ភ្នំពេញៈ ប្រទេសកម្ពុជានិងប្រទេសរុស្ស៊ី អាចនឹងចុះកិច្ចព្រមព្រៀងស្តីពីបត្យាប័នដែលនឹងអាចត្រួសត្រាយផ្លូវសម្រាប់ការនិរទេសសេដ្ឋីរុស្ស៊ី Sergei Polonsky ដែលកំពុងរត់គេចខ្លួន ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីប្រឈមនឹងបទល្មើសឧក្រិដ្ឋ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងថា កិច្ចព្រមព្រៀងមួយរវាងប្រទេសទាំងពីរគឺកំពុងស្ថិតនៅកម្រិតជិតរួចរាល់ បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុង Moscow កាលពីម្សិលមិញជាមួយសមភាគីកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី។
លោកបន្តថា៖ «ឥឡូវនេះ យើងកំពុងពង្រឹងក្របខ័ណ្ឌច្បាប់រវាងរុស្ស៊ីនិងព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងអន្តរកម្មរវាងស្ថាប័នអនុវត្តច្បាប់»។
ដោយអត្ថាធិប្បាយជាក់លាក់ អំពីលទ្ធភាពនៃការធ្វើបត្យាប័នលោក Polonsky កាលម្សិលមិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានមានប្រសាសន៍ថា កិច្ចប្រជុំចុងក្រោយរវាងអ្នកជំនាញនឹងកើតមានឡើងនាខែនេះ មុននីតិវិធីដែលនឹងអាចដាក់ចេញសម្រាប់ភាគីទាំងពីរចុះហត្ថលេខា។
ប៉ុន្តែនៅក្នុងការឆ្លើយតបទៅនឹងអ្នកកាសែតរុស្ស៊ី លោក ហោ ណាំហុង បានថ្លែងថា កម្ពុជាកំពុងតែ «ស្វែងយល់អំពីលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងនេះ»។
បើតាមការបកប្រែជាភាសារុស្ស៊ីពីការអត្ថាធិប្បាយនេះ លោកបានថ្លែងថា៖ «អាជ្ញាធរកំពុងពិនិត្យមើល។ យើងនឹងគិតដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងសំណើរបស់សហព័ន្ធរុស្ស៊ី ចំពោះការធ្វើបត្យាប័នពលរដ្ឋនេះ។ នៅពេលខ្ញុំត្រឡប់ទៅកម្ពុជា ខ្ញុំនឹងពិភាក្សារឿងនេះជាមួយរដ្ឋាភិបាល សហការីខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជា។ យើងនឹងពិភាក្សាអំពីលទ្ធភាពនៃការដោះស្រាយបញ្ហានេះ»។
រុស្ស៊ី បានស្វែងរកការធ្វើបត្យាប័នរយៈពេលជាច្រើនឆ្នាំមកហើយ ចំពោះលោក Polonsky ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា ជាជនម្នាក់ក្នុងចំណោមមនុស្សដែលមានបំផុតនៅក្នុងប្រទេសរស្ស៊ី និងដែលជាមនុស្សត្រូវគេប៉ងចាប់ខ្លួនពីបទក្លែងបន្លំនិងកិបកេងដ៏ធំនៅប្រទេសរុស្ស៊ី។
ក្នុង ខែមេសា តុលាការកំពូលបានសម្រេចថា ប្រទេសកម្ពុជានឹងមិនធ្វើបត្យាប័នសេដ្ឋីរូបនេះទេ ដោយសារការខ្វះសន្ធិសញ្ញាផ្លូវការជាមួយប្រទេសរុស្ស៊ី។
លោក Polonsky មិនអាចទាក់ទងសុំអត្ថាធិប្បាយដោយផ្ទាល់បានទេ កាលម្សិលមិញ។ លោក Kaspars Cekotins ជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីរបស់គាត់ថ្លែងថា គាត់កំពុងស្ថិតនៅក្នុងដំណើរស្ទូចត្រីលេងឆ្ងាយពីឆ្នេរសមុទ្រ។
ប៉ុន្តែលោក បែន សុនសម័យ ដែលជាមេធាវីកម្ពុជារបស់គាត់ អះអាងថា បើទោះជាមានការចុះសន្ធិសញ្ញាបត្យាប័នក៏ដោយ ក៏ការធ្វើបត្យាប័នគាត់ទៅមិនរួចទេ។ លោកថា៖ «ពីមុនករណីផ្សេង វាមិនអាចទៅរួចទេ។ វាយឺតពេលហើយ។ ស្នើសុំម្តងមិនជោគជ័យ មិនអាចស្នើសុំជាលើកទីពីរបានទេ...ករណីនេះមិនអាចអនុវត្តបានទេ»។
លោក Ilya Rosenfeld អ្នកនាំពាក្យរបស់លោក Polonsky ក្នុងប្រទេសរុស្ស៊ី បានបដិសេធធ្វើអត្ថាធិប្បាយរឿងនេះ។
នាយការិយាល័យនគរបាលអន្តរជាតិកម្ពុជា លោក លឹម សុខារស្មី បានថ្លែងថា លោកមិនទាន់ទទួលបានសំណើថ្មីៗណាមួយស្តីពីការសុំធ្វើបត្យាប័នសេដ្ឋីរុស្ស៊ីលោក Polonsky ទេ។
មានការយល់ឃើញថា ប្រទេសរុស្ស៊ីនឹងធ្វើសំណើម្តងទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា។
ការប្រកាសអំពីលទ្ធភាពនៃការចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័ននេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី ភ្នំពេញ ប៉ុស្តិ៍ បង្ហាញថា Oleg Tikhanov ដែលជាជនជាតិរុស្ស៊ីរត់គេចខ្លួនម្នាក់ទៀត កំពុងរស់នៅក្នុង ខេត្តព្រះសីហនុ ក៏អាចត្រូវចាប់ខ្លួនដោយនគរបាលអន្តរជាតិកម្ពុជាដែរ ផ្អែកលើសំណើរបស់រុស្ស៊ី។ គាត់ប្រឈមនឹងបទចោទប្រកាន់ធ្ងន់ធ្ងររួមមាន «ការកាន់កាប់ជាតិផ្ទុះខុសច្បាប់» ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មរៀបចំទុកជាមុន។
ការិយាល័យនគរបាលអន្តរជាតិកម្ពុជាបានទទួលស្គាល់ថា ជនជាតិរុស្ស៊ីរូបនេះ «ជាមនុស្សដ៏គ្រោះថ្នាក់ខ្លាំងម្នាក់» ហើយក៏កំពុងធ្វើការស៊ើបអង្កេត។
បុគ្គលិករបស់ Tikhanov ជាម្ចាស់បារ៍ សណ្ឋាគារ និងសាលាមត្តេយ្យ ត្រូវគេជឿថា បានពាក់ព័ន្ធក្នុងជម្លោះមួយកាលពីខែមុន នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យបុរសម្នាក់ដេកពេទ្យ ដោយសារការចាក់៕