ភ្នំពេញៈ ភាគីកម្ពុជានិងឡាវ បានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ និងការយោគយល់គ្នា ដោយសន្តិវិធី និងអនុលោមតាមច្បាប់ ជាមួយនឹងការពន្លឿនការរៀបចំបង្គោលព្រំដែន និងសំណង់នានាតាមព្រំដែនផងដែរ។
ក្រោយជំនួបចុះហត្ថលេខាលើអនុស្សរណយោគយល់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Sengnouane Xayalath អស់ពេលជាង ១ ម៉ោងរួចមក រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានថ្លែងថា កិច្ចពិភាក្សានេះបានផ្តោតទៅលើទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាងនិងបានជជែកគ្នាពីបញ្ហាព្រំដែន ជំរុញការបោះបង្គោលព្រំដែន និងសំណង់នានាឲ្យស្របតាមច្បាប់ដើម្បីការពារផលប្រយោជន៍ និងបង្កើនទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ច រវាងគ្នាទៅវិញទៅមក។
លោក ទៀ បាញ់ ថ្លែងបន្តថា៖ «សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ត្រូវសហការការពារពលរដ្ឋ ដែលធ្វើដំណើរទៅវិញទៅមក។ យើងក៏បានឈានដល់ការឯកភាពឲ្យមានការផ្លាស់ប្តូរប្រតិភូគ្នាទៅវិញទៅមក ដើម្បីសិក្សារៀនសូត្រពីគ្នា និងផ្លាស់ប្តូរព័ត៌មាន ទាក់ទងគ្នាទៅវិញទៅមក»។
បើតាមមន្ត្រីក្រសួងការពារជាតិ ដែលបានចូលរួមក្នុងកិច្ចជំនួបប្រជុំនេះ បានឲ្យដឹងថា ភាគីប្រទេសទាំងពីរ ក៏បានសន្យាពង្រឹងកិច្ចសហការទ្វេភាគី តាមរយៈការទប់ស្កាត់បទឧក្រិដ្ឋនានា នៅតាមបណ្តោយព្រំដែន មានដូចជា បញ្ហាការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការកាប់ឈើខុសច្បាប់ ជាដើម។ ដោយឡែក ខាងកម្ពុជាវិញ ក៏បានស្នើទៅកាន់កងកម្លាំងយោធាឡាវឲ្យដោះស្រាយបញ្ហាពលរដ្ឋកម្ពុជាដែលធ្វើសកម្មភាពខុសច្បាប់ ទៅតាមការអនុវត្តច្បាប់ ដោយសន្តិវិធី៕