The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-វៀតណាម​ ឯកភាព​បន្ដ​កិច្ចសហប្រតិបត្ដិការ​លើ​ច្រើន​វិស័យ




កម្ពុជា-វៀតណាម​ ឯកភាព​បន្ដ​កិច្ចសហប្រតិបត្ដិការ​លើ​ច្រើន​វិស័យ

Content image - Phnom Penh Post
សមភាគី​កម្ពុជា-វៀតណាម​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ម្សិលមិញ។ ផា លីណា

កម្ពុជា-វៀតណាម​ ឯកភាព​បន្ដ​កិច្ចសហប្រតិបត្ដិការ​លើ​ច្រើន​វិស័យ

ភ្នំពេញៈ កម្ពុជា-វៀតណាម បាន​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ម្សិលមិញ​ដោយ​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន និង​បន្ត​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ផង​ដែរ។

កម្ពុជា-វៀតណាម​បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ ខែ​មីនា​ឆ្នាំ ២០១៧។

ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​នេះ​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ថ្លែង​ថា​បញ្ហា​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​ប្រទះ​មាន​ការ​ក្លែង​បន្លំ​ពាណិជ្ជកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​គ្រឿង​ញៀន​តាម​ព្រំដែន​ជាដើម។

លោក​បាន​បន្ត​ថា​ បញ្ហា​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​គោលការណ៍​ព្រំដែន​មិន​កែប្រែ​ច្បាប់​អន្តរជាតិ និង​ឯកសារ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក។

លោក​បន្ថែម​ថា៖ «ឆ្នាំ ២០១៧ នេះ​យើង​សហការ​គ្នា​ឲ្យ​បាន​ល្អ​ដើម្បី​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ផែនការ​សកម្មភាព​នានា​ដើម្បី​អបអរ​ខួប​លើក​ទី ៥០ ថ្ងៃ​បង្កើត​ទំនាក់​ទំនង​ការទូត​កម្ពុជា​វៀតណាម រួម​ចំណែក​ថែម​ទៀត ពូនជ្រំ​ទំនាក់​ទំនង​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​លោក Pham Binh Minh បាន​ថ្លែង​សុន្ទរកថា​បិទ​ក្រោយ​លោក​ ប្រាក់ សុខុន ជា​ភាសា​វៀតណាម និង​តាមរយៈ​អ្នក​បកប្រែ​មាន​ន័យ​ថា​លោក​បាន​ចាត់ទុក​ថា​កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​អបអរ​ខួប​ទី ៥០ នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា​វៀតណាម។

លោក​បន្ថែម​ថា ​កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​ក្នុង​ការ​វាយតម្លៃ​ឡើង​វិញ​នូវ​អ្វី​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន និង​មិន​ទាន់​សម្រេច​បាន​ដើម្បី​ពិភាក្សា​ឡើង​វិញ​ និង​លើក​វិធានការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ។

លោក​បន្ថែម​ថា៖ «ឯកឧត្តម ប្រាក់ សុខុន ខ្ញុំ​មាន​ជំនឿ​ថា​ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ​ឆ្លើយតប​នឹង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​បន្ថែម​ថា​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទប់​ស្កាត់​បទល្មើស​គ្រឿង​ញៀន និង​ការ​បង្រ្កាប​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​ដូចជា ការ​ជួញ​ឈើ សត្វព្រៃ និង​កៅស៊ូ​ធម្មជាតិ​ខុស​ច្បាប់​ជាដើម។

លោក​ថា៖ «ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នូវ​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងដែន​ខុស​ច្បាប់​ពិសេស​ឈើ សត្វ​ព្រៃ និង​ផលិតផល​កៅស៊ូ​ធម្មជាតិ...»។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​ដែរ​ថា​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន និង​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ដែល​មាន។

លោក​បន្ថែម​ថា ​ភាគី​ទាំង​ពីរ​បាន​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់ ៨៦ ភាគរយ​ហើយ​សន្យា​បន្ត​ជំរុញ​ឲ្យ​មន្ត្រី​ព្រំដែន​ប្រទេស​ទាំង​ពីរ​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ការ​បោះ​បង្គោល​ដែល​នៅ​សេសសល់ ១៤ ភាគរយ​ទៀត។

មិន​អាច​សុំ​បញ្ជាក់​បញ្ហា​ព្រំដែន​បន្ថែម​ពី​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង បាន​ទេ​កាលពី​ម្សិលមិញ។

ទោះ​ជា​មន្ត្រី​ទាំង​ពីរ​ប្រទេស​អះអាង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ដែល​ធ្វើការ​លើ​ការ​ការពារ​ធនធាន​ធម្មជាតិ​លោក សេង សុខហេង ហាក់​មិន​មាន​ជំនឿ​ទេ ដោយ​ថា​កន្លង​មក​ភាគី​ទាំង​ពីរ​ក៏​ធ្លាប់​បាន​សន្យា​ដូច្នេះ​ដែរ តែ​ថា​បទល្មើស​ជួញ​ឈើ​ឆ្លង​ដែន​នៅ​តែ​មាន។ លោក​ថា​បណ្តាញ​លោក​នៅ​តាម​ព្រំដែន​តែង​រាយការណ៍​ជា​រឿយៗ​ពី​ការ​លួច​ដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម។

លោក​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ពេល​មាន​ការ​លេចធ្លាយ​ការ​ដឹក​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ហើយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ពាក់ព័ន្ធ។

លោក​បន្ថែម​ថា៖ «យើង​ជឿ​ថា​នេះ​គ្រាន់​តែ​ជា​វិធីសាស្រ្ត​មួយ​ដើម្បី​ពង្វាង​ការ​ចោទប្រកាន់​ពី​ប្រជាជន​តែ​ប៉ុណ្ណឹង​ឯង វិធានការ​នេះ​អាច​ថា​មិន​មាន​ប្រសិទ្ធភាព​ដូច​វិធានការ​កន្លង​មក​ដែរ​យើង​ឃើញ​ថា​កន្លង​មក​អ្នក​អនុវត្ត​ច្បាប់ អ្នក​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ហ្នឹង​ដែរ​អ៊ីចឹង​គាត់​មិន​អាច​អនុវត្ត​អ្វី​ទៅ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​បាន​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍