ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ស្នើ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង បង្កើន​ការទទួល​យក​ពលករ​កម្ពុជា​បន្ថែមទៀត ស្រប​ពេល​លោក​មើលឃើញ​ថា ការបញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​នេះ​អាច​ទទួលបាន​អត្ថប្រយោជន៍​ខ្ពស់ និង​ទទួល​បាន​ជំនាញ​ច្បាស់លាស់​។

ការស្នើ​ឱ្យ​បង្កើន​ចំនួន​ពលករ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី កាង ឃ្យុងវ៉ា​ (Kang Kyung-wha) រដ្ឋមន្ត្រី ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា ស្រប​ពេល​ដែល​លោក​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។

ជាមួយ​នឹង​ការស្នើ​នេះ ភាគី​ទាំង​ ២ ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជាច្រើន ទាក់ទង​នឹង​វិស័យ​កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម និង​ជំនួយ​លើ​វិស័យ​មីន​នៅ​កម្ពុជា​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ម្សិលមិញ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្តថា លោក​ ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ​ដែល​បានផ្តល់​ការងារ​ជូន​ពលករ​ខ្មែរ និង​បាន​បន្ត​បង្កើន​កូតា​ក្នុង​ការទទួល​ពលករ​កម្ពុជា​។ លោក​ក៏​រំពឹង​ថា ជំនួប​នេះ​អាច​នឹង​ធ្វើឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ ២ ​មាន​ភាពល្អប្រសើរ​បន្ថែម​ទៀត​។

លោក​ ប្រាក់ សុខុន ថ្លែងថា​៖ «​ពលករ​ខ្មែរ​ដែល​បាន​មក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ មិន​ត្រឹមតែ​ទទួល​បាន​ចំណូល​ខ្ពស់​សម្រាប់​ទ្រទ្រង់​ជីវភាព​ផ្ទាល់ខ្លួន និង​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ឱ្យ​ពួកគេ​មាន​ជំនាញ​ខ្ពស់​សម្រាប់​ប្រក​បរបរ​នៅពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ផងដែរ​»​។

លោកស្រី​ កាង ឃ្យុងវ៉ា​ (Kang Kyung-wha) បាន​ថ្លែងថា ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​បាន​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​។ ប៉ុន្តែ​លោកស្រី​មិនទាន់​មាន​ការឆ្លើយតប​បែបណា​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​ដែល​លោក ប្រាក់ សុខុន ​បាន​ស្នើ​នេះ​។

លោកស្រី​ថា​៖ «​សាធារណរដ្ឋ​កូរ៉េ​មាន​លក្ខខណ្ឌ​ការងារ​ច្បាស់លាស់ និង​មានការ​គាំពារ​ខ្ពស់​ដល់​សិទ្ធិ សុខុមាលភាព​របស់​ពលករ​។ ពលករ​កម្ពុជា ដែល​បាន​និង​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​នេះ​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​»​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ជំនួប​នេះ​បានទេ​ពី​ម្សិលមិញ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្កើន​ចំនួន​ពលករ​ទៅ​ប្រទេស​កូរ៉េ​នេះ គឺជា​គោលដៅ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ និង​តែងតែ​លើក​ឡើង​ចំពោះ​ភាគី​កូរ៉េ​។

លោក​បន្តថា​៖ «​យើង​តែងតែ​អរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែល​ទទួល​យក​សំណូមពរ​របស់​សម្តេច​តេជោ​។ ការងារ​នៅ​កូរ៉េ​គឺ​មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រើ​ចំណេះដឹង និង​បច្ចេកវិទ្យា​ល្អ និង​មាន​ប្រាក់ចំណូល​ខ្ពស់​»​។

គិត​ត្រឹម​ចុងខែ​តុលា ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ជាង​ ៥៥ ០០០ ​នាក់​ ដោយ​ក្នុងនោះ​ចំណូល​ដែល​កម្មករ​ទាំងនោះ​បាន​ផ្ញើ​មកកាន់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​មាន​ប្រមាណ​ជាង​ ៥០០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​លោក ហេង សួរ​។

កាលពី​ខែ​កញ្ញា កម្ពុជា​ទទួល​បាន​ការវាយតម្លៃ​ល្អ​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ចំនួន​ ១៥ ​ផ្សេង​ទៀត​ដែល​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើការ​នៅ​កូរ៉េ​លើ​ការផ្តល់សេវា​ស្វែងរក​ទីផ្សារការងារ​នៅ​ប្រទេស​នេះ​។ ជាមួយ​នឹង​ការ​វាយតម្លៃ​ល្អ​នេះ​នាំឱ្យ​កម្ពុជា​អាច​បន្ត​បញ្ជូន​ពលករ​ក្នុង​ ១ ​ឆ្នាំ​ប្រមាណ​ ៦ ០០០ ​នាក់​។

លោក​ មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (​សង់ត្រាល់​) ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កន្លងមក​ថា ទន្ទឹម​នឹង​ការបញ្ជូន​ពលរដ្ឋ​ចេញ​ទៅ​ក្រៅប្រទេស​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ ការបង្កើត​ការងារ​ឱ្យ​បាន​ច្រើន​នៅក្នុង​ស្រុក និង​ដើម្បី​ឆ្លើយតប​យ៉ាងណា​ឱ្យបាន​ប្រសើរ​បំផុត​នៅពេល​ពលករ​ទាំងនោះ​ត្រឡប់​មក​ក្នុងប្រទេស ដើម្បី​ឱ្យ​ពួកគេ​អាច​មាន​ការងារ​ធ្វើ​សមរម្យ​នោះ​គឺជា​រឿង​ដែល​ចាំបាច់​សម្រាប់​កម្ពុជា​៕