្ពុជា នាយក​រដ្ឋមន្ត្រី និង មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់ បាន​ចូល​រួម​ក្នុង​កម្មវិធី​ថ្វាយ​ភ្លើង​ជ័យ​នៅ​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​រំឭក​ថ្ងៃ​ប្រវត្តិសាស្រ្ត​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៦ ក្រោយ​ពេល​ទទួល​ឯករាជ្យ​ពី​បារាំង កាល​ពី​ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។

ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ដែល​យាង​ក្នុង​ព្រះ​រាជពិធី​ដុត​ទៀន​ជ័យ ដើម្បី​រំឭក​ដល់​វិញ្ញាណ​ក្ខ័ន្ធបុព្វ​បុរស​ខ្មែរ​គ្រប់​រូប ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​កម្ពុជា នា​វិមាន​ឯករាជ្យ បាន​មាន​ព្រះ​រាជ​បន្ទូល​រំឭក​ពី​ព្រះរាជបូនីយកិច្ច​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង យ៉ាង​លំបាក​ជូន​ដល់​ប្រជារាស្រ្ត និង​មាតុភូមិ​កម្ពុជា​របស់​បិតា​របស់​ទ្រង់។

ព្រះ​អង្គ​មាន​ព្រះ​រាជ​បន្ទូល​យ៉ាង​ដូច្នេះថា៖ «កូន​ចៅ​ប្រជានុរាស្រ្ត​គ្រប់​រូប​សូម​ចង​ចាំ និង ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះ​ករុណា ព្រះបរម​រតនកោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ និង​ប្រជារាស្រ្ត​កម្ពុជា»។
សាធារណរដ្ឋ​បារាំង បាន​ដាក់​អាណា​និគម​លើ​កម្ពុជា​អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ គឺ​ចាប់ពី ថ្ងៃ ១១ សីហា ១៨៦៣ ដល់ថ្ងៃ ៩ វិច្ឆិកា ១៩៥៣។

តែ​យ៉ាង​ណា​ក៏​ដោយ ក្រោម​ការ​គ្រប់គ្រង​ជិត ១ សតវត្សរ៍​នេះ ព្រះ​បរម​រតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បាន​ទាម​ទារ​ឯករាជ្យ​នៅ​លើ​ឆាក​អន្តរជាតិ រហូត​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នៅ ហ្សឺណែវ ពី​ការ​ទទួល​ស្គាល់​ឯករាជ្យ​របស់​កម្ពុជា​ពី​បារាំង ក្នុង​អំឡុង​ពេល​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​តាម​ទំព័រ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃសៅរិ៍​នេះ​ថា លោក​និង​មន្រ្តី​រាជការ​មក​ពី​គ្រប់ក្រសួង ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ កូន​ក្មួយ​សិស្សានុសិស្ស បាន​ដង្ហែរ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ថ្វាយ​ភ្លើង​ជ័យ​នៅ​ក្នុង​ថ្ងៃ​ប្រវត្តិសាស្រ្ត​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៦ ស្រប​ជាមួយ​នឹង​ខួប​លើក​ទី ៦៦ ឆ្នាំ​នៃ​ការ​បង្កើត​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ។

លោកនា​​យករដ្ឋមន្ត្រី​បាន​ថ្លែ​ងបន្តថា៖ «ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល ព្រោះ​ជា​ថ្ងៃប្រវត្តិសាស្រ្ត​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណា​និគម​បារាំង។ ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​មាន​តែ​អំណរ​សាទរ និង​ក្តីសប្បាយ​រីករាយ​ចំពោះ​មោទនភាព​ជាតិ ដែល​មិន​ត្រូវ​ឲ្យ​មាន​អ្វី​មក​រំខាន​ដល់​សេចក្តី​សុខ និង​សន្តិភាព​របស់​កម្ពុជា​ត​ទៅ​ទៀត​ឡើយ។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​រួម​ជាតិ​ដែល​បាន​ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​យើង​មក​ទល់​សព្វ​ថ្ងៃ»។

លោក​នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏​មិន​បាន​ភ្លេ​ច​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ទទួល​ទាន​អំបុក​ដែល​ជា​នំ​ចំណី​អត្តសញ្ញាណជាតិ​ខ្មែរ នៅ​ក្រោ​មពាក្យ​ស្លោក «អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ»ផងដែរ។

ជាមួយ​នឹង​ការ​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៦ នេះ ប្រទេស​មហា​អំណាច​មួយ​ចំនួន ជាពិសេស សហរដ្ឋអាមេរិក បាន​ថ្លែងសារ​ចូលរួម​អបអរ​សាទរ​ដល់​ប្រជាជន​កម្ពុជា ហើយ​ថា ទិវា​នេះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្សះផ្សា​ជាតិ ស្រប​ពេល​ដែល​កម្ពុជា ឆ្លើយតប​យ៉ាង​កក់​ក្តៅ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បាន​ថ្លែង​ក្នុង​លិខិត​របស់​លោក ដែល​ផ្ញើ​ជូន​ព្រះមហាក្សត្រខ្មែរ ថ្នាក់​ដឹក​នាំ​កម្ពុជា និង​ប្រជានុរាស្ត្រ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋអាមេរិក ស្ថិត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​​ចង់​បាន​នូវ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកប​ដោយ​សុខ​សន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព»។

ជាមួយនឹង​លិខិត​របស់​លោក ត្រាំ លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក ក៏​បាន​ផ្ញើសារ​លិខិត​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​អបអរ​ទិវា​បុណ្យឯករាជ្យ​ជាតិ​ខ្មែរ​នេះ​ផង​ដែរ។

លោក Pompeo បាននិយាយថា៖ «ដោយ​មើល​ឃើញ​គុណ​តម្លៃ​រួម​គ្នា​របស់​ប្រជាជន​កម្ពុជា និង ប្រជាជនអាមេរិក យើង​សង្ឃឹម​ថា ទិវា​នេះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្សះផ្សា​ជាតិ កិច្ចសន្ទនា​ដោយ​សន្តិវិធី ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ។ យើង​អបអរ​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​មួយ ដែល​មាន​ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និង វិបុលភាព​ដែល​កាន់​តែ​ប្រសើរ​ឡើង»។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ក៏​បាន​ផ្ញើលិខិត​របស់​លោក ទៅ​កាន់​លោក Mike Pompeo ស្រប​ពេល​ព្រះមហាក្សត្រកម្ពុជា បាន​ឆ្លើតប​លិខិត​របស់ លោក Donald J. Trump ថា ដូច​ប្រទេស​ដទៃទៀត​នៅ​លើ​ពិភព​លោក​ដែរ ដែល​ទិវា​បុណ្យ​ឯករាជ្យជាតិ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ និង​សំខាន់​បំផុត​នៃ​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ខ្លួន។

លោក ប្រាក់ សុខុន បាន​សរសេរ​នៅ​ក្នុង​លិខិត​នោះ​ថា កម្ពុជា យល់ពី​តម្លៃខ្ពស់​ចំពោះ​មិត្តភាព​របស់​សហរដ្ឋ​អាមេរិក និង សារ​របស់​ឯកឧត្តម Pompeo ដែល​បាន​ផ្ញើ​​មក​កម្ពុជា ដែល​នេះ​ជា​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ស៊ី​ជម្រៅ​និ​ង​កាន់​តែ​មាន​អត្ថន័យ​រវាង​កម្ពុជា​និង​អាមេរិក អំពី​ឯករាជ្យនិង​អធិបតេយ្យនៃ​ប្រទេស​នីមួយៗ ដោយ​ក្ដី​គោរព​ទៅ​វិញ​ទៅ​មក។

លោកថ្លែងថា៖ «ក្នុង​ន័យ​នេះ ក្នុង​នាម​ពលរដ្ឋ​កម្ពុជា និង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពជា ខ្ញុំ​សូម​ឆ្លើយតប​ដោយ​កក់​ក្ដៅ​និង​ស្មោះត្រង់​បំផុត និង សូមជូនពរ​ឯកឧត្តម Pompeo និង ប្រជាពលដ្ឋអាមេរិកាំង​ទទួល​បាន​នូវ​សន្តិភាព និង​សេចក្ដី​សុខ»។

ស្របពេលជាមួយគ្នានេះ លោក Xi Jinping ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត ចិន លោក Li Keqiang នាយករដ្ឋមន្រ្តីចិន និង​លោក Wang Yi ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ការបរទេស ចិន នៅថ្ងៃទី ៩ វិច្ឆិកា​នេះ ​ក៏​ប្រកាស​ថ្វាយ​និង​ជូន​សារលិខិត​អបអរសាទរ​ខួប​លើក​ទី ៦៦ នៃ​ទិវាបុណ្យឯករាជ្យជាតិ​កម្ពុជា និង ដល់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ទាំង​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​នៃ​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍