ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន និង​សមភាគី​វៀតណាម លោក​ ផាម ប៊ិញមិញ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២២ ធ្នូ ដោយ​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ភាគី​ទាំង​ ២ ​ក៏​បាន​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​លើ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា ការគ្រប់គ្រង​ការជួញដូរ​ឈើហុប និង​សត្វព្រៃ​ខុសច្បាប់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ឡើង​ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភាគី​ទាំង​ ២ ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ដ៏មោះមុត និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការគ្រប់គ្រង​សកម្មភាព​កេងប្រវ័ញ្ច​ខុសច្បាប់​នានា ការដឹកជញ្ជូន​ និង​ការជួញដូរ​ឈើហុប និង​សត្វព្រៃ​ខុសច្បាប់​ឆ្លងដែន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ភាគី​ទាំង​ ២ ​ក៏​បាន​ឯកភាព​ធ្វើការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ​សត្វ​ និង​រុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផល​សាច់គោ សាច់ជ្រូក និង​ប្រព័ន្ធ​ធារាសាស្ត្រ​»​។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​រូប​បាន​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏មាន​ប្រសិទ្ធភាព និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការការពារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ស្រប​ពេលដែល​កំពុង​ខិតខំ​រក្សា​លំហូរ​ពាណិជ្ជកម្ម​នៃ​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការវិនិយោគ​។

ចំពោះ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ទាំង​ ២ ​ក៏​បាន​សម្តែង​ការពេញចិត្ត ចំពោះ​ការវិវឌ្ឍ​ដ៏ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ដោយ​ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន​ ៥,២៧ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​ ២០១៩​។ ទំហំ​ពាណិជ្ជកម្ម​នេះ​មាន​លើសពី​ ៥ ​ពាន់​លាន​ដុល្លារ ដែល​គ្រោង​ថា​នឹង​មាននៅ​ឆ្នាំ​ ២០២០​។ ប្រទេស​ទាំង​ ២ ​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​នាំចូល និង​នាំចេញ​រវាង​ប្រទេស​ទាំង​ ២​។

ប្រទេស​ទាំង​ ២ ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​រួម​គ្នា​ដើម្បី​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​គម្រោង​នានា​ផ្នែក​បរិស្ថាន ធនធានទឹក និង​ឧតុនិយម​។ ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រើប្រាស់ ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានទឹក​ទន្លេមេគង្គ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ការជំរុញ​ការការពារ និង​អភិរក្ស​បរិស្ថាន សកម្មភាព​ពាក់ព័ន្ធ​អាកាសធាតុ កំណើន​បៃតង និង​ការគ្រប់គ្រង​ដីធ្លី ក៏ត្រូវ​បាន​ឯកភាព​គ្នា​ផងដែរ​។

ក្រៅពីនេះ​គណៈកម្មការ​ចម្រុះ​ក៏បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការថែទាំ​សុខភាព រួមមាន​ការធ្វើ​ចត្តាឡីស័ក​នៅតាម​ព្រំដែន​ដូចដែល​ភាគី​ទាំង​ ២ ​មាន​កិច្ចព្រមព្រៀង​តាំងពី​ឆ្នាំ​ ២០០៦ ការសហការ​គ្នា​ក្នុង​ការឆ្លើយតប និង​ទប់ស្កាត់​ទាន់​ពេលវេលា​ចំពោះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការផ្ទុះឡើង​មេរោគ​ដទៃទៀត​។

ចំពោះ​បញ្ហា​ព្រំដែន ភាគី​ទាំង​ ២ បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការគោរព​ និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ស្តីពី​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ ២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​ក៏​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការបោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ និង​ពិភាក្សា​យ៉ាងសកម្ម​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួលយក​បាន​ទាំង​សងខាង ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ ចំពោះ​ព្រំដែន​គោក​ចំនួន​ ១៦ ​ភាគរយ​ទៀត ​ដែល​ពុំទាន់​បាន​ខណ្ឌ​សីមា​នៅឡើយ​»​។

លោក ប្រាក់ សុខុន និង​លោក​ ផាម ប៊ិញមិញ ក៏បាន​ផ្លាស់ប្តូរ​លិខិតូបករណ៍​នៃ​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ ២៕