ភ្នំពេញៈ កម្ពុជា-វៀតណាម បានបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះរវាងប្រទេសទាំងពីរកាលពីម្សិលមិញដោយបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនក្នុងនោះក៏មានការទប់ស្កាត់បទល្មើសឆ្លងដែន និងបន្តជំរុញការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់ផងដែរ។
កម្ពុជា-វៀតណាមបានបើកកិច្ចប្រជុំគណៈកម្មការចម្រុះសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៧។
ក្នុងពិធីបិទកិច្ចប្រជុំនេះកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថាបញ្ហាដែលប្រទេសទាំងពីរកំពុងជួបប្រទះមានការក្លែងបន្លំពាណិជ្ជកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រឿងញៀនតាមព្រំដែនជាដើម។
លោកបានបន្តថា បញ្ហាបោះបង្គោលព្រំដែនដែលនៅសេសសល់ទាមទារឲ្យមានការចរចាដោយសន្តិវិធីដោយឈរលើគោលការណ៍ព្រំដែនមិនកែប្រែច្បាប់អន្តរជាតិ និងឯកសារដែលបានព្រមព្រៀងគ្នាកន្លងមក។
លោកបន្ថែមថា៖ «ឆ្នាំ ២០១៧ នេះយើងសហការគ្នាឲ្យបានល្អដើម្បីអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាពនានាដើម្បីអបអរខួបលើកទី ៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជាវៀតណាម រួមចំណែកថែមទៀត ពូនជ្រំទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ»។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានថ្លែងសុន្ទរកថាបិទក្រោយលោក ប្រាក់ សុខុន ជាភាសាវៀតណាម និងតាមរយៈអ្នកបកប្រែមានន័យថាលោកបានចាត់ទុកថាកិច្ចប្រជុំនេះមានសារៈសំខាន់សម្រាប់ការអបអរខួបទី ៥០ នៃទំនាក់ទំនងការទូតកម្ពុជាវៀតណាម។
លោកបន្ថែមថា កិច្ចប្រជុំនេះក៏ជាឱកាសក្នុងការវាយតម្លៃឡើងវិញនូវអ្វីដែលភាគីទាំងពីរសម្រេចបាន និងមិនទាន់សម្រេចបានដើម្បីពិភាក្សាឡើងវិញ និងលើកវិធានការជាក់ស្តែងដើម្បីដោះស្រាយ។
លោកបន្ថែមថា៖ «ឯកឧត្តម ប្រាក់ សុខុន ខ្ញុំមានជំនឿថាប្រទេសទាំងពីរនឹងជំរុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អឆ្លើយតបនឹងផលប្រយោជន៍ប្រទេសទាំងពីរ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងក្រោយកិច្ចប្រជុំបន្ថែមថាភាគីទាំង ២ បានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសគ្រឿងញៀន និងការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ដូចជា ការជួញឈើ សត្វព្រៃ និងកៅស៊ូធម្មជាតិខុសច្បាប់ជាដើម។
លោកថា៖ «ភាគីទាំងពីរបានពិភាក្សាគ្នាយកចិត្តទុកដាក់ពង្រឹងនូវកិច្ចសហប្រតិបត្តិការទប់ស្កាត់នូវសកម្មភាពពាណិជ្ជកម្មឆ្លងដែនខុសច្បាប់ពិសេសឈើ សត្វព្រៃ និងផលិតផលកៅស៊ូធម្មជាតិ...»។
លោក ជុំ សុន្ទរី ឲ្យដឹងដែរថាភាគីទាំងពីរបានប្ដេជ្ញាគោរពឲ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមាន។
លោកបន្ថែមថា ភាគីទាំងពីរបានសាទរចំពោះការសម្រេចបាននូវការបោះបង្គោលព្រំដែនរួចរាល់ ៨៦ ភាគរយហើយសន្យាបន្តជំរុញឲ្យមន្ត្រីព្រំដែនប្រទេសទាំងពីររកដំណោះស្រាយដើម្បីបញ្ចប់ការបោះបង្គោលដែលនៅសេសសល់ ១៤ ភាគរយទៀត។
មិនអាចសុំបញ្ជាក់បញ្ហាព្រំដែនបន្ថែមពីប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានទេកាលពីម្សិលមិញ។
ទោះជាមន្ត្រីទាំងពីរប្រទេសអះអាងយ៉ាងនេះក្តី ប៉ុន្តែអ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ដែលធ្វើការលើការការពារធនធានធម្មជាតិលោក សេង សុខហេង ហាក់មិនមានជំនឿទេ ដោយថាកន្លងមកភាគីទាំងពីរក៏ធ្លាប់បានសន្យាដូច្នេះដែរ តែថាបទល្មើសជួញឈើឆ្លងដែននៅតែមាន។ លោកថាបណ្តាញលោកនៅតាមព្រំដែនតែងរាយការណ៍ជារឿយៗពីការលួចដឹកជញ្ជូនឈើពីកម្ពុជាទៅវៀតណាម។
លោកថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតស៊ីជម្រៅពេលមានការលេចធ្លាយការដឹកឈើឆ្លងដែនខុសច្បាប់ហើយត្រូវដាក់ទោសទណ្ឌមន្ត្រីពាក់ព័ន្ធ។
លោកបន្ថែមថា៖ «យើងជឿថានេះគ្រាន់តែជាវិធីសាស្រ្តមួយដើម្បីពង្វាងការចោទប្រកាន់ពីប្រជាជនតែប៉ុណ្ណឹងឯង វិធានការនេះអាចថាមិនមានប្រសិទ្ធភាពដូចវិធានការកន្លងមកដែរយើងឃើញថាកន្លងមកអ្នកអនុវត្តច្បាប់ អ្នកបំពេញកាតព្វកិច្ចក្នុងការគ្រប់គ្រងព្រៃឈើមានមួយចំនួនពាក់ព័ន្ធនឹងការរកស៊ីឈើហ្នឹងដែរអ៊ីចឹងគាត់មិនអាចអនុវត្តអ្វីទៅតាមបទបញ្ជារបស់រដ្ឋាភិបាលបានទេ»៕