ភ្នំពេញៈ ​នាយករដ្ឋមន្ត្រី​កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ទៅវិញ​ទៅមក​ដល់​មន្ត្រី​ការទូត សិស្ស​និស្សិត​ពី​ប្រទេស​ទាំង​ ៣ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​នីមួយៗ​ព្រមទាំង​ប្ដេជ្ញា​អនុវត្ត​ និង​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​នានា​ដែលមាន​ស្រាប់​។

ការឯកភាព​ និង​ការប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ៣ ​ពី​ថ្ងៃ​ទី​ ១០ ខែមីនា ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្រសួងការបរទេស​បាន​ថ្លែងថា​៖ «​នាយករដ្ឋមន្ត្រី​ទាំង​ ៣ ​បាន​ឯកភាព​គ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការប្រយុទ្ធ​​ប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។ ​នាយករដ្ឋមន្ត្រី​ទាំង​ ៣ ​ក៏បាន​ឯកភាព​គ្នា​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ទៅវិញ​ទៅមក​ដោយ​មិន​គិតថ្លៃ​ដល់​មន្ត្រីការទូត និង​សិស្ស និស្សិត កម្ពុជា ឡាវ និង​វៀតណាម​ដែល​កំពុង​ស្នាក់នៅ​ក្នុងប្រទេស​នីមួយៗ​»​។

ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​​ក្នុង​សហគមន៍​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ឡាវ និង​វៀតណាម​សម្តែង​នូវ​ជំនឿ​ជឿជាក់ថា ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការផ្ទុះ​រាលដាល​ដែល​កំពុង​កើតមានឡើង​សាជាថ្មី​នេះ​។

នាយករដ្ឋមន្ត្រី​ទាំង​ ៣ ក៏​បាន​កត់សម្គាល់​នូវ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា-ឡាវ និង​កម្ពុជា-វៀតណាម​ផង​​ដែរ​ ហើយ​បាន​សម្តែង​នូវ​ការពេញចិត្ត​រួមគ្នា​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ៣ ទោះ​កំពុង​ប្រឈម​ខ្លាំង​ពី​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង​ ៣ ​បាន​ឯកភាព​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ​សន្តិសុខ ការពារជាតិ ការគ្រប់គ្រង​ព្រំដែន ពាណិជ្ជកម្ម និង​វិនិយោគ​ការតភ្ជាប់​ថាមពល​ និង​អប់រំ​»​។

ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ៣ ឯកភាព​បន្ត​រក្សា​ និង​អនុវត្ត​ឱ្យ​​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​ជាប់​ព្រំដែន និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន ព្រមទាំង​សហការ​បន្ថែម​ក្នុង​ការការពារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រួម​។

ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ ៣ ត្រូវអនុវត្ត​នូវ​ការព្រមព្រៀង​ដែល​បានសម្រេច​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ រួមទាំង​បង្កើន​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ពហុវិស័យ​រវាង​បណ្តា​ប្រទេស​ទាំង​ ៣​។ នេះ​បើតាម​ក្រសួង​ការបរទេស​។

ក្រៅពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ត្រីភាគី​នាយករដ្ឋមន្ត្រី​ទាំង​ ៣ ក៏បាន​ជជែក​ពី​បញ្ហា​នៅ​ប្រទេស​​មីយ៉ាន់ម៉ា​ផងដែរ​។

គេហទំព័រ​ព័ត៌មាន​របស់​រដ្ឋាភិបាល​បាន​ចុះផ្សាយ​ថា​ «​ទាក់ទង​នឹង​កង្វល់​រួម​កម្រិត​តំបន់​ និង​អន្តរជាតិ​នាយករដ្ឋមន្ត្រី​ទាំង​ ៣ ​បង្ហាញ​ពី​បំណងប្រាថ្នា​ចង់ឃើញ​ប្រទេស​មីយ៉ាន់ម៉ា​អាច​ស្ដារឡើងវិញ​នូវ​ស្ថិរភាព​ឆាប់ៗ​នេះ​ និង​ប្រាថ្នា​ចង់ឃើញ​ភាពមិន​ចុះសម្រុង​គ្នា​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​ដោយ​សន្តិវិធី​ដើម្បី​ជា​ប្រយោជន៍​របស់​មីយ៉ាន់ម៉ា និង​សន្តិភាព​​ និង​ស្ថិរភាព​ក្នុង​តំបន់​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការរួម​សហការ​ទប់ស្កាត់​កូវីដ-១៩​រវាង​ប្រទេស​ទាំង​ ៣ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពេល​វិបត្តិ​នេះ​បាន​ផុត​ទៅ​។ លោក​យល់​ថា ប្រទេស​ទាំង​ ៣ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​៕