ភ្នំពេញៈ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស នៃ​សាធា​រណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ទៅ​នឹង​អ្វី​ដែល​បាន​ពិភាក្សា​គ្នា កាល​ពី​ម្សិលមិញ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​រីកច​ម្រើន​ខ្លាំង​ឡើង លើ​វិស័យ​វប្បធម៌ សាសនា អប់រំ ​និង​សេដ្ឋកិច្ច និង​បាន​ឲ្យ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង ២ ធ្វើ​ការងារ​ទាំង​នោះ។

នេះ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ទ្វេភាគី រវាង​លោក ហ៊ុន សែន និង​លោកស្រី អ៊ុង​សាន ស៊ូជី នៅ​វិមាន​សន្តិភាព។

លោកស្រី អ៊ុង​សាន ស៊ូ​ជី បានមក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល ៣ ថ្ងៃ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៩ ខែ​ មេសា ដល់​ថ្ងៃ​ទី ១ ខែ​ ឧសភា ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២។

លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​លើកឡើងថា នេះ​ជា​លើក​ទី១ ហើយដែល​លោកស្រី​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​មក​ជួប​ចរចា ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី ឱ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង និង​សកម្ម​ថែម​ទៀត លើ​វិស័យ​វប្បធម៌ សាសនា អប់រំ និង​សេដ្ឋកិច្ច។

នេះ​បើតាម​ការអះអាង​របស់​លោក អ៊ាង សុផល្លែត លោក សុផ​ល្លែត បាន​ថ្លែង​ថា ជាការ​ឆ្លើយតប លោក ហ៊ុន សែន បាន​ស្វាគមន៍​នូវ​អ្វីដែល​លោក​ស្រី​បាន​លើក​ឡើង​ទាក់​ទង​នឹង​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង ២។

លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ឆ្នាំ ២០២០ គឺជា​ខួបលើក​ទី៦៥ ​ឆ្នាំ​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ហើយ​​កម្ពុជា-មីយ៉ាន់​ម៉ា គួរ​រៀបចំ​ពិធី​នេះឱ្យ​អធិក​អធម​ និង​ពង្រឹង​វិស័យ​ទេសចរ​ណ៍ រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ខេត្ត​សៀមរាប និង​ខេត្ត​បាហ្គាន របស់​មីយ៉ា​ន់ម៉ា ដែល​សម្បូរ​ទៅដោយ​ប្រាសាទ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

លោក សុផល្លែត បន្តថា លោក ហ៊ុន សែន ក៏បាន​ថ្លែង​អំណរ​គុណដល់ប្រទេស​មីយ៉ា​ន់​​​ម៉ា ​ដែល​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​​កសាង​វិហារ​ព្រះ​ពុទ្ធ​សាសនា​នៅ​ទីនោះ និង​បាន​បណ្តុះ​បណ្តាល​ព្រះសង្ឃ​ចំនួន​ ៩៤ អង្គ ​ដែល​បាន​រៀន​ចប់ ហើយ​ ៤​ អង្គទៀត​កំពុង​បន្ត​ការសិក្សា។

បើតាមលោក សុផល្លែត លោក ហ៊ុន សែន ក៏បាន​ស្នើ​ដល់​មីយ៉ាន់​ម៉ា ឲ្យ​ធ្វើយ៉ាង​ណា ​ជំរុញ​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ទាក់​ទង​វិស័យ​អប់រំ​ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ។

លោក​បញ្ជាក់​ថា៖​ «លើស​ពីនោះ​ទៅ​ទៀត ក៏សូម​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ទំនាក់​ទំនង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​មីយ៉ាន់​ម៉ាទៅ​វិញ​ទៅមក​ ដែល​មាន​កា​រគាំទ្រ​ពី រដ្ឋាភិបាល​ប្រទេស​ទាំង​​ ២។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ​ក៏​បាន​ផ្តល់​អាហារូប​ករណ៍​ចំនួន​ ១០ ទៅ​ដល់​ប្រទេស​ មីយ៉ាន់​ម៉ា ផង​ដែរ ដើម្បី​មាន​និស្សិត​មី​យ៉ាន់ម៉ាមក​សិក្សា​នៅក​ម្ពុជា សម្រាប់​ឆ្នាំ ២០១៩​-​​២០២០។ រៀប​ចំ​ធ្វើ​ឱ្យមាន​ការ​បញ្ជូន​សិស្ស​ទៅរៀន​នៅ​មីយ៉ាន់​ម៉ា និង​បញ្ជូន​សិស្ស​ទៅ​រៀន​នៅ​កម្ពុជា​ដោយ​មានការគាំទ្រ​ពីរដ្ឋា​ភិបាល​ទាំង ២»។

បើ​តាម​លោក សុផល្លែត ក្រៅ​ពីនេះ​ លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​ឲ្យ​លោក​ស្រី អ៊ុង សាន​ស៊ូជី ត្រួត​ពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា និង​វិស័យ​ផ្សេង​ទៀតដែល​ប្រទេស​ទាំង​ ២ មាន​សក្តា​នុពល​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន ជា​ពិសេស​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម ពី ១០​ លាន​ដុល្លារ ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ បាន​ថ្លែង​ថា បើ​មើល​គូភាគី​ខាង​មីយ៉ាន់​ម៉ា ឃើញ​ថា ​នេះ​គឺជា​ដំណើរ​ទស្ស​ន​កិច្ច​ការ​ទូត​ជា​ធម្មតា (Protocol) នៅ​ពេល​អ្នកដឹក​នាំ​ណា​មួយ​ឡើង​កាន់​អំណាច ​គឺត្រូវ​តែ​មាន​ការ​បំពេញ​ទស្សន​កិច្ច​ទៅ​តាម​ប្រទេស​នានា ដែល​អាច​ធ្វើ​ទៅបាន។ លោក​បន្ត​ថា​ គូភាគី​នេះ​មិនអាច​លើក​យក​រឿង​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​មក​ជជែក​គ្នា​បាន​ទេ ដោយ​សារ​តែ​ប្រទេស​ទាំង ២ ​នេះ​កំពុង​តែ​ជាប់​នៅ​ក្នុង​ការ​រិះគន់​ពី​អន្តរជាតិ។

លោកបញ្ជាក់ថា​៖ «អ្វី​ដែល​គូភាគី​ទាំង​ ២ នឹង​ផ្តោត​គឺ​ផ្តោត​ទៅលើខាង​វិស័យ​ការ​ពង្រឹង​នូវ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋ​កិច្ច និង​ពាណិជ្ជ​កម្ម។ បើ​យើង​និយាយ​អំពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ភូមា ហើយ​និង​កម្ពុជា​ហ្នឹង ​គឺជា​ប្រទេស​មួយ​ដែល​មាន​ស្ថាន​ភាព​ស្រដៀង​គ្នា ដែល​ហាក់​ដូចជាមិន​ទាន់​មាន​ឥទ្ធិព​ល​សេដ្ឋ​កិច្ច​អីធំធេង​ក្នុង​ការ​បញ្ជូ​ន​​នូវ​ផលិត​ផល​អី​ឱ្យគ្នា​ទៅ​វិញទៅ​មក។ ការជួ​ប​នេះ​គឺភាគ​ច្រើ​ន​គឺការ​រឹត​ចំណង​ការទូត​ទេ»។

កាល​ពី​ម្សិល​មិញ ក្រៅ​ពី​ជួប​ជា​មួយ​លោក​ ហ៊ុន សែន លោ​ក​ស្រី​ អ៊ុងសាន ស៊ូជី ក៏​បាន​ចូល​ជួប​សំណេះ​សំណាល លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក ​​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ផង​ដែរ។ តាម​គម្រោង​លោក​ស្រីនឹង​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​​ទៅ​កាន់​ខេត្ត​សៀមរាបនៅ​ព្រឹក​នេះ ​ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត​មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា៕