ភ្នំពេញៈ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ បើកកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខ និងការបង្ក្រាបឧក្រិដ្ឋកម្មតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ឡាវ តាមប្រព័ន្ធទូរគមនាគមន៍ (Video Conference) ពីចុងសប្តាហ៍មុន នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ថ្លែងពីម្សិលមិញថា លោកបានដឹកនាំប្រតិភូកម្ពុជាកាលពីថ្ងៃទី ៦ វិច្ឆិកា ជួបប្រជុំជាមួយភាគីឡាវ ដឹកនាំដោយលោក ចាន់ថន សនតាអាត នាយអគ្គសេនាធិការរងនៃកងទ័ពប្រជាជនឡាវរួមជាមួយសមាជិក។
បើតាមមេទ័ពរូបនេះកិច្ចប្រជុំនោះមានសារៈសំខាន់ណាស់សម្រាប់ភាគីទាំង ២ ជួបជជែកគ្នាបន្តក្នុងការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង ២ ឱ្យមានស្ថិរភាព សន្តិសុខកាន់តែល្អ និងសន្តិភាពពិត។ ជាពិសេសបង្ក្រាបរាល់បទល្មើស និងបទឧក្រិដ្ឋឆ្លងដែនខុសច្បាប់។
លោកថា៖ «យើងជាប្រទេសជិតខាងគ្នា អ៊ីចឹងត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នាអ៊ីចឹងហើយ។ កិច្ចប្រជុំនេះគឺយើងប្រជុំប្រចាំឆ្នាំដើម្បីឱ្យភាគីទាំង ២ ស្គាល់ពីសមាសភាពគ្នាទៅវិញទៅមក។ លើសពីនេះយើងជជែកគ្នាអំពីការទប់ស្កាត់បទល្មើសនានាតាមព្រំដែនកម្ពុជា-ឡាវក៏ដូចជាបទល្មើសឆ្លងដែន។ កន្លងមកយើងបានធ្វើការច្រើនជាមួយគ្នា។ ប្រសិនមានសកម្មភាពបទល្មើសគួរឱ្យសង្ស័យណាមួយគឺភាគីឡាវ រាយការណ៍មកកម្ពុជា ហើយកម្ពុជាក៏រាយការណ៍ប្រាប់ទៅឡាវវិញដែរ។ ភាគីទាំង ២ ចាត់វិធានការទាន់ពេលវេលា»។
ក្នុងកិច្ចប្រជុំលោក ចាន់ថន សនតាអាត សំណូមពរកម្ពុជាបន្តពិភាក្សាគ្នាទៀតតាមពេលកំណត់រៀងរាល់ឆ្នាំ និងរួមគ្នាដោះស្រាយគ្រប់បញ្ហាដែលកើតឡើង៕