ភ្នំពេញៈ ក្នុងជំនួប​ទ្វេភាគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមភាគី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បាន​ឯកភាព​គ្នា ឲ្យ​មានការ​រៀបចំ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-ឡាវ ទៅលើ​ចំណុច​ដែល​បាន​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រួច​រវាង​ប្រទេស​ទាំង​ ២ ​ចំនួន​ ៨៦ ​ភាគរយ​។

នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រីឡាវ ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កាលពី​មុន​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ពុំមាន​ភាព​ច្បាស់លាស់​នោះ​ទេ តែ​ពេល​នេះ​ភាគី​ទាំង​ ២ បាន​ព្រមព្រៀង​គ្នា​ឱ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ព្រាង​នូវ​កិច្ចព្រមព្រៀង​នៃ​សន្ធិសញ្ញា ដើម្បី​ទទួល​យក​នូវ​លទ្ធផល​នៃ​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ដែល​ធ្វើ​រួច​ចំនួន ៨៦ ​ភាគរយ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​ក៏​បាន​ព្រមព្រៀង​គ្នា​ផងដែរ​អំពី​ការដូរ​បង្គោល​ព្រំដែន​ដែល​បង្គោល​ព្រំដែន​បច្ចុប្បន្ន​របស់​យើង គឺ​នៅ​តូច​ណាស់​។ វា​ហាក់​ដូចជា​ព្រំដី​រវាង​ប្រជាជន និង​ប្រជាជន​មិន​ស័ក្តិសម​ជាមួយ​នឹង​ព្រំបង្គោល​សីមា​ព្រំដែន​រដ្ឋ​នោះទេ​»​។

លោក​បន្ត​ថា​ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ ២ ​បាន​ប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ធ្វើការ​គូស​ជា​ប្លង់​បង្គោល​ដើម្បី​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​។ ភាគី​ទាំង​ ២ ​ក៏បាន​ព្រមព្រៀង​គ្នា ដើម្បី​ចែក​នូវ​ការចំណាយ​ពាក់កណ្តាល​ម្នាក់​ទៅ​លើ​ការសាងសង់​បង្គោល​ថ្មី ដើម្បី​ជំនួស​ឱ្យ​បង្គោល​ចាស់​ដែល​បាន​បោះ​រួច​។

លោក ហ៊ុន សែន ​ថ្លែង​ថា​៖ «​ក្រៅពី​នោះ​ដោយសារ​តែ​បង្គោល​ព្រំដែន​របស់​យើង​វា​មាន​ចំនួន​តិច យើង​ក៏បាន​ព្រមព្រៀង​គ្នា​ដើម្បី​ឱ្យ​សិក្សា​ថា យើង​អាច​បោះបង្គោល​បន្ថែម​ប៉ុន្មាន​បង្គោល​ទៀត ក៏ត្រូវ​មានការ​ព្រមព្រៀង​គ្នា​អំពី​បញ្ហា​នេះ ព្រោះ​កន្លង​ទៅ​ព្រំដែន​រាប់រយ​គីឡូម៉ែត្រ បោះ​បាន​ត្រឹម​តែ​ ១២១ ​បង្គោល​តែប៉ុណ្ណោះ​។ ដូច្នេះ​វា​វែងឆ្ងាយ​ណាស់​ត្រូវ​បោះបង្គោល​បន្ថែម​»​។

លោក ហ៊ុន សែន និង​សមភាគី​ឡាវ ស្វាគមន៍​ជាមួយ​ក្រុមមន្ត្រី​កាលពី​ម្សិលមិញ​។ រូបថត SPM

ក្នុងជំនួប​នោះ​ដែរ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត បានស្នើ​ឱ្យ​ភាគី​កម្ពុជា​ជា​អ្នក​គូស​ប្លង់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​អាច​ទទួល​យក​បាន​។ លោក​ ថងលូន ស៊ីស៊ូលីត ថ្លែង​ថា​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​បាន​ ៨៦ ​ភាគរយ​រួច​មក​ហើយ​នេះ គឺជា​ជ័យជម្នះ​ក្នុង​ការសហការ​រវាង​ប្រទេស​ទាំង​ ២​។ ចំពោះ​ចំណុច​ដែល​នៅ​សេសសល់ នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បានសម្រេច​ឱ្យ​គណៈកម្មការ​ព្រំដែន​ឡាវ-កម្ពុជា​ ក៏ដូចជា​ក្រសួង​ការបរទេស​កម្ពុជា​សហការ​ដោះស្រាយ​ជាមួយ​ភាគី​ឡាវ​។

លោក ថងលូន ស៊ីស៊ូលីត​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា នឹង​ដោះស្រាយ​បញ្ហា​បាន ដោយសារ​យើង​មាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​»​។

លោក ថងលូន ស៊ីស៊ូលីត បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​គឺ​ចាប់​ថ្ងៃ​ទី​ ១២ ដល់​ថ្ងៃទី​ ១៣ ខែ ​កញ្ញា តាម​ការអញ្ជើញ​របស់ លោក ហ៊ុន សែន​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​កាលពី​ថ្ងៃ​ពុធ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឡាវ​នេះ​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​កម្ពុជា​បានផ្តល់​បដិសណ្ឋារកិច្ច​ដ៏កក់ក្តៅ​ក្នុង​នាម​ជា​មិត្ត​ភូមិ​ផង​របង​ជាមួយ​។

លោក​ថា​៖ «​ជា​ទស្សនកិច្ច​ផ្លូវការ​មួយ​ដែល​មកដល់​កម្ពុជា គឺជា​ដំបូល​មួយ​នៃ​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ ២»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ឡាវ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុសគ្នា​អំពី​ភាព​តានតឹង​ ឬ​មិន​តានតឹង នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ដែល​លោក​មិនដឹង​ថា តើ​មកពី​ការ​ផ្តល់ព័ត៌មាន ឬ​ទទួល​ព័ត៌មាន​ខុសគ្នា​ ឬ​យ៉ាងណា​នោះទេ​។

លោក​ថ្លែង​ថា​៖ «​ក៏ប៉ុន្តែ​មក​ដល់​ពេល​ហ្នឹង​ក៏​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​នឹង​មាន​កិច្ចប្រជុំ​មួយ​រវាង​គូភាគី​ទាំង​សងខាង ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​ព្រំដែន​»​។

ទោះយ៉ាងណា​លោក មាស នី មានជំនឿ​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​ជជែក​គ្នា​អំពី​ការកាត់បន្ថយ​នូវ​ភាពតានតឹង​ណាមួយ​ដែល​កើតមាន​ឡើង​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ ២​។

កាលពី​សប្តាហ៍​មុន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ឡាវ​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​​ ៥ ដល់​ទី​ ៦ ខែ​ កញ្ញា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មាន​ព័ត៌មាន​ចុះផ្សាយ​ថា មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ត្រង់ចំណុច​ដែល​មិនទាន់​បាន​បោះបង្គោល​រវាង​ប្រទេស​ទាំង​ ២​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែង​កាលពី​ខែ​សីហា​ថា​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ឡាវ មិនមាន​ភាពតានតឹង​ ឬ​ការប្រឈមមុខ​ដាក់​គ្នា នៅ​ចំណុច​ព្រំដែន​ទន្លេ​ពៅ​ក្នុង​តំបន់​មុំ​ ៣ ក្នុង​ខេត្ត​ព្រះវិហារ​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​នោះទេ​។

ប៉ុន្តែ​លោក ទៀ បាញ់ បាន​ថ្លែង​ថា​បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ​នេះ កើតឡើង​ដោយសារតែ​តំបន់​នោះ​ជា​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន​ដាច់​ស្រេច​នៅឡើយ ហើយ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ដី​នោះ​នៅ​ទំនេរ ក៏​ទៅ​បង្កបង្កើន​ផល​នៅ​ទីនោះ ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​របស់​ពួកគាត់ ទើប​ប្រជាជន​បាន​រាយការណ៍​ដល់​កងកម្លាំង​យោធា​របស់​កម្ពុជា​ដែល​ធ្វើឲ្យ​មាន​ការយល់​ច្រឡំ​៕