ភ្នំពេញៈ រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ពិភាក្សាគ្នា និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២ ហើយ​បាន​ជំរុញ​ទំនាក់ទំនង​ល្អ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទាំង​អាជ្ញាធរ​ដែនដី កងទ័ព និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​បង្កើន​ភាពស្និទ្ធស្នាល​ដើម្បី​កសាង​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​។

លោក ប៊ុនញ៉ាំង វរជីត អគ្គលេខា​បក្ស និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ-ប្រជាមានិត​ឡាវ​បាន​មកដល់​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៩ ​កុម្ភៈ​បាន​ជួបពិភាក្សា​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សមភាគី​កម្ពុជា​ជាច្រើន​ថ្នាក់ ហើយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​វិញ​កាលពី​ម្សិលមិញ​។

លោក វរជីត បាន​ចូលគាល់​​ព្រះមហាក្សត្រ​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​កម្ពុជា-ឡាវ​បាន​ឲ្យ​ដឹងថា​៖ «​ការលើក​កម្ពស់​ (​ជំនួប​ទ្វេភាគី​) ​នេះ​នឹង​ពង្រឹង និង​លើក​ស្ទួយ​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព ស្មារតី​សាមគ្គីភាព​ជា​ភាតរៈ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ សន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម​វប្បធម៌​នៃ​ប្រទេស​ទាំង​ ២»​។

លោក ប៊ុនញ៉ាំង វរជីត ​បាន​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កាលពី​រសៀល​ថ្ងៃទី​ ៩ ខែ ​កុម្ភៈ ឆ្នាំ​ ២០២០ នៅ​វិមាន​រដ្ឋសភា ហើយ​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​រដ្ឋសភា​បាន​ឲ្យ​ដឹងថា សមភាគី​ឡាវ​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ធ្វើឲ្យ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ ហើយ​ក៏បា​ន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២ ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។

គេហទំព័រ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ដើម្បី​ឱ្យ​ទំនាក់ទំនង​ដ៏ល្អ​ជា​ប្រពៃ​នេះ​កាន់តែ​រឹងមាំ​ឡើង​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​លោក ប៊ុនញ៉ាំង វរជីត ​បានស្នើ​ទៅកាន់​សមភាគី​កម្ពុជា​ឲ្យ​ជួយ​ជំរុញ​ទំនាក់ទំនង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ ២ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​គ្នា​ឡើង ក្នុង​ការកសាង​បន្ទាត់​ព្រំដែន​កម្ពុជា និង​ឡាវ​ជា​ព្រំដែន​សុខសន្តិភាព និង​អភិវឌ្ឍន៍​។

លោក ហេង សំរិន និង​សមភាគី​ឡាវ​ថត​ក្នុង​រដ្ឋសភា​។ រូបថត រដ្ឋសភា

លោក ហេង សំរិន ​បាន​ថ្លែង​ទៅកាន់​សមភាគី​ឡាវ​វិញ​ដោយ​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏ធំធេង​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ​សម្រេច​បាន​ក្នុង​ការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ លោក​ក៏បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏ភ្លឺស្វាង​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​នឹង​បន្ត​ទទួល​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់ខ្លួន​កាន់តែ​រីកចម្រើន​រុងរឿង​។

លោក ហេង សំរិន បាន​ថ្លែង​ថា​៖ «​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​បក្ស​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា-ឡាវ​ដែល​មាន​ការរីកចម្រើន​ឥតឈប់ឈរ​បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជាតិ​ទាំង​សងខាង​»​។

ដោយឡែក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​ទទួល​ជួប​ជាមួយ​លោក ប៊ុនញ៉ាំង វរជីត ដែរ​ដោយ​ភាគី​ទាំង​ ២ ​បាន​រៀបរាប់ថា ជា​រៀងដរាបមក​កម្ពុជា និង​ឡាវ​ជា​មិត្ត​ជិតស្និទ្ធ​ជាទីបំផុត ហើយ​ក៏​ជា​មិត្ត​ដែល​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ន័យ​នេះ​គឺ​បាន​បង្ក​នូវ​លក្ខណៈ​ឲ្យ​ប្រទេស​ទាំង​ ២ ​ជា​ប្រទេស​ភូមិ​ផង​របង​តែមួយ ជា​ប្រទេស​ជិតខាង​ដ៏ល្អ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​កាន់តែ​កើនឡើង​ល្អ​ជាង​នេះ​ទៀត​ក៏មាន​សុវត្ថិភាព​ល្អ​ផងដែរ​នៅតាម​ព្រំដែន​។

ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ​បាន​បន្តថា លោក ប៊ុនញ៉ាំង វរជីត ក៏​​បាន​ឲ្យ​ដឹងថា កន្លង​មក​ភាគី​ឡាវ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បាន​លើកកម្ពស់​លើ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​ឲ្យ​ទៅ​ជា​ទំនាក់​ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

យោងតាម​ហ្វេសប៊ុក​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ កងទ័ព​នៃ​ប្រទេស​យើង​ទាំង​ ២ ក៏គប្បី​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ផងដែរ ព្រោះ​កាលណា​មាន​ភាពជិតស្និទ្ធ​ហើយ​ទោះបី​មាន​រឿង​អ្វី​ក៏​អាច​ដោះស្រាយ និង​ពិភាក្សា​គ្នា​បានដែរ​។ គប្បី​ណា​តាម​ព្រំដែន​អាជ្ញាធរ​ដែនដី​ទាំង​សងខាង​ដែល​បាន​ដើរតួ យ៉ាង​សំខាន់​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិតស្និទ្ធ ហើយ​អាច​បង្កើត​ឲ្យ​មាន​កម្មវិធី​កីឡា​រួមគ្នា​ផង​ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​ល្អ​នេះ​ឈាន​ដល់​ការដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​នៅតាម​ព្រំដែន​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​កម្ពុជា-ឡាវ​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ​នឹង​បន្ត​ការចរចា​ដើម្បី​ដោះស្រាយ​​តំបន់​ព្រំដែន​ដែល​នៅ​សេសសល់​មិនទាន់​ខណ្ឌសីមា​ដើម្បី​កសាង​នូវ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ទាំង​ ២ ​បាន​បញ្ចប់​ការងារ​ខណ្ឌសីមា​ចំនួន​ ៨៦ ​ភាគរយ​នៃ​ខ្សែបន្ទាត់​ព្រំដែន​រួម​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ជាទូទៅ​បញ្ហា​ព្រំដែន​ជា​ចំណុច​រសើប ពីព្រោះ​មាន​ចំណុច​មួយចំនួន​មិនទាន់​ឯកភាព​គ្នា​ទៅលើ​ទិដ្ឋភាព​ផែនទី និង​ទិដ្ឋភាព​បច្ចេកទេស​។

លោក​បាន​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​នេះ​លើក​កម្ពស់ និង​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែមទៀត​។

ទំនាក់ទំនង​រវាង​ប្រទេស ​កម្ពុជា និង​ឡាវ​ គឺជា​បងប្អូន និង​ជា​អ្នកជិតខាង​ដ៏ល្អ​ដែល​ភ្ជាប់​ទៅ​ដោយ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង ចំណង​ភូមិសាស្ត្រ វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​ខាងលើ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ហើយ​និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២៕