ភ្នំពេញៈ ក្រៅពី​បាន​ឯកភាពគ្នា ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៥ ភាគី​កម្ពុជា និង​វៀតណាម​ បាន​ប្តេជ្ញា​បន្ត​ថែរក្សា ការពារ និង​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​ប្រសើរ​ទៅ​តាម​ស្មារតី «ភាព​ជា​អ្នក​ជិត​ខាង មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង»។

នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា-វៀតណាម ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ម្សិលមិញ។

សេចក្តីថ្លែងការណ៍​រួម​បាន​ឲ្យ​ដឹងថា​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ កម្ពុជា ​រយៈពេល ២ ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ ទី ២៥ ដល់​ថ្ងៃ ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩ លោក ង្វៀង ហ្វ៊ូជុង អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម បាន​ចូល​គាល់​ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ចូល​ជួប​លោក សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា លោក ​ង្វៀង ហ្វ៊ូ​ជុង និង​លោក ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ ចំនួន ៥ ដែល​ក្នុង​នោះ​រួម​មាន​ទី១- សេចក្ដី​បន្ថែម​ស្តីពី​ការ​កែ​ប្រែ មាត្រា ៦ និង​មាត្រា ១៧ នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ទី២- ពិធីសារ​ស្តីពី​វិសោធ​នកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក ទី៣- អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តីពី​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​ឥត​សំណង​ចំនួន ២៥ លាន​ដុល្លារ សម្រាប់​ការ​អនុវត្ត​គម្រោង​សាង​សង់​អគារ​រដ្ឋបាល របស់​រដ្ឋសភា ទី៤- ការ​ចុះ​ហត្ថលេខា លើ​កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-វៀតណាម និងទី៥- ការ​ចុះ​ហត្ថលេខា លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍ សម្រាប់​ឆ្នាំ ២០១៩-២០២១ រវាង​ក្រសួង​ទេសចរណ៍​ប្រទេស​ទាំង ២។

សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ដូច្នេះ​ថា៖ «ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍ អំពី​ការ​អភិវឌ្ឍ​ថ្មីៗ​របស់ ប្រទេស​រៀង​ខ្លួន និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​ស៊ី​ជម្រៅ លើ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ក៏​ដូចជា​បញ្ហា​តំបន់ និង​ពិភពលោក​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក»។

ភាគី​ទាំង ២ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​ការ​រីក​ចម្រើន​ល្អ​ឥត​ខ្ចោះ​នៃ​ចំណង មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ធានា​សន្តិភាព ស្ថិរភាព ហើយ​ថា ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ថា ការពារ ថែរក្សា និង​ការ​អភិឌ្ឍ​ទំនាក់​ទំនង ទ្វេភាគី​តាម​ស្មារតី «ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ ​ស្ថិរភាព​យូរអង្វែង» ដោយ​ឈរ​លើ​គោលការណ៍​ នៃ​ការឯក​ភាព​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​កម្ពុជា​វៀតណា​ម​លើក​មុន។

ភាគី​ទាំង ២ ក៏បាន​ឯកភាព​គ្នា ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង នយោ​​បាយ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ លើក​កម្ពស់ ប្រសិទ្ធ​ភាព​នៃ​យន្តការ​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី ព​ង្រឹង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ​រវាង​បណ្តាស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង ២ និង​លើកកម្ពស់​ប្រសិទ្ធ​ភាពនៃ​កិច្ច​សហប្រតិ​បត្តិការ​ សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស។

សេចក្តី​ថ្លែង​ការណ៍​​បញ្ជាក់​​​ទៀត​​ថា៖ «ភាគី​ទាំង ២ សង្កត់ធ្ងន់​អំ​​ពី​សារៈសំខាន់ និង​ការ​ឯក​ភាព​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ ផ្នែក​ការពារ​ជាតិ និង​សន្តិសុ​ខ​ ដោយ​​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​ណ៍ មិន​អនុញ្ញាត​ឲ្យកម្លាំង​នយោ​បា​យ ឬ​កម្លាំង​យោធា​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ខ្លួន​ដើម្បី​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិនៃ​ប្រទេស​មួយ​ទៀត​ និង​ដោះ​ស្រាយ​​បញ្ហា​នានា​ដែល​កើត​​មាន​រវាង​ប្រទេស​ទាំង ២ ដោយ​សន្តិវិធី»​។

លោក​ ហេង សំរិន​ និង​​លោក ង្វៀង ហ៊្វូជុង នៅ​ក្នុង​ជំនួប​កាល​ពីម្សិល​មិញ​​។ ហេង ជីវ័ន

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​ជំនួប​ពិភា​ក្សា​ការងារ​កាលពី​ព្រឹក​ម្សិល​មិញ​លោកហ៊ុន សែន បាន​សម្ដែ​ង​ការអបអរសាទរ ចំពោះ​មុខលោ​ក ង្វៀង ហ៊្វូជុង ប្រមុខរដ្ឋ​វៀតណាម​ដែល​ប្រទេស​វៀតណាម​​បាន​និង​កំពុង​រៀប​ចំ​កិច្ចប្រជុំ​កំពូល​លើក​ទី ២ ឲ្យ​មេដឹក​នាំកំពូល​ពិភព​​លោក គឺ​លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​កូរ៉េខាង​ជើងលោក គីម ជុង​អ៊ុន។ នេះ​បើ​យោង​តាម​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​បង្ហោះ កាល​ពី​ព្រឹក​ម្សិលមិញ។

កិច្ចប្រជុំ​កំពូល​លើក​ទី២រវាង លោក ដូ​ណា​ល់ ត្រាំ លោក គីម ជុង​អ៊ុន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ​២៧-២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះនៅ​ប្រទេស​ វៀតណាម ខណៈ​​​ដែល​​ជំនួប​លើក​ទី១ កាល​ពី​ឆ្នាំ​មុន​ធ្វើឡើង​នៅ​​ប្រទេស​ សិង្ហបុរី។

នៅក្នុង​ជំនួប​រវាង លោក ង្វៀង ហ៊្វូ​ជុង ប្រធាន​រដ្ឋនៃ​សាធា​រណ​​រដ្ឋ​សង្គម​និយម​វៀតណាម​ជាមួ​យ​នឹង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កាលពី​ព្រឹក​ម្សិល​មិញ​នេះ​ដែរ​ លោក ហេង សំរិន ក៏​បាន​ថ្លែងកោតសរសើរ និង​អបអរសាទរចំពោះប្រទេស វៀតណាម ដែល​បាន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូលរវាង​លោក ដូណាល់​ ត្រាំ និង​លោក​ គីម ជុងអ៊ុន។

បើ​យោងតាម​ហ្វេ​ស​​​​ប៊ុ​ករ​បស់លោក ហេង សំរិន បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បច្ចុប្បន្ន​ប្រទេ​ស​ វៀត​ណាម កំពុង​ដើរ​តួរ​នាទី​យ៉ា​ង​សំខាន់ តាមរយៈ​​កិច្ច​សហប្រតិ​​បត្តិការ​ជិតស្និទ្ធ​ទាំង​ក្នុង​តំបន់ និង​​​សកល​លោក ហើយ​កិ​ត្យានុភាព របស់​មិត្ត​វៀតណាម​ កាន់តែ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ»។

ជាមួយ​គ្នា​នេះ​ដែរ នៅក្នុង​ជំនួប​រវាង លោក ង្វៀង ហ៊្វូ​ជុង ជាមួយនឹង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ​កាលពី​ម្សិល​មិញ​​នេះ​ដែរ​លោក សាយ ឈុំ បាន​ជំរុញឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា-វៀតណាម ចរចា​បញ្ចប់​លើ​បញ្ហា​ព្រំដែន ដើម្បី​ឈានទៅ​សម្រេច​បោះ​បង្គោល​ព្រំដែន​ រវាង​​ប្រទេស​ទាំង ២ ឲ្យ​បាន​ឆាប់​ចប់។

បើ​យោងតាម​សារព័ត៌​មាន​​ក្នុងស្រុក​មួយ​បាន​ស្រង់​សម្តី​លោក​សាយ ឈុំ មក​ចុះ​ផ្សាយ​ដូច្នេះ​ថា៖ «លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង ២ ក្នុង​ការចរ​ចាបញ្ចប់​លើ​បញ្ហា​ព្រំដែន ដើម្បី​ឈាន​ទៅ​សម្រេចនៃ​ការបោះ​បង្គោល និង​ការងារ​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង ២ ឲ្យ​បាន​​​គ្រប់​សព្វ​កាន់តែ​ឆាប់ និង​ល្អប្រសើរ ក្នុង​នោះ​ដើម្បី​កសាង​ព្រំដែន​កម្ពុជា-វៀតណាម ជា​ព្រំដែន​សន្តិភាព មិត្តភាព សហ​ប្រតិបត្តិ​ការ និង​ការ​អភិវឌ្ឍ»។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែងថា កម្ពុជា-វៀត​ណាម គឺជា​ទំនាក់​ទំនង​ធម្មតា ហើយ​ការ​មក​ទស្សនកិច្ច​ផ្លូវការ​​នេះ​ គឺជា​ផ្នែក​មួយ​ដែល​ប្រមុខរដ្ឋ​ ឬ​ប្រមុខ​រដ្ឋាភិបាល​ ដែល​ទើបតែ​ឡើង​កាន់តំណែង​ដើរ​សម្តែង​ការ​គួរសម​ ហើយ​វា​ក៏​ជួយ​ពង្រឹង ​និង​ពង្រីក​ទំនាក់​ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ និង​ជំរុញ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ផង​ដែរ។

លោក​បញ្ជាក់ថា៖ «ទំនាក់​ទំនង​រវាង​ក​ម្ពុ​ជា​ និង​វៀតណាម ប្រៀបដូចជា​បបូ​រមាត់ ​ហើយនឹង​ធ្មេញ​ ហើយ​វា​អត់​បែក​គ្នា​កើត​ទេមិន​មែន​ដូច​ពួក​ប្រឆាំ​ង​ចេះតែ​និយាយ បង្ក​អ​រិ​ភាព​រហូតដល់​ប្រកាន់​ពូជ​សាស​ន៍​រវាងប្រទេស​ជិតខាង ហើយ​នេះ​មិន​មែន​រក​មិត្ត​​ទេ​តែ​បែ​រជា​រក​ស​ត្រូវ​ជា​ការ​ល្អ​ យើង​ត្រូវ​រក​សម្ព័ន្ធភាព ​មិត្ត​ភាព សាមគ្គី​ភាព និង​កិច្ច​សហ​ប្រតិប​ត្តិការ​ទៅ​វិញទៅមក​ដើម្បី​វិបុល​ភាព»៕