ភ្នំពេញៈ កម្ពុជា​បាន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​នៅលើ​ទីតាំង​ដែល​បាន​ព្រមព្រៀង​ដោយ​សមភាគី​វៀតណាម ប៉ុន្តែ​បាន​ទុក​កន្លែង​ដែល​មាន​ជម្លោះ​នៅ​ដដែល ដោយ​មិន​ទាន់​ប៉ះពាល់ ខណៈ​ការបោះបង្គោល​រួម​ដំណើរការ​បាន​ ៨៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោកស្រី​ដោយ​សម្ដែង​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះបង្គោល​នៅ​តំបន់​ដែល​បាន​ឯកភាពគ្នា​នេះ​។

លោកស្រី​ថា​៖ «​យើង​មាន​បេសកកម្ម​ការពារ​អ្នក ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខិតខំ​សម្រេច​ឲ្យ​បាន​។ សូម​អបអរសាទរ​ចំពោះ​លទ្ធផល​បញ្ចប់​ទាំងស្រុង​នៃ​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​នៅ​តំបន់​ដែល​ឯកភាព​»​។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ៨៤ ​ភាគរយ​នៃ​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ត្រូវ​បាន​បញ្ចប់ ខណៈ​នៅ​សល់ ១៦ ​ភាគរយ​ទៀត​កំពុង​នៅ​រង់ចាំ​ជំនួយ​ពី​ប្រទេស​បារាំង​នៅ​ឡើយ​។

លោក​បាន​ថ្លែង​ថា​៖ «​លោកជំទាវ កុយ ពិសី និយាយ​ក្នុង​ហ្វេសប៊ុក​របស់​គាត់ គាត់​និយាយ​ច្បាស់​ណាស់​គឺ​យើង​បោះ​បាន​រួចរាល់​នៅក្នុង​ខេត្ត​ ២ ខេត្ត​មណ្ឌលគិរី ហើយ​និង​ខេត្ត​រតនគិរី​រួចរាល់​ទាំង​ស្រុង​នៅ​តំបន់​ដែល​ភាគី​ទាំង​ ២ ​ឯកភាព​គ្នា​។ នៅ​តំបន់​ដែល​ភាគី​ទាំង​ ២ ​ឯកភាព​គ្នា អ្នក​អត្ថាធិប្បាយ​ខ្លះ​អត់​ដឹងអី​ទេ ដូច អ៊ុំ សំអាន ថា​នៅ​ដាក់​ដាំ ដាក់​ហ៊ូត មិន​ទាន់​មាន​អី​ផង មាន​តែ​កាត់​ដី​ឲ្យ​គេ​។ យើង​មាន​ទាន់​ឯកភាព​ឯណា​? លោកស្រី កុយ ពិសី និយាយ​ថា នៅ​តំបន់​ដែល​ភាគី​ទាំង​ ២ ​ឯកភាព​គ្នា​» ។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​​ ២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមភាគី​វៀតណាម​បាន​ឯកភាព​គ្នា​ស្នើសុំ​ការជួយ​ពី​ប្រទេស​​បារាំង​ឲ្យ​ផ្តល់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​បំប្លែង​ផែនទី​ដែល​មាន​ស្រាប់​ពី​ខ្នាត ១/១០០ ០០០ ទៅ​ជា​ខ្នាត ១/៥០ ០០០ ដែល​មាន​លម្អិត​ជាង​នេះ​។

លោក វ៉ា គឹមហុង បាន​ថ្លែង​ថា​បារាំង​ជិត​យល់​ព្រម​ជាមួយ​សំណើ​សុំ​ការ​ជួយ​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​ភាគី​ទាំង​ ២ ​ឯកភាព​គ្នា​ជា​មុន​សិន​។

លោក​ថា​៖ «​នៅ​មាន​មួយ​គរគោក​ទៀត​ដែល​យើង​ទុក​ឲ្យ​បារាំង​ជួយ​តែ​ខ្ញុំ​មិន​លម្អិត​ទេ​។ នៅ​សល់ ​១៦ ​ភាគរយ យើង​​ឯកភាព​គ្នា​មាន​ ៨៤ ​ភាគរយ​។ ១៦ ​ភាគរយ​យើង​សុំ​ឲ្យ​បារាំង​ជួយ​ហើយ​»​។

ការបោះបង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​ក្នុង​ខេត្ត​មណ្ឌលគិរី​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក​លោកស្រី កុយ ពិសី

លោក​បាន​បញ្ជាក់​ថា​៖ «​ជិត​ព្រម​ហើយ ប៉ុន្តែ​ត្រូវ​ធ្វើ​បែបបទ​បច្ចេកទេស​ខាងក្រោម​ឲ្យ​វា​​ត្រូវ​គ្នា ព្រោះ​យើង​មិន​ត្រូវ​គ្នា​អាហ្នឹង​។ អ៊ីចឹង​យើង​ធ្វើ​នេះ​មិនមែន​កាត់​ដី​ឲ្យ​គេ​ដូច​អា​ពួក​នោះ​និយាយ​ទេ​ណា​។ នៅ​ចំណុច​មិន​ត្រូវ​គ្នា​ក៏​យើង​មិន​ធ្វើ​ដែរ មិន​ចេះតែ​ឲ្យ​ធ្វើ​ទេ​»​។

លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​​សង្គ្រោះជាតិ​ដែល​ទើប​ដោះលែង​​ពី​ពន្ធនាគារ​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​បាន​ចុះ​សិក្សាការ​បោះបង្គោល​ព្រំដែន​​បាន​ថ្លែង​កាលពី​សប្ដាហ៍​មុន​ថា ការបោះបង្គោល​ព្រំដែន​នៅ​មាន​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​រវាង​ភាគី​កម្ពុជា​ និង​វៀតណាម​នៅ​ចន្លោះ​​បង្គោល ៥៥ ដល់​ ៦០ គឺ​ត្រង់​ចំណុច​ដាក់​ដាំ និង​ដាក់​ហ៊ូត​ដែល​កម្ពុជា​ហៅ​ថា តំបន់ អូរហ៊ុច និង​នៅ​កន្លែង​វៀតណាម​ជីក​ស្រះ​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។

លោក សុខ ទូច បាន​ឲ្យ​ដឹងថា ព្រំដែន​កម្ពុជា-វៀតណាម​មាន​ ៣១៤ បង្គោល​លើ​ចម្ងាយ ១ ២៧០ គីឡូម៉ែត្រ​។

លោក រម៉ាស់ ឆ្វាត់ តំណាង​សហគមន៍ឡំ​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​​មិន​ឃើញ​មាន​ការ​បោះបង្គោល​​ព្រំដែន​នៅក្នុង​ឃុំ​ប៉ក់ញ៉ៃ​ដែល​មាន​ភាពចម្រូងចម្រាស​ពី​រឿង​វៀតណាម​ជីក​ស្រះ​នោះ​ទេ ប៉ុន្តែ​ខាង​ភាគី​វៀតណាម​នៅ​បន្ត​ប្រើប្រាស់​ស្រះ​ទាំងនោះ​ដើម្បី​ស្រោចស្រព​ដំណាំ​កាហ្វេ និង​ម្រេច​របស់​ពួកគេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យួន​ដាំ​ម្រេច ដាំ​កាហ្វេ​។ បង្គោល​ព្រំដែន​ខ្ញុំ​អត់​ឃើញ​ថា គេ​ដាំ​នៅ​កន្លែង​ណាៗ ខ្ញុំ​អត់​ដឹង​ដែរ អត់​ឃើញ​មាន​ដាំ​បង្គោល​ទេ​។ កន្លែង​នេះ​តាំងពី​ដំបូង គេ​ដាំ​កាហ្វេ និង​ម្រេច​»​។

លោក​បន្ត​ថា​វៀតណាម​បាន​ជីក​ស្រះ​ចំនួន​ ៩ ប៉ុន្តែ​បាន​លុបចោល​វិញ​ចំនួន ១៕ PS