សៀមរាបៈ ​ថ្នាក់ដឹកនាំ​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា (CLM) បាន​ជួប​ពិគ្រោះ​យោបល់​គ្នា​ជា​លើក​ទី​ ២ នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ពុធ​ជា​ជំនួប​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​បច្ចេកទេស ជុំវិញ​តួនាទី​ប្រទេស​បញ្ជូន​ពលករ ដើម្បី​ពង្រឹង​កិច្ចការពារ​ពលករ​ទេសន្តរប្រវេសន៍​ដោយ​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ៣ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​បញ្ហា​នេះ​ចូលរួម​ប្រមាណ​ ១០០ ​នាក់​។

ក្នុង​ជំនួប​ជាថ្មី​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា នេះ​គឺជា​ឱកាស​មួយ​ដែល​នាំ​ឲ្យ​ប្រទេស​ទាំង​ ៣ បាន​ផ្លាស់ប្តូរ​យោបល់ បទពិសោធ​សម្រាប់​ដោះស្រាយ​បញ្ហា​នានា ទាក់ទង​នឹង​ពលករ​ទេសន្តរប្រវេសន៍​ហើយ​ក្នុង​នាម​ជា​ប្រទេស​បញ្ជូន​ពលករ នឹង​រួម​មតិ​គ្នា​ដើម្បី​ឈាន​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ថៃ ខណៈ​ប្រទេស​នេះ​ទទួល​ពលករ​ច្រើន​ក្នុង​តំបន់​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​យើង​ទាំង​ ៣ ជា​ប្រទេស​ជិត​ខាង​គ្នា​មាន​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ដូចគ្នា ហើយ​ប្រជាពលរដ្ឋ​យើង​ក៏បាន​និង​កំពុងតែ​នាំគ្នា​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​យ៉ាងច្រើន​កុះករ​។ មួយ​ចំនួន​បាននិង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ដំណើរការ​ទេសន្តរប្រវេសន៍​តាំងពី​ចាកចេញ​នៅ​កន្លែង​ធ្វើការ​រហូត​ដល់​ពេល​ត្រឡប់​មក​វិញ​»​។

លោក ស ខេង បន្ត​ថា​ការធ្វើ​ទេសន្តរប្រវេសន៍ គឺជា​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការជ្រើសរើស​ការងារ មុខរបរ និង​ទីកន្លែង​រស់នៅ តែ​ក្នុង​នាម​ថ្នាក់ដឹកនាំ គឺ​ត្រូវតែ​គិតគូរ​អំពី​សិទ្ធិ ផលប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ និង​ចូលរួម​ការពារ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ហើយ​ក្នុង​ឋានៈ​ជា​ប្រទេស​បញ្ជូន​គឺ​ចាំបាច់​ត្រូវ​រួមសហការ​គ្នា​ដោះស្រាយ​។

យ៉ាងណាក្ដី​លោក ស ខេង បាន​ចាត់ទុក​ការមូលមាត់​គ្នា​នេះ មិនមែន​ជា​ការដាក់​សម្ពាធ​លើ​ភាគី​ថៃ​ទេ ប៉ុន្តែ​គឺមាន​គោលដៅ ដើម្បី​មាន​វិធានការ​រួម​គ្នា​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ក្នុង​កិច្ចការពារ​សិទ្ធិ​ពលករ​ដែល​ងាយ​រងគ្រោះ​តាមរយៈ​ការបែងចែក​ផលប្រយោជន៍​រវាង​ពលករ និង​និយោជិត​។

លោក​បញ្ជាក់ថា​៖ «​ការរួម​គ្នា​ប្រទេស​ទាំង​ ៣ ​នេះ​គឺជា​ការរួម​ចំណែក​ជួយប្រមូល​នូវ​ធាតុ​ចូល​ល្អ​ថ្មីៗ ដើម្បី​ប្រឹក្សា​ជាមួយ​ថៃ​ដែល​ជា​ជំនួយ​ដល់​គាត់​ឲ្យ​គាត់​ដោះស្រាយ​បញ្ហា​កំពុងតែ​ប្រឈម​ដែល​អន្តរជាតិ​កំពុងតែ​រិះគន់​គាត់​ដែរ ដូចជា​ទាក់ទង​នឹង​កម្មករ​ធ្វើការ​លើ​ទូក​។ កុំ​ឲ្យ​មាន​ជា​ទស្សនៈ​ថា​យើង​ទាំង​ ៣ ​នាក់​ (​ប្រទេស​ទាំង​ ៣) ​ចាប់​ដៃ​គ្នា​ទៅ​ធ្វើ​បាប​ថៃ​ដែល​នាំឲ្យ​មាន​ការអន្តរាយ​តែម្តង​»​។

លោក​បាន​បន្ថែមថា​៖ «​ទោះបី​យើង​បាន​ឯកភាព​ក្នុង​កម្រិត​ជំនាញ និង​បច្ចេកទេស​នៅ​ទីនេះ​ក៏ដោយ​។ យើង​ឯកភាព​គ្នា​ក្នុង​កម្រិត​ថ្នាក់​នយោបាយ​រវាង​ប្រទេស​ទាំង​ ៣ ដែល​មាន​វត្តមាន​នៅ​ទីនេះ​ ប៉ុន្តែ​ក៏​មិនទាន់​អាច​យក​ទៅ​ជជែក​ពិភាក្សា​ដោយ​ត្រង់​នោះទេ​ (​ប្រទេស​ថៃ​)​។ សូម​ពិចារណា​រក​វិធីសាស្ត្រ តើ​យើង​អាច​ថា​បន្ទាប់ពី​យើង​បាន​ឯកភាព​គ្នា យើង​អាច​លើក​បញ្ហា​នេះ​ជជែក​ពិភាក្សា​ជាមួយ​ថៃ​ក្នុង​កម្រិត​ (​មន្ត្រី​) ​ជំនាញ​សិន ក្រោយ​ពេល​ដែល​កម្រិត​ជំនាញ​ស្រុះស្រួល​ឯកភាព​គ្នា​ហើយ ចាំ​ថា​យើង​អាច​ប្រជុំ​ ៤ ​ភាគី​»​។

លោក ផេងសាវ៉ាញ់ ធីផាវង្សសៃ ​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ការជួញដូរ​មនុស្ស​ក្រសួង​សន្តិសុខ​សាធារណៈ​ និង​ជា​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​បាន​ថ្លែងថា ប្រទេស​ឡាវ​ក៏​កំពុង​ជួប​បញ្ហា​ទេសន្តរប្រវេសន៍​ឆ្លងដែន​ផងដែរ​ជាពិសេស​ទៅ​ប្រទេស​ថៃ​ដែល​ជួប​ការកេងប្រវ័ញ្ច​​កម្លាំង​ពលកម្ម​។

លោក​ថា​៖ «​ដូច្នេះ​កិច្ចពិភាក្សា​នៅពេល​នេះ​នឹង​ផ្តល់​នូវ​សារៈសំខាន់​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ៣ ​ដែល​មាន​ការបញ្ជូន​ពលករ​ច្រើន​ដូចគ្នា​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​»​។

យោងតាម​កតិកាសញ្ញា​ពិភពលោក​ស្តីពី​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ប្រទេស​ម៉ារ៉ុក​កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៨ ​បាន​កំណត់ថា ប្រទេស​ជា​សមាជិក​ចាំបាច់​ត្រូវ​ជំរុញ​អនុវត្ត ដើម្បី​ការពារ​ពលករ​ទេសន្តរប្រវេសន៍​ពី​រាល់​ទម្រង់​នៃ​ការជួញដូរ និង​កេងប្រវ័ញ្ច​នៅ​គ្រប់​ដំណាក់កាល​នៃ​ការធ្វើ​ទេសន្តរប្រវេសន៍​ផងដែរ​។

ដោយឡែក​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ អាស៊ាន ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ និង​បានអនុម័ត​ច្បាប់​ស្ដីពី​ការការពារ និង​ការលើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ​ផងដែរ​។

លោកស្រី ​គ្រីស្ទីន ផាកូ ប្រធាន​បេសកកម្ម​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​ឱកាស​នេះដែរ​ថា ជំនួប​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ៣ ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ដែល​គួរ​រួមគ្នា​រក​វិធី​ដោះស្រាយ​ ខណៈ​ពលករ​ភាគច្រើន​នៅ​តែ​ប្រឈម​បញ្ហា​ជាពិសេស​ការជួញដូរ​ខុសច្បាប់ និង​ធ្លាក់​ចូលក្នុង​ឧស្សាហកម្ម​ផ្លូវភេទ​តាម​ទូក​នេសាទ និង​ឧស្សាហកម្ម​ខុសច្បាប់​។

លោកស្រី​បន្ត​ថា​ជំនួប​នេះ​គឺជា​ក្តីសង្ឃឹម​មួយ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ក្នុង​ការរួម​គ្នា​បន្ត​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​សម្រាប់​ពិភពលោក​។ ដូច្នេះ​ក្នុងនាម​អង្គការ IOM នឹង​ព្យាយាម​បន្តទៀត​ក្នុងការ​សម្របសម្រួល​ជាមួយ​ប្រទេស​ទាំងនេះ ជាពិសេស​ប្រទេស​ដែល​ទទួល​ពលករ​ច្រើន​ក្នុង​តំបន់​ហើយ​ច្រើន​បំផុត​ពី​ប្រទេស​ ឡាវ ភូមា និង​កម្ពុជា​នេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​គួរតែ​ធ្វើ​ប្រតិបត្តិការ​យ៉ាងម៉េច​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​នូវ​តួនាទី​ដ៏សំខាន់​សម្រាប់​ការងារ​ជនទេសន្តរប្រវេសន៍​តាមរយៈ​ច្បាប់​គ្រប់គ្រង ស្តង់ដា​ការងារ ព្រោះ​ទេសន្តរប្រវេសន៍​នេះ ភាគច្រើន​មាន​នៅក្នុង​តំបន់​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​គ្នា​ជា​សកល និង​តំបន់​ដោយ​កំណត់​អំពី​អាទិភាព​របស់​ខ្លួន​នៅក្នុង​សិក្ខាសាលា​នេះ ដើម្បី​ឈាន​ទៅ​អនុវត្ត​ឲ្យ​បាន​នៅ​ឆ្នាំ ២០៣០»​។

បើ​តាម​លោកស្រី​ គ្រីស្ទីន ផាកូ បច្ចុប្បន្ន​មាន​ពលករ​ទេសន្តរប្រវេសន៍​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ២៤៤ លាន​នាក់​ បាន​ធ្វើ​ចំណាកស្រុក​នៅលើ​ពិភពលោក​ ខណៈ​នៅក្នុង​តំបន់​អាស៊ី​មាន​ប្រមាណ ៨២,៥ ​លាន​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ពាក់កណ្តាល​៕