ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ​ ១៩​។

លោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយ​ជំនួប​មុនពេល​ជម្រាបលា​រវាង​លោក ម៉ាយឃើល តាន (Michael Tan) ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា ដែល​ទើប​ផុត​អាណត្តិ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ទីស្តីការ​ក្រសួង​ការងារ​ភាគី​ទាំង​ ២ ​បាន​បង្ហាញ​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​នាពេល​កន្លងមក​រហូត​ពេលនេះ ជាពិសេស​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែម្តង​។

លោក​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​សម្តែង​មោទនភាព​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដែល​ប្រទេស​ទាំង​ ២ ​បាន​បង្កើតឡើង​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជារួម​តាំងពី​មាន​ការឯកភាព​គ្នា​បញ្ជូន​កម្លាំង​ពលកម្ម​ពី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទីនោះ យើង​ឃើញ​ថា​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ​មាន​ចំនួន ១ ១០០ ​នាក់​ហើយ ដែល​បច្ចុប្បន្ន​នេះ​ពលករ​កំពុង​បម្រើការ​នៅ​ទីនោះ​មាន​ ៨១៨ ​នាក់​»​។

លោក ង៉ុយ រិទ្ធ ឱ្យ​ដឹង​ទៀត​ថា កន្លងមក​កម្ពុជា​ក៏បាន​បញ្ជូន​គ្រូ និង​សិស្សានុសិស្ស​ទៅ​ចុះ​កម្មសិក្សា​នៅ​សិង្ហបុរី​ដើម្បី​ស្វែងយល់​​ពី​ជំនាញ​ផ្សេងៗ​ផងដែរ​។ ក្រៅ​​ពីនេះ​កម្ពុជា និង​សិង្ហបុរី​បាន​សហការ​គ្នា​លើ​ផ្នែក​សុវត្ថិភាព​ និង​សុខភាព​របស់​កម្មករ​នៅ​កន្លែង​ធ្វើការ ដោយ​ក្រសួង​ការងារ​ទទួល​បាន​នូវ​បទពិសោធ​​ពី​សិង្ហបុរី​ដើម្បី​ដោះស្រាយ​ជូន​ដល់​កម្មករនិយោជិត​។

ក្នុង​ជំនួប​នេះ លោក អ៊ិត សំហេង ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត និង​វិស័យ​នានា​រវាង​កម្ពុជា និង​សិង្ហបុរី​ក្នុង​អាណត្តិ​លោក ម៉ាយឃើល តាន ដែល​បាន​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ស្នើដល់​ភាគី​សិង្ហបុរី​ឱ្យ​បន្ត​សហការ​លើ​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) ​ដែល​ជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណវុឌ្ឍិ​ដែល​កន្លង​​មក​សិង្ហបុរី​ក៏បាន​ដើរតួ​ច្រើន​ក្នុង​ការជំរុញ​ការងារ​នេះដែរ​។

លោក អ៊ិត សំហេង បញ្ជាក់ថា​៖ «​កម្ពុជា​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សិង្ហបុរី​តទៅ​​មុខ​ទៀត ហើយ​សង្ឃឹម​ថា សិង្ហបុរី​​នឹង​នៅតែ​ចែករំលែក​បទពិសោធ​​ដល់​កម្ពុជា​បន្ថែម​ទៀត​»​។

ក្នុង​ឱកាស​នោះដែរ អគ្គរដ្ឋទូត​សិង្ហបុរី​ក៏​បាន​លើកឡើង​ដែរ​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល និង​ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ក្នុង​ការចូលរួម​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិក្ខាកាម​កម្ពុជា​ដោយ​លោក​បាន​កត់សម្គាល់ថា សិក្ខាកាម​កម្ពុជា​ចូលចិត្ត​សិក្សា​នៅ​កន្លែង​ការងារ​ផ្ទាល់​ដែលជា​ចំណុច​ពិសេស​មួយ​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​ល្អ​។

ទាក់ទង​នឹង​ការស្នើ​របស់​​ភាគី​កម្ពុជា លោក ម៉ាយឃើល តាន ​បាន​ឆ្លើយតប​ថា លោក​នឹង​យក​សំណើ​នេះ​ដាក់ជូន​ដល់​រដ្ឋាភិបាល​សិង្ហបុរី​ដើម្បី​ពិចារណា និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​៕