ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការបរទេស​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​រង់ចាំ​ការ​ឯក​ភាព ពី​ប្រទេស​ឡាវ អំពី​បញ្ហា​ព្រំដែន ដើម្បី​បញ្ជូន​លិខិត​ទៅ​លោក​ម៉ាក្រុង ប្រធានា​ធិបតី​បារាំង ដើម្បី​ស្នើសុំ​ផែនទី​មក​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន ដែល​នៅ​សេស​សល់​រវាង​ប្រទេស​ទាំង ២។

លោក​កេ​ត សុផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន ក្រោយ​ជំនួប​រវាង​លោក​ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ និង​លោក​ស្រី Francesca Erdelmann តំណាង​ថ្មី​អង្គការ​ស្បៀង អាហារ ពិភពលោក ប្រចាំ​កម្ពុជា (WFP) នា​ព្រឹក​ថ្ងៃ​ទី ៨ មករា​នេះ ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឯកសារ​មួយ​ចំនួន ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​រួច​រាល់ និង​បាន​ផ្ញើ​ទៅ​កាន់​ភាគី​ឡាវ ហើយ​កម្ពុជា​បាន​និង​កំពុង​រង់​ចាំ​តែ​ការ​ឯក​ភាព​លើ​ឯកសារ​ទាំង​នោះ ពី​ឡាវ​តែ​ប៉ុណ្ណោះ ដើម្បី​បញ្ជូន​លិខិត​ទៅ​លោក​ម៉ាក្រុង។

លោក​បញ្ជាក់ថា៖ «រឿង​ភាគី​ខ្មែរ និង​ឡាវ ដែល​យើង​បាន​ឯកភាព​គ្នា​ថា នឹង​ផ្ញើ TOR (Term Of Reference) ទៅ​ស្នើ​សុំ​បារាំង រហូត​មក​ដល់​ពេល​នេះ យើង​បន្ត​ការ​ពិភាក្សា​គ្នា ជាមួយ​ភាគី​ឡាវ ដើម្បី​បញ្ជូន TOR ទៅ​ប្រទេស​បារាំង។ រហូត​មក​ដល់​ពេល​នេះ តាម​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​មក គឺ​ខាង​គណៈ​កម្មការ​ព្រំដែន​យើង បាន​ផ្ញើ​ទៅ​ខាង​ឡាវ​ហើយ ដើម្បី​មាន​ការ​ឯកភាព​គ្នា​លើ TOR ហ្នឹង។ អ៊ីចឹង​យើង​នៅ​រង់ចាំ​ភាគី​ឡាវ ដើម្បី​ឲ្យ​គាត់​ផ្ដល់​មក​យើង​វិញ ឯកភាព​លើ TOR ហ្នឹង​បាន​យើង​បញ្ជូន​ទៅ​បារាំង»។

កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៨ លោក​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា និង លោក​ថង​លូន ស៊ីសូលីត នាយក​រដ្ឋមន្ត្រី​ឡាវ បាន​យល់​ព្រម​ប្រគល់ ភារកិច្ច​ឲ្យ​ក្រសួង​ការបទេស​ទាំង ២ រៀបចំ​បែប​បទ​បច្ចេកទេស ដើម្បី​ផ្ញើ​ទៅ​ប្រធានា​ធិបតី​បារាំង ស្នើ​សុំ​ឲ្យ​ផ្ដល់​ផែនទី បោន​ខ្នាត ១ លើ ១០០ ពាន់ មក​ផែនទី​ខ្នាត ១ លើ ៥០ ពាន់ ដើម្បី​វាស់​វែង​ព្រំដែន ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ហើយ។

គួរកត់សម្គាល់​ផងដែរ​ថា​កាលពី​ខែកញ្ញា ឆ្នាំ ២០១៨ លោកនាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង ២ បាន​ឯកភាព​គ្នា​ដាក់​តំបន់​អូរ​តាង៉ាវ​ជា​តំបន់​គ្មាន​កងទ័ព តំបន់​គ្មាន​ប្រជាជន​រស់​នៅ និង​ធ្វើ​អាជីវកម្ម និង​បង្កើត​ឲ្យ​មាន​ការ​ល្បាត​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង ២ នៅ​តំបន់​នោះ ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ដោយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​តំបន់​ជាប់​ព្រំដែន កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។

លោក​វ៉ា គឺ​ម​ហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បាន​បដិសេធ​ឆ្លើយ​បំភ្លឺ​ទាក់​ទង​ការ​វិវឌ្ឍ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ។

នៅពេល​ទាក់ទង ពី​ម្សិលមិញ លោក​សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នក​ស្រាវជ្រាវ​បញ្ហា​ព្រំដែន មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត ពី​បញ្ហា​បចេ្ចកទេស នៃ​ការ​កំណត់​ព្រំដែន​នោះ​ទេ ដោយ​ថា​លោក​មិន​មែន​ជា​អ្នក​ជំនាញ ប៉ុន្តែ​លោក​ថ្លែង​ថា៖ «បារាំង​ត្រូវ​តែ​ផ្តល់​ [ផែនទី] ពីព្រោះ​នេះ​ជា​កម្អែល​របស់​បារាំង បើ​បារាំង​មិន​ផ្តល់ តើ​បាន​ផែនទី​ពី​ណា​មក​ដោះស្រាយ​ពីព្រោះ​ប្រទេស​បារាំង​គឺ​ជា​អ្នក​កាត់​កង​ដី​ព្រំដែន​ហ្នឹង។ បារាំង​នឹង​ផ្តល់​នៅ​ពេល​ដែល​មាន​ការ​ឯកភាព​រវាង​ប្រទេស​ទាំង ២»។

បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ​បាន​ឡើង​កម្ដៅ​កាលពី​ខែសីហា ឆ្នាំ ២០១៧ ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ហើយ​បើ​តាម​មន្ដ្រី​ព្រំដែន គឺ​កម្ពុជា និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០ គីឡូម៉ែត្រ​ដោយ​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ ១៤៥ បង្គោល។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ភាគី​ទាំង ២ បាន​បោះ​រួច​រាល់​ចំនួន ១២១ បង្គោល នៅ​សល់​ប្រមាណ ២៤ បង្គោល​ទៀត ខណៈ​ដែល​ចំណុច​នៅ​សេស​សល់​នោះ​គឺ​ស្ថិត​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង៕