
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានចាប់គ្នានៅឯវិមានសន្ដិភាពកាលពីថ្ងៃម្សិលមិញ។ AFP
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានជួបពិភាក្សាគ្នានៅឯវិមានសន្ដិភាពកាលពីថ្ងៃម្សិលមិញ និងបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ គឺអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំង ២ និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡុំបូ។
លោក អ៊ាង សុផល្លែត ជំនួយការរបស់លោក ហ៊ុន សែន បានថ្លែងនៅក្រោយពិធីចុះហត្ថលេខានេះថា នៅក្នុងកិច្ចពិភាក្សាជាមួយលោក ហ៊ុន សែន នោះ លោក Maithripala Sirisena បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា-ស្រីលង្កា ដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ ហើយលោកស្នើឱ្យពង្រឹងទំនាក់ទំនងបន្ថែមទៀត ដូចជាវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំង ២។
បើតាមជំនួយការថា លោក ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ប្រធានាធិបតីស្រីលង្កា ហើយបានសរសើរដល់ស្រីលង្កា ដែលតែងរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានោះលោកនាយករដ្ឋមន្រ្តីកម្ពុជាក៏បានស្នើឱ្យមានកិច្ចពិភាក្សាឱ្យបានឆាប់រវាងប្រទេសទាំង ២ ដើម្បីជំរុញឱ្យមានការចុះអនុស្សរណៈលើការគាំពារអ្នកវិនិយោគប្រទេសទាំង ២ កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា កិច្ចព្រមព្រៀងវិស័យអាកាសចរណ៍ស៊ីវិល និងការស្នើឱ្យពង្រីកទំនាក់ទំនងបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម សាសនា អប់រំ និងវិស័យទេសចរណ៍។
លោក អ៊ាង សុផល្លែត លើកឡើងថា៖ «ពាក់ព័ន្ធនឹងវិស័យអប់រំនេះ សម្ដេចតេជោ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះស្រីលង្កាដែលផ្ដល់ការបណ្ដុះបណ្ដាលដល់មន្រ្តីកម្ពុជាផង និងដល់ព្រះសង្ឃកម្ពុជាផង»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ទំនាក់ទំនងកម្ពុជា-ស្រីលង្កា ពេលនេះគឺមានលក្ខណៈធម្មតានិងមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយឡើយព្រោះប្រទេសទាំងសុទ្ធតែជាប្រទេសនាំចេញដូចគ្នា។
កាលពីម្សិលមិញ លោក Maithripala Sirisena និងភរិយា បានដាក់កម្រងផ្កានៅវិមានឯករាជ្យ និងទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ។
បន្ទាប់ពីកម្មវិធីចុះហត្ថលេខា លោកត្រូវបានផ្ដល់កិត្តិយសក្នុងពិធីលៀងសាយភោជន៍ដោយព្រះមហាក្សត្រកម្ពុជាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ខណៈលោកនឹងបំពេញទស្សនកិច្ចនៅកម្ពុជារហូតដល់ថ្ងៃទី ១០ សីហា៕