ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០២០ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលវៀតណាមនឹងជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺន និងជួយឧបត្ថម្ភឧបករណ៍ សម្ភារ ដល់វិស័យកីឡាកងទ័ពកម្ពុជា។
ពិធីចុះកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិទៅកាន់ទីក្រុងហាណូយកាលពីថ្ងៃទី ២០ ធ្នូ ហើយបានជួបពិភាក្សាជាមួយលោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំង ២ បានចុះហត្ថលេខាលើសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល ៥ ឆ្នាំ «២០២០-២០២៥» នៅក្រសួងការពារប្រទេស វៀតណាម ក្នុងទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ នេះ។
បើយោងតាមគេហទំព័រក្រសួងការពារជាតិដែលបានចុះផ្សាយកាលពីថ្ងៃទី ២០ បានឲ្យដឹងថាលោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាមបានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនា ទៀបាញ់ ដែលបានទទួលការអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាមមកចូលរួមក្នុងពិធីខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិទាំង ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ។
យោងតាមគេហទំព័រដដែលនេះលោក ស៊ុនលិច្ស បានឲ្យដឹងថា៖ «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាមលើកនេះគឺមានអត្ថន័យយ៉ាងសំខាន់ដើម្បីវាយតម្លៃពីលទ្ធផលអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង ២ ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ និងទិសដៅ ៥ ឆ្នាំ ទៅមុខទៀត។ កិច្ចសហការរវាងកងទ័ពទាំង ២ នឹងទទួលបានជោគជ័យក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពទាំង ២ ប្រទេសកម្ពុជា-វៀតណាម»។
លោក ទៀ បាញ់ បានថ្លែងដោយសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេសវៀតណាមដែលជានិច្ចកាលបានជួយគាំទ្រដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងលើគ្រប់វិស័យដល់កងយោធពលខេមរភូមិន្ទឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងបានជំរុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត រួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងកងទ័ពប្រទេសទាំង ២ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល ៥ ឆ្នាំ “២០១៥-២០១៩” និងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ២០១៩ ក្រសួងការពារជាតិប្រទេសទាំង ២ កម្ពុជា-វៀតណាម។
លោក ទៀ បាញ់ បានថ្លែងថា៖ «(យើង) បានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលលទ្ធផលជាផ្លែផ្កាតាមផែនការកំណត់ធ្វើឲ្យកងទ័ពប្រទេសទាំង ២ មានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការពី ១ ថ្ងៃទៅ ១ ថ្ងៃកាន់តែល្អប្រសើរលើគ្រប់វិស័យសម្រាប់កសាង និងអភិវឌ្ឍប្រទេសព្រមទាំងបានបង្កើន និងពង្រីកចំណង ទំនាក់ទំនងមិត្តភាព សាមគ្គីភាព លើគ្រប់វិស័យគួរកត់សម្គាល់»។
លោក ទៀ បាញ់ បានឲ្យដឹងដែរថា ក្រសួងការពារជាតិមានភារកិច្ចចូលរួមចំណែកក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាដោយបានស្នើដល់ភាគីវៀតណាមជួយពិនិត្យលទ្ធភាពដល់កម្ពុជាលើវិស័យកីឡាកងទ័ពដូចជាការជួយបណ្តុះបណ្តាល និងហ្វឹកហាត់ និងជួយឧបត្ថម្ភឧបករណ៍ សម្ភារ និងមធ្យោបាយសម្រាប់ហ្វឹកហាត់ដល់កីឡាកម្ពុជា។ លោក ង៉ូ ស៊ុនលិច្ស បានឯកភាពជាគោលការណ៍ និងឲ្យស្ថាប័នជំនាញធ្វើការជាមួយគ្នា និងដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការដើម្បីអនុវត្ត៕