ភ្នំពេញៈ កម្ពុជា និងស៊ុយអែត ប្រកាសពីកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតទាក់ទងនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈដែលឯកអគ្គរាជទូតស៊ុយអែតថ្មីបង្ហាញពីការប្ដេជ្ញាចិត្តជួយដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនមានឱកាសទទួលបាននូវលក្ខខណ្ឌការងារកាន់តែប្រសើរ។
ការប្រកាសពីកិច្ចសហការបន្តនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកម្សិលមិញជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតថ្មីប្រចាំកម្ពុជានៅទីស្តីការក្រសួងការងារ។
លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយពីបញ្ចប់ជំនួបនោះថា ភាគីទាំង ២ បានវាយតម្លៃខ្ពស់ បន្ទាប់ពីបានពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសស៊ុយអែត និងកម្ពុជា ជាពិសេសទៅលើវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។
លោកបន្តថា តាមរយៈជំនួបនេះភាគីទាំង ២ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលកម្ពុជា និងស៊ុយអែតបានបង្កើតរួមគ្នាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសបន្តពង្រឹង និងពង្រីកថែមទៀត។
លោកបានបញ្ជាក់ថា៖ «ខាងភាគីស៊ុយអែតតាមរយៈអង្គការមិនមែនរដ្ឋាភិបាលនឹងបន្តជួយដល់ក្រសួងការងារ រួមទាំងការជួយដល់ការបង្កើតមជ្ឈមណ្ឌលការងារទាំងឡាយសម្រាប់ផ្តល់នូវឱកាសការងារ ការផ្តល់សេវាការងារ និងការពិគ្រោះយោបល់ផ្សេងៗទៅដល់ប្រជាពលរដ្ឋ និងយុវជនរបស់យើងដើម្បីឲ្យពួកគាត់អាចស្វែងរកការងារធ្វើ និងត្រូវជំនាញដែលពេញចិត្ត»។
ក្រៅពីនេះមានគម្រោងដ៏ធំមួយទៀតដែលប្រទេសទាំង ២ នឹងបន្តដែលតាមលោក ងុយ រិទ្ធ បានបញ្ជាក់ថា៖ «កម្ពុជាបានគាំទ្រទៅដល់រដ្ឋាភិបាលស៊ុយអែតក្នុងការគាំទ្រគំនិតផ្តួចផ្តើមជាសកលជួយទៅដល់គ្រប់ភាគីទាំងអស់ ក្នុងការបង្កើតកិច្ចសន្ទនាសង្គមដែលជួយធានាដល់សិទ្ធិរបស់កម្មករ...»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញដែរថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកលកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដើម្បីឆ្លើយតបនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោកបន្តថា៖ «ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដែលតំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក...»។
បន្ថែមពីនេះ លោក អ៊ិត សំហេង ក៏បានអះអាងដែរថា កិច្ចសហប្រតិបត្តិការនេះក៏បានពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាដែលជាក្របខ័ណ្ឌគតិយុត្តរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចាត្រីភាគីតាមបែបប្រជាធិបតេយ្យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្ត្រ ដើម្បីភាពរីកចម្រើនទាំងអស់គ្នាផងដែរ។
លោកបានបញ្ជាក់ថា៖ «បន្តពង្រឹងយន្តការអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធិការងាររបស់កម្មករនិយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗដែលឈានទៅរកវិវាទ និងការតវ៉ានានា»។
លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតថ្មីប្រចាំនៅកម្ពុជាបានលើកឡើងថា នៅឆ្នាំ ២០២០ នេះ រដ្ឋាភិបាលស៊ុយអែត បានសម្រេចរួចហើយនូវគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្កាលវិជ្ជាជីវៈ។
លោកបន្តថា កិច្ចសហប្រតិបត្តិការបន្តនេះគឺអាចឲ្យពលរដ្ឋខ្មែរក៏ដូចជា យុវជនទទួលបាននូវលក្ខខណ្ឌការងារកាន់តែប្រសើរ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកាន់តែល្អថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ នេះបើតាម លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ដល់អ្នកសារព័ត៌មាន។
ដោយឡែកតាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញក៏បានឲ្យដឹងដែរថា ឯកអគ្គរាជទូតស៊ុយអែតថ្មីបានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែតតាមរយៈអង្គការ SIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្ត នានាផងដែរ ៕