ភ្នំពេញៈ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនៅប្រទេសវៀតណាមកាលពីសប្ដាហ៍មុនជាមួយសមភាគីវៀតណាមអំពីករណីជួញដូរឈើខុសច្បាប់ និងបទល្មើសសត្វព្រៃដែលនាំចេញពីកម្ពុជា រដ្ឋបាលព្រៃឈើកម្ពុជាបានឲ្យដឹងថា ភាគីទាំង ២ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសទាំងនោះ។
លោក ច័ន្ទ ប៉ូនីកា នាយករងរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្មថ្លែងថាមានមន្ត្រីគយមកពីខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង មន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីនគរបាលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះ។
លោកថ្លែងថា៖ «យើងបានពិភាក្សាអំពីការពង្រឹងការធ្វើពាណិជ្ជកម្មឈើស្របច្បាប់រវាងកម្ពុជា និងវៀតណាមហើយទី ២ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ សម្រាប់ប្រទេសនីមួយៗ»។
លោកបន្តថា៖ «យើងបានប្រាប់ពួកគេអំពីឯកសារដែលបង្ហាញថា ឈើទាំងនោះស្របច្បាប់ហើយប្រសិនបើគ្មានឯកសារទាំងនោះទេ នោះគឺវាខុសច្បាប់។ យើងបានស្នើឱ្យពួកគេអនុវត្តវា ហើយបើសិនពួកគេឃើញអ្វីដែលមិនប្រក្រតីពួកគេត្រូវរាយការណ៍មកយើងភ្លាម»។
លោកបន្ថែមថាកម្ពុជាចង់ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងដែលត្រូវបានបង្កើតឡើងកាលពីមុន ប៉ុន្តែក្រុមនេះមិនសូវសកម្មនោះទេ ដែលត្រូវពង្រឹងវាឡើងវិញ។ «ឥឡូវនេះយើងពន្យល់អំពីច្បាប់ក្នុងស្រុករបស់យើងដើម្បីឱ្យពួកគេយល់»។
លោក ប៉ូនីកា បញ្ជាក់ថាមន្ត្រីវៀតណាមបានជូនដំណឹងប្រាប់មន្ត្រីរបស់គេចំនួន ២០ នាក់មកពី គយ ទាហាន និង ប៉ូលិស ឱ្យធ្វើការឃ្លាំមើលឲ្យបានដិតដល់។
នៅពេលដែលសួរថា តើលោកអាចបញ្ជាក់បានទេថា តើធ្វើយ៉ាងដូចម្តេចទើបដឹងថា ភាគីវៀតណាមមិនបន្តទទួលយកឈើខុសច្បាប់ដែលនាំចេញពីកម្ពុជា? លោក ប៉ូនីកា ថ្លែងថា៖ «ខ្ញុំមិនដឹងថាត្រូវនិយាយដូចម្តេចទេ ប៉ុន្តែយើងបានពន្យល់ពួកគេរួចហើយថា ឈើស្របច្បាប់មានលក្ខណៈដូចម្តេច។ យើងសង្ឃឹមថាបន្ទាប់ពីវៀតណាម និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ VJA យើងនឹងមានការគាំទ្រច្រើនពីវៀតណាម។ វៀតណាមសន្យាថានឹងជួយគាំទ្រគម្រោងដែលយើងបានស្នើឡើង»។
បើតាមលោក ប៉ូនីកា វៀតណាម បានសន្យាថានឹងគាំទ្រគម្រោងដែលបានស្នើឡើងដោយមន្ត្រីកម្ពុជាដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រសើរឡើងដែលបានធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់។ ផែនការសកម្មភាពបន្ទាប់របស់អាជ្ញាធរគឺនឹងបង្កើតគម្រោងមួយដើម្បីពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលអាស្រ័យលើការកាប់ឈើ និងបរបាញ់សត្វព្រៃដោយបង្វែរឲ្យពួកគេងាកទៅដាំបន្លែ ឬដំណាំឈើហូបផ្លែជំនួសវិញ ដែលជាជម្រើសមួយដ៏ល្អ។
លោក ប៉ែន ប៊ុណ្ណា មន្ត្រីជាន់ខ្ពស់អង្គការអាដហុកដែលជាញឹកញាប់តែងតែចូលរួមជាមួយសហគមន៍ដើម្បីដាក់ពាក្យប្តឹងមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើបានថ្លែងថា៖ «វាជារឿងគួរឱ្យអស់សំណើចដែលទៅប្រជុំស្វែងរកដំណោះស្រាយបញ្ហានេះជាមួយបរទេសដែលយើងមានច្បាប់គ្រប់គ្រាន់ហើយនោះ ប៉ុន្តែដោយសារតែមន្ត្រីមិនមានការប្តេជ្ញាចិត្តក្នុងការអនុវត្ត»។ លោកថ្លែងថាការបង្ក្រាបបទល្មើសព្រៃឈើវាមិនពិបាកដូចការបង្ក្រាបការជួញដូរគ្រឿងញៀននោះទេ ពីព្រោះថ្នាំញៀនងាយលាក់បាំង។
លោកបន្តថា៖ «ប៉ុន្តែឈើគឺពិបាកលាក់បាំងណាស់។ គ្រាន់តែថា មន្ត្រីមិនបានយកចិត្តទុកដាក់ និងគ្មានការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ប៉ុណ្ណោះ។ ការអនុវត្តច្បាប់គឺមានអំពើពុករលួយ ហើយមិនបានធ្វើការចោទប្រកាន់មន្ត្រី ឬឈ្មួញទាំងនោះទេ»៕ NS