
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនកម្ពុជា ដោះមីននាពេលកន្លងមក។ រូបថត CMAC
កម្ពុជាបានស្នើឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី នៅទូទាំងប្រទេស ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលា ក្នុងការងារបោសសម្អាតមីន។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ចាប់តាំងពីឆ្នាំ ១៩៩៩ រដ្ឋាភិបាលនៃប្រទេសកាណាដា បានដើរតួនាទីយ៉ាងសំខាន់ ហើយបានផ្តល់ថវិកាប្រមាណជាង ១៧ លានដុល្លារអាមេរិក ក្នុងការជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា តាមរយៈការចុះស្រាវជ្រាវ និងចងក្រងទិន្នន័យដីនៅទូទាំងប្រទេស ដើម្បីជាមូលដ្ឋានក្នុងការបោសសម្អាតមីន។ តាមរយៈថវិកានេះ ប្រទេសកាណាដាបានជួយគាំទ្រក្នុងការចុះស្រាវជ្រាវចម្ការមីននៅទូទាំងប្រទេស។ រៀបចំធ្វើជាទិន្នន័យថ្មី ដើម្បីបានផែនទីចង្អុលបង្ហាញសម្រាប់ភាពងាយស្រួលក្នុងការរកទីតាំងមីនពិតប្រាកដនៅក្នុងប្រទេស ហើយបើគ្មានផែនទី ចង្អុលបង្ហាញទេ កម្ពុជាក៏មិនអាចចុះដោះមីនបានដែរ។
លោកថ្លែងថា៖ «ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ស្ថានភាពចម្ការមីនអាចនឹងមានការប្រែប្រួល។ ដូច្នេះយើងត្រូវតែធ្វើវាឡើងវិញបញ្ជាក់ឱ្យបានច្បាស់ ដើម្បីឱ្យមានទិន្នន័យថ្មី ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រតិបត្តិករ ក្នុងការចុះទៅបោសសម្អាតមីន និងកំណត់គោលដៅ និងថវិកាសម្រាប់ធ្វើកិច្ចការនេះ»។
លោកបន្តថា៖ «យើងចង់សុំឱ្យគាត់ (កាណាដា) ជួយគាំទ្រដល់ការប្រមូលទិន្នន័យឡើងវិញ ព្រោះទិន្ន័យដែលប្រើប្រាស់បច្ចុប្បន្នជាទិន្នន័យចាស់។ យើងត្រូវតែចុះទៅពិនិត្យមើលឲ្យដល់ទីតាំងពិនិត្យប្រាកដ ដែលរហូតមកដល់ពេលនេះ នៅសេសសល់ចម្ការមីនប៉ុន្មាន។ នៅពេលដែលយើងដឹងទាំងព័ត៌មាន និងទិន្នន័យជាក់លាក់នូវកន្លែងដែលមានមីន និងកន្លែងដែលមិនមាន យើងមិនបាច់បោសសម្អាតមីនទៀតទេ ព្រោះវាធានាបាននូវសុវត្ថិភាពដល់ពលរដ្ឋក្នុងការប្រើប្រាស់ដី។
បើតាមលោក លី ធុជ ប្រទេសកាណា នឹងពិនិត្យពិចារណាជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវឡើងវិញនូវចម្ការមីននេះ។ ព្រោះប្រទេសកាណាដា យល់ឃើញថា កម្ពុជាជាប្រទេសដែលបានបោសសម្អាតមីន ដែលគ្រាប់មីននេះធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។
លោកបន្តថា៖ «បច្ចុប្បន្ននេះ កម្ពុជាបានបោសសម្អាតមីនសម្រេចបានប្រមាណ ២ ១០០ គីឡូម៉ែត្រក្រឡា និងនៅសល់ជាង ២ ០០០ គីឡូម៉ែត្រក្រឡាទៀត។ រហូតមកដល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋដែលទទួលរងគ្រោះ និងសា្លប់បាត់បង់ជីវិតដោយសារគ្រាប់មីនមានចំនួនជាង២ ម៉ឺន ៥ ពាន់នាក់ ដែលធ្វើឱ្យកម្ពុជាឈរនៅលំដាប់ទី២ ក្នុងពិភពលោកបន្ទាប់ពីប្រទេសអាហ្គានីស្ថាន»។
លោក ឈុន បូរ៉ា មន្ត្រីត្រួតពិនិត្យសកម្មភាពបោសសម្អាតមីន និងកម្ទេចយុទ្ធភ័ណ្ឌអង្គការដោះមីនកម្ពុជាឱ្យដឹថា កម្ពុជាកន្លងមកនេះ តាមរយៈជំនួយពីក្រៅប្រទេស បានចុះទៅសិក្សាស្រាវជ្រាវ និងរៀបចំជាផែនទី កំណត់តំបន់ដែលមានមីន និងមិនមានមីន។ ប៉ុន្តែបច្ចុប្បន្ននេះមានកំណើនប្រជាពលរដ្ឋ និងដីមានទីផ្សារខ្ពស់បានធ្វើឱ្យប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ចម្ការមីន។
លោកបន្តថា៖ «ចំពោះចម្ការមីនបច្ចុប្បន្ន នៅពេលដែលយើបានចុះទៅស្រាវជ្រាវ ប្រជាពលរដ្ឋមិនទាន់ចុះទៅរុករាន និងទន្រ្ទានទេ។ ប៉ុន្តែមានប្រជាពលរដ្ឋកាន់តែច្រើន ដីមានហាងឆេង ហើយប្រជាពលរដ្ឋទៅពីខេត្តផ្សេង ពួកគេបានជួល គេឱ្យទៅឈូសឆាយដី ហើយអត្រានៃការគ្រោះថ្នាក់ក៏កើតមានឡើង និងជាពិសេសប្រតិបត្តិកររបស់យើងក៏ដោះវាមិនទាន់ ដែលជា [រឿង] លំបាកមួយ»។
បើតាមលោក ឈុន បូរ៉ា ទំហំដែលប្រជាពលរដ្ឋត្រូវការដី គឺមានទំហំធំជាងនៃអត្រាដោះមីនរបស់ប្រតិបត្តិករ ព្រោះថាទំហំនៃការដោះមីនមានការកំណត់ អាស្រ័យលើម្ចាស់ជំនួយដែលផ្តល់ឱ្យ។ ម្យ៉ាងទៀតបើកម្ពុជាទទួលបានជំនួយពីប្រទេសជាដៃគូ នឹងចុះស្រាវជ្រាវ និងកំណត់ទីតាំងថ្មី និងកាត់ទីតាំងដែលពលរដ្ឋបានប្រើប្រាស់ដែលមិនមានមីនចោល បើទុកនៅក្នុងផែនការ ឬក្នុងផែនទី វានឹងនៅតែមានទំហំធំ។
លោកបន្ថែមថា៖ «កន្លែងដីចម្ការមីនណាដែលប្រជាពលរដ្ឋប្រើប្រាស់រួចហើយ យើងកាត់ចេញ តាមរយៈការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់។ បើមិនមានគ្រោះថ្នាក់អ្វីទេ យើងកំណត់វាហើយកាត់ចេញ ពីផែនទី នៃផែនការដោះមីនយើង បើមិនអ៊ីចឹងទេ វានៅតែមានទំហំធំ»។
ស្ថានទូតកាណាដាបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីម្សិលមិញថា ចាប់តាំងពីឆ្នាំ ១៩៩៤ រដ្ឋាភិបាលនៃប្រទេសកាណាដា បានចូលរួមចំណែកប្រមាណ៥០លានដុល្លារអាមេរិក ក្នុងការបោសសម្អាតមីននៅកម្ពុជា។ ចន្លោះឆ្នាំ ១៩៩៤ និង ២០០០ កម្លាំងយោធាជនជាតិកាណាដាចំនួន ៦០ នាក់ បានចូលរួមជាមួយមន្ត្រីមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនកម្ពុជា (CMAC) ស្វែងរក និងដោះមីនចេញពីដីមានមីនផ្តាច់ជីវិញ។
រដ្ឋាភិបាលកាណាដាបានចូលរួមចំណែកតាមរយៈគម្រោង Clearing for Results ក៏ដូចជាការអភិវឌ្ឍន៍កសិកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយមីននៅកម្ពុជា (ADMAC) និងធ្វើការសិក្សាបឋមកម្រិតថ្នាក់ជាតិ ដើម្បីប្រមូល និងចុះបញ្ជីព័ត៌មានអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់ ចូលទៅក្នុងទិន្នន័យជាតិ ហើយនិងបានជួយគាំទ្រដល់ផែនការបោសសម្អាតមីនជាអាទិភាព។