ភ្នំពេញៈ ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការមក​ដល់​នៃ​ជនជាតិ​ខ្មែរ​ ៣០ នាក់​ទៀត​ដែល​នឹង​ត្រូវ​និរទេស​មកពី​សហរដ្ឋអាមេរិក រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​​ខ្វះខាត​ច្រើន​ ដើម្បី​គាំទ្រ​អ្នក​ដែល​ត្រូវ​បាន​និរទេស​ទាំង​នេះ ខណៈ​ពួកគេ​ជាច្រើន​ជួប​ការលំបាក​ក្នុង​ការ​សម្រប​ខ្លួន​ចូលមក​រួមរស់​នៅក្នុង​សង្គម​កម្ពុជា​។

សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជនជាតិ​កម្ពុជា ៣០ ​នាក់​ទៀត​មក​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ត្រូវ​បាន​រំពឹង​ថា នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២២ ខែ​សីហា នេះ​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចព្រមព្រៀង​មាតុភូមិ​និវត្តន៍​ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង​ ២ កាលពី​ឆ្នាំ​​ ២០០២​។

លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ពិត​ជា​ខ្វះខាត​អ្វីៗ​ជាច្រើន​ដើម្បី​គាំទ្រ​ពួកគេ​។ យើង​បាន​ធ្វើ​សំណើសុំ​ជំនួយ​ទៅ​សហរដ្ឋអាមេរិក ហើយ​ពួកគេ​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​»​។

លោក​បន្ត​ថា​៖ «​ពួកគេ​ (​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ​) ​មិន​យល់​អំពី​ភាសា និង​វប្បធម៌​របស់​យើង ពួកគេ​កើត​នៅ​អាមេរិក ហើយ​អ្នក​ខ្លះ​បាន​ទៅ​អាមេរិក កាល​ពេល​ពួកគេ​នៅ​ជា​កុមារ​តូច​មិន​ទាន់​ដឹង​អ្វី ហើយ​ពួកគេ​មិន​មាន​សាច់ញាតិ​នៅ​ទី​នេះ​។ ដូច្នេះ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ចូលក្នុង​សង្គម​»​។

ពួកគេ​ជាច្រើន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាល​នៅ​ជា​កុមារភាព​ក្នុង​អំឡុង​សង្គ្រាម​។

លោក​បន្ត​ថា​៖ «​យោង​ទៅ​តាម​ហេតុផល​មនុស្សធម៌ យើង​អាណិត​ពួកគេ ប៉ុន្តែ​វា​ជា​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ២ ហើយ​យើង​ត្រូវ​អនុវត្ត​វា​»​។

កិច្ចព្រមព្រៀង​និរទេស​កាលពី​ពេល​ថ្មីៗ​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​រវាង​លោក​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក Jospeh Galoski សេនានុពន្ធ​ផ្នែក​អន្តោប្រវេសន៍​ និង​គយ​របស់​អាមេរិក​ដែល​ប្រចាំការ​នៅ​ប្រទេស​កម្ពុជា​។

លោក ចាន់ដារ៉ា ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ចំនួន​នៃ​អ្នក​ដែល​ត្រូវ​និរទេស​ថ្មីៗ​បំផុត​នេះ​ពី​អាមេរិក​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​ពី​មុន​ការបោះឆ្នោត​ជាតិ​។ កាលពី​ដើម​ខែ​មេសា​ជនជាតិ​កម្ពុជា​ចំនួន ៤៣ ​នាក់​ត្រូវ​បាន​និរទេស​មកពី​ប្រទេស​អាមេរិក​។

លោក ចាន់ដារ៉ា មិន​បាន​បង្ហាញ​ថា តើ​នឹង​មាន​ជនជាតិ​កម្ពុជា​ចំនួន​ប៉ុន្មាន​នាក់​ទៀត​នឹង​ត្រូវ​និរទេស​មក​ទៀត​នា​ឆ្នាំ​នេះ​នោះ​ទេ​។ «​យើង​មិន​ដឹងថា តើ​មាន​ចំនួន​ប៉ុន្មាន​ទេ​?​។ នៅពេល​ជនជាតិ​កម្ពុជា ៣០ ​នាក់​នោះ​មក​ដល់​ពួកគេ​នឹង​ដាក់​ករណី​ថ្មី​មក​ទៀត​»​។ ប៉ុន្តែ​លោក​ថ្លែង​ថា ករណី​ ២ ​នៃ​អ្នក​ដែល​ត្រូវ​និរទេស​ទាំង​នោះ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​កម្ពុជា​។

នៅពេល​មក​ដល់​អ្នក​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អង្គការ Khmer Vulnerability Aid ដែល​ជួយ​ពួកគេ​ក្នុង​ការ​ចូល​ក្នុង​សង្គម​ឡើង​វិញ បង្រៀន​វប្បធម៌​ខ្មែរ និង​ជួយ​រក​គ្រួសារ​ឲ្យ​ពួកគេ​។

លោក​បាន​ថ្លែង​ថា​៖ «​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជនជាតិ​កម្ពុជា​ចំនួន ៦៩៧ នាក់​ហើយ​ត្រូវ​បាន​និរទេស​មកពី​អាមេរិក ហើយ​ជាមួយ​នឹង​ចំនួន ៣០ នាក់​បន្ថែម​ទៀត​ចំនួន​នេះ​នឹង​លើស​ ៧០០ ​នាក់​ដែល​ត្រូវ​បាន​និរទេស​រហូត​មក​ដល់​ពេល​នេះ​»​។

លោក យិន ចាន់ធូ ជនជាតិ​កម្ពុជា​អាយុ ៤៨ ​ឆ្នាំ​ដែល​ត្រូវ​បាន​និរទេស​ពី​អាមេរិក​មក​កម្ពុជា​កាលពី​ខែ​ឧសភា​បាន​ចាប់​មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​បាន​ឲ្យ​ដឹង​ថា កំណត់ហេតុ​ព្រហ្មទណ្ឌ​របស់​លោក​គឺ​នៅ​មាន​នៅ​អាមេរិក​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​អាច​សម្របសម្រួល ប៉ុន្តែ​អ្នក​មិនអាច​ចូល​ក្នុង​វប្បធម៌​នេះ​ទាំង​ស្រុង​ទេ ហើយ​យើង​មិន​មាន​នរណា​ម្នាក់​អាច​ជួយ​បាន​ទេ​។ ប្រព័ន្ធ​វេជ្ជសាស្ត្រ​មិន​ល្អ​នៅ​ទីនេះ ហើយ​សុខភាព​របស់​ខ្ញុំ​គឺជា​ក្តីបារម្ភ​ចម្បង​។ យើង​មិន​មាន​ការជួយ​ផ្នែក​វេជ្ជសាស្ត្រ​ទេ​នៅ​ទី​នេះ​»​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​ឯកា​ណាស់ បែកបាក់​ពី​គ្រួសារ​របស់​យើង​។ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ផ្លូវចិត្ត​។ ខ្ញុំ​មាន​កូន​ ៣ ​នាក់​នៅ​អាមេរិក​»​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Zwartjes បាន​ឆ្លើយ​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​យើង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​យក​ការវិល​ត្រលប់​របស់​ជនជាតិ​ខ្លួន​ដែល​មិន​មាន​សិទ្ធិ​បន្ត​រស់នៅ​អាមេរិក​»​។

លោក Arend បាន​បន្ត​ថា​ស្ថានទូត​អាមេរិក​ផ្ដល់​ជំនួយ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ដើម្បី​ជួយ​អ្នក​វិល​ត្រឡប់​ទាំងនេះ​ចូល​ទៅ​រួមរស់​ក្នុង​សង្គម​កម្ពុជា​វិញ​៕ PS