ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​រដ្ឋមន្ដ្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ​នា​ដើមខែ​មីនា​បាន​ចុះហត្ថលេខា​លើ​កំណត់​ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ដ​ទុកដាក់​បន្ត​អនុវត្ដ​កិច្ចការ​សំខាន់ៗ​ជាមួយគ្នា​លើ​ទំនាក់ទំនង​តាម​ព្រំដែន ដោយ​បន្ត​សហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ និង​បង្ក្រាប​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ជាដើម​។

ការចុះហត្ថលេខា​នេះ​ធ្វើឡើង​តាមរយៈ​ដំណើរ​ទស្សន​កិច្ចការងារ​រយៈពេល​ ៣ ​ថ្ងៃ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៤-៦ ខែ​មីនា​នេះ​នៅ​រដ្ឋធានី​វៀងចន្ទន៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ជាមួយ​លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ដ្រីក្រសួង សន្ដិសុខ​សាធារណៈ​នៃ​សាធារណ​រដ្ឋប្រជាមានិត​ឡាវ ដើម្បី​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល ការ​អនុវត្ដ​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​ឆ្នាំ​ ២០២០​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៦ មីនា ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បញ្ជាក់ថា ក្រសួង​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ល្អប្រសើរ​ដែល​សម្រេចបាន​តាមរយៈ​ការអនុវត្ដ​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​ឆ្នាំ​ ២០១៩ រវាង​ក្រសួង​ទាំង​ ២​។ ក្នុងនោះ​មាន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ប្រតិភូ​អាជ្ញាធរ​ខេត្ដ​ជាប់​ព្រំដែន និង​ប្រតិភូ​នៃ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​នៅ​ថ្នាក់​ក្រសួង​។ ការបណ្ដុះបណ្ដាល ធនធាន​មនុស្ស និង​កិច្ចសហការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅតាម​តំបន់​ព្រំដែន​ជាពិសេស​បទល្មើស​គ្រឿងញៀន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹងថា​៖ «​ភាគី​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ខេត្ដ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​របស់​ប្រទេស​ទាំង​ ២ ​ក្នុង​ការថែរក្សា​បរិយាកាស​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​យ៉ាង​ល្អប្រសើរ រួមចំណែក​បង្ក​លក្ខខណ្ឌ​អំណោយផល​ដល់​ការប្រកប​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ និង​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា-ឡាវ​»​។

ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្ដិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យកចិត្ត​ទុក​ដាក់​បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួន រួមមាន​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​សហការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចេញ-ចូល​ឆ្លងកាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទៅវិញទៅមក ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ព្រំដែន​។ ព្រមទាំង​សហការ​ដោះស្រាយ​បញ្ហា ឬ​បាតុភាព​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​ដោយ​សន្តិវិធី និង​មានការ​យោគយល់​។

ក្រសួង​បន្ថែមថា ភាគី​ទាំង​ ២ ​បន្ត​សហការ​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ព្រមទាំង​សហការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​បទពិសោធ​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ ជាពិសេស​ជំរុញ​បង្កើត​ភូមិ-ឃុំ និង​សាលារៀន គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន​។ បន្ត​ជំរុញ​ចាត់វិធានការ តឹងរ៉ឹង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការលួច​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​តាម​ខ្សែបន្ទាត់​ព្រំដែន និង​សហការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី​ឈរលើ​គោលការណ៍​គោរព​ឯករាជ្យ និង​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​៕