ភ្នំពេញៈ កម្ពុជា-រុស្ស៊ី នឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សនៅសប្ដាហ៍នេះ ដើម្បីផ្លាស់ប្ដូរបទពិសោធ និងរៀនសូត្រនូវការអនុវត្តល្អពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ និងការពារគ្នានៅលើវេទិកាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យបានថ្លែងពីម្សិលមិញថា ការចុះហត្ថលេខាលើអនុស្សរណៈនេះធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្សនៃសហព័ន្ធរុស្ស៊ីនៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ីនាថ្ងៃទី ១៨ ខែឆ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
លោកបានពន្យល់ថា៖ «អនុស្សរណៈនេះផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទូទៅពាក់ព័ន្ធនឹងការផ្លាស់ប្ដូរបទពិសោធ។ ការអនុវត្តល្អៗ។ ការរៀនសូត្រពីគ្នាទៅវិញទៅមកអំពីការការពារសិទ្ធិសេរីភារពរបស់ប្រជាពលរដ្ឋ។ ការលើកស្ទួយសិទ្ធិមនុស្ស។ ក្នុងហ្នឹងក៏មានការជួយគ្នាក្នុងការចែករំលែកព័ត៌មានក៏ដូចជាឯកសារពាក់ព័ន្ធសិទ្ធិមនុស្ស»។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ក្រៅពីនេះក៏មានការជួយគាំទ្រគ្នាទៅវិញទៅមក និងការពារគ្នានៅក្នុងវេទិកាតំបន់ក៏ដូចជាវេទិកាអន្តរជាតិពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស។ យើងក៏មានការជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងពលរដ្ឋនៃប្រទេសទាំង ២ រួមមានពលរដ្ឋរុស្ស៊ីនៅកម្ពុជា និងពលរដ្ឋកម្ពុជានៅរុស្ស៊ី ដែលទទួលរងនូវការរំលោភបំពានសិទ្ធិតាមរយៈការជួយការពារ និងការផ្ដល់ជំនួយផ្នែកច្បាប់ផ្សេងៗ»។
លោកបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ផ្នែកសិទ្ធិមនុស្សបែបនេះនឹងបន្តធ្វើដោយភាពច្បាស់លាស់ជាមួយប្រទេសផ្សេងទៀត។ កម្ពុជាតែងតែធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សនេះជាមួយសង្គមស៊ីវិល និងបណ្ដាប្រទេសនៅតំបន់នានាទាំងអាស៊ី និងអឺរ៉ុប។ ជាក់ស្ដែងកម្ពុជាតែងធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុនដែលធ្វើឡើងជាប្រចាំជាមួយជប៉ុន និង ២ ឆ្នាំម្ដងជាមួយស៊ុយអែត។ ក្រៅពីនេះក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិរួមមាន អាស៊ាន សហភាពអឺរ៉ុប ជាមួយអង្គការសហប្រជាជាតិ ពិសេសទាក់ទងនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោក ម៉ាលីន បន្តថា៖ «ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនេះ កម្ពុជាប្រកាន់យកគោលការណ៍សន្តិសហវិជ្ជមាន គឺយើងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីទាំងអស់ មិនថាប្រទេសតូច ប្រទេសធំ សេរី មិនសេរី លោកខាងលិច ខាងកើត ខាងជើងខាងត្បូង គឺយើងមិនប្រកាន់ទេ។ សំខាន់យើងធ្វើកិច្ចសហប្រតិបត្តិការទាំងអស់ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋ សង្គមជាតិ និងប្រយោជន៍ប្រជាជាតិទាំងមូល»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថា រដ្ឋាភិបាលមានសិទ្ធិក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសផ្សេងៗ។ ប៉ុន្តែលោកថានៅពេលនិយាយដល់បញ្ហាសិទ្ធិមនុស្ស ហើយកម្ពុជាធ្វើសហប្រតិបត្តិការជាមួយ រុស្ស៊ី ដែលគេដឹងថា ជាប្រទេសមានការដឹកនាំតាមបែបកុម្មុយនីស្ត វាជារឿងមួយចម្លែក។
លោកថ្លែងថា បើនិយាយពីបញ្ហាសិទ្ធិមនុស្ស គេតែងរត់ទៅរកប្រទេសសេរី ដូចជាខាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមដែលគេយល់ថាជាប្រទេសដែលផ្ដល់តម្លៃជាលក្ខណៈអន្តរជាតិថាជាប្រទេសមានការគោរពសិទ្ធិមនុស្សបានល្អប្រសើរ។
លោកនិយាយថា៖ «ការដែលយើងធ្វើសហប្រតិបត្តិការជាមួយរុស្ស៊ីបែបនេះ ខ្ញុំគិតថានឹងធ្វើឲ្យមានការយល់ឃើញថា វាមិនមែនធ្វើឡើងដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សទេ។ ព្រោះរុស្ស៊ីមិនមែនជាប្រទេសមានការគោរពសិទ្ធិមនុស្សបានត្រឹមត្រូវទេ ព្រោះមានការចាត់វិធានការលើអ្នកមានមតិជំទាស់ជាច្រើនរឿង។ អ៊ីចឹងបើយើងសហប្រតិបត្តិការទៅលើបណ្ដាប្រទេសកុម្មុយនីស្តបែបនេះវាធ្វើឲ្យមានការវាយតម្លៃ ថាកម្ពុជាយើងមិនមានឆន្ទៈងាកទៅរកការគោរពសិទ្ធិមនុស្សពិតប្រាកដទេ គឺមានតែរូបភាព»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលធ្លាប់រស់នៅ និងសិក្សានៅប្រទេសរុស្ស៊ី យល់ឃើញថាបើទោះបីជាមតិខ្លះយល់ថា រុស្ស៊ីជាប្រទេសកុម្មុយនីស្តក៏ដោយ តែធាតុពិតប្រទេសរុស្ស៊ីមានការគោរពសិទ្ធិមនុស្សបានល្អ។ លោកថា បញ្ញវន្ត នៅរុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងការសិក្សាស្រាវជ្រាវ។ ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានវិញ លោកថាសូម្បីក្នុងបន្ទប់ទឹកក៏មានវិទ្យុដែរ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែនៅពេលយើងទៅចាប់ដៃជាមួយរុស្ស៊ី នៅពេលដែលអឺរ៉ុបគេអត់ពេញចិត្ត វាបង្កើតរឿងទៅជាថាប្រទេស កុម្មុយនីស្តអីអ៊ីចឹងទៅ។ ប៉ុន្តែប្រទេសរុស្ស៊ីគេទូលាយណាស់ យើងដើរអត់ដឹងថាអ្នកធំ អ្នកតូចទេ ព្រោះទាំងអស់គ្នាជិះមេត្រូ និងឡានក្រុងដូចគ្នា។ ខុសពីយើងនៅយើងអ្នកមានដឹងអ្នកមាន អ្នកក្រដឹងអ្នកក្រ អ្នកតូចដឹងអ្នកតូច»៕