ភ្នំពេញៈ ក្រសួង​បរិស្ថាន​កម្ពុជា និង​ប្រទេស​ហុងគ្រី​នឹង​សហប្រតិបតិ្តការ​គ្នា​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ចុង​សប្តាហ៍​មុន​។

ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង​លោក Zoltan Gyorgy Horvath តំណាង​ស្ថានទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​លោក​ សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​គឺ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា និង​ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់​នៅ​តាម​ទីក្រុង​នៃ​ខេត្ត​មួយចំនួន​។ ទោះ​ជា​យ៉ាងណា ភាគី​ទាំង​ ២ ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ជាក់លាក់​ដែល​នឹងត្រូវ​អនុវត្ត​នោះទេ ហើយ​ក៏​មិនទាន់​បង្ហាញ​ថា ខេត្ត​ណាខ្លះ​ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ជា​បន្តបន្ទាប់​នោះដែរ​។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងជំនួប​នេះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ និង​រៀបចំ​ឱ្យមាន​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​ទឹក​កខ្វក់​។ ដោយមាន​ការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​បរិស្ថាន និង​ប្រទេស​ហុងគ្រី​នឹង​មាន​រៀបចំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​អនុវត្ត​គម្រោង​សាកល្បង ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​មិន​ទាន់​អាច​អធិប្បាយ​លម្អិត​បាន​ទេ​ជុំវិញ​បញ្ហា​នេះ​កាលពី​ថ្ងៃ​ចន្ទ ដោយ​លោក​ប្រាប់ថា មន្ត្រី​ជំនាញ​បាននិង​កំពុង​ធ្វើ​ការងារ​លើ​កិច្ចការ​នេះ​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​ឃើញថា​នៅតែ​ជា​បញ្ហា​ប្រឈម​ច្រើន​សម្រាប់​កម្ពុជា​។ បញ្ហា​ធំជាងគេ​គឺ​កើតចេញ​ពី​ការរៀបចំ​ប្រព័ន្ធ​លូ​។ លោក​ថា កន្លង​មក​រដ្ឋាភិបាល​សម្រុក​ធ្វើ​តែ​ផ្លូវ ប៉ុន្តែ​មិនសូវ​បាន​ដាក់លូ​នោះទេ​។ មួយ​វិញ​ទៀត​បឹង​ក្នុង​ទីក្រុង​មួយចំនួន​សម្រាប់​រំដោះ​ទឹក​នោះ ត្រូវបាន​ចាក់ដី​លុប ហើយ​ទីក្រុង​អាច​រំដោះ​ទឹក​គឺ​ត្រូវ​ពឹង​លើ​បឹង​។ តែបើ​ទីក្រុង​គ្មាន​បឹង ទីក្រុង​នោះ​ប្រាកដ​ជា​លិចលង់​។

លោក​បន្តថា នៅ​តាម​បណ្តា​ខេត្ត ទឹក​កខ្វក់​មួយ​ចំណែក​កើត​ចេញ​ពី​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ភាគច្រើន​គឺ​កើតចេញ​ពី​រោងចក្រ​។ អាជ្ញាធរ​មិន​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្ហាញ ថា​តើ​ទឹក​កខ្វក់​នៃ​រោងចក្រ​នោះ​មាន​ជាតិពុល​ប៉ះពាល់​សុខភាព និង​បរិស្ថាន​យ៉ាងណា​នោះទេ​។

លោក​ យ៉ង់ គិមអេង បញ្ជាក់ថា​៖ «​ហើយ​រោងចក្រ​នោះ​គាត់​គិតតែ​ផលចំណេញ​របស់គាត់​។ គាត់​ក៏​អត់​មាន​ខ្វល់​ពី​បរិស្ថាន ខ្វល់​ថា​វា​ធុំក្លិន វា​មាន​ការលំបាក​ដល់​អ្នក​ដទៃ​ទេ​។ លទ្ធភាព​នៃ​ការត្រួតពិនិត្យ​របស់​អាជ្ញាធរ ខ្ញុំ​​មិនដឹង​ថា លោក​ត្រួតពិនិត្យ​យ៉ាងម៉េច​ដែរ​? ហើយ​នៅ​ដដែលៗ​អ៊ីចឹងទៅ​។ អត់​សូវ​មាន​ដំណោះស្រាយ​។ កន្លែង​ខ្លះ​គេ​ធ្វើ​ល្អ​ដែរ​។ គេ​មាន​ដំណោះស្រាយ​។ គេ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ដោះស្រាយ​។ គេ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ហ្នឹង​ចូលរួម​ដោះស្រាយ​អ៊ីចឹង​ទៅ​។ កន្លែង​ណា​មាន​ (​ដំណោះស្រាយ​) អ៊ីចឹង​ទៅ​ធ្វើឱ្យ​បរិស្ថាន​មិនសូវ​មាន​បញ្ហា​ដែរ​»​។

កាលពី​ចុង​ឆ្នាំ​ ២០១៧ លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ក្នុង​ទីប្រជុំជន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​តំបន់​រមណីយដ្ឋាន ឬ​មណ្ឌល​កម្សាន្ត​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ដើម្បី​ធានា​សុវត្ថិភាព សុខភាព​សាធារណៈ​ និង​ការអភិរក្ស​ជីវចម្រុះ​។

កាលពី​ដើម​ខែ​វិច្ឆិកា លោក Yuichi SUGANO តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ ​ប្រចាំ​កម្ពុជា និង​ឧបនាយករដ្ឋមន្ដ្រី លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​នូវ​ចំនួន​ទឹកប្រាក់​ ២ ៧៧៧ លាន​យ៉េន ឬ​ស្មើ​ ២៧ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​សម្រាប់​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។ រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០២០ នៅ​តំបន់​បឹងជើងឯក​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយ​សាងសង់​រយៈពេល ៣២ ​ខែ​។ នេះ​បើ​តាម​ការប្រកាស​របស់ JICA​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ខែសីហា បាន​ឱ្យ​ដឹងថា នៅ​ឆ្នាំ​ ២០១៨ បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​មាន​រហូតដល់ ២៥ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ ហើយ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ដល់​ ៤៧ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​ នៅ​ឆ្នាំ​ ២០២៣ និង​អាច​បន្ត​កើនឡើង​រហូត​ដល់ ៦៤ ០០០ ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​ នៅ​ឆ្នាំ​ ២០៣០​។ បញ្ហា​ទាំងនេះ​ទាមទារ​ឲ្យ​មាន​វិធានការ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បន្ទាន់ ដើម្បី​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​៕