
ភ្នំពេញៈ មន្រ្តីក្រសួង ការងារ ១ រូបបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា កម្ពុជាកំពុងត្រៀមរៀបចំបញ្ជូនពលការិនីបម្រើការងារតាមផ្ទះទៅ ប្រទេស ម៉ាឡេស៊ី ឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បម្រាមកាលពីឆ្នាំ ២០១១ ដោយសារមានរបាយការណ៍ព័ត៌មានពីការរំលោភលើពលករពីនិយោជកញឹកញាប់។
ខណៈដែលមន្រ្តីមកពីប្រទេសទាំងពីរ បានជួបគ្នានៅ ម៉ាឡេស៊ី កាលពីម្សិលមិញ លោក ហូរ វុឌ្ឍី អនុរដ្ឋលេខាធិការនៃក្រសួង ការងារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការិយាល័យរបស់លោកកំពុងតែរិះរកវិធីដែលនឹងអាចបញ្ជូនពលករបម្រើតាមផ្ទះទៅ ម៉ាឡេស៊ី ឡើងវិញ នៅពេលដែលប្រទេសនៅអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។
លោកថ្លែងថា៖ «ខ្ញុំមិនច្បាស់ អំពីកាលបរិច្ឆេទច្បាស់លាស់ជុំវិញការបញ្ជូនពួកគេទៅទេ ប៉ុន្តែយើងកំពុងតែធ្វើការងារនេះ។ ខ្ញុំមិនដឹងថា នៅពេលណាគេចុះហត្ថលេខាលើអនុស្សរណៈយោគយល់នោះទេ ប៉ុន្តែយើងកំពុងតែពិនិត្យមើល អំពីរបៀបដែលយើងអាចបញ្ជូនពលករទៅទីនោះជាថ្មី»។
លោក ហូរ វុឌ្ឍី បានបញ្ជាក់ដែរថា លោកមិនដឹងថា នឹងមានពលការិនីបម្រើតាមផ្ទះប៉ុន្មាននាក់ទេ ដែលនឹងត្រូវបញ្ជូនទៅ ម៉ាឡេស៊ី នៅពេលដែលប្រទេសទាំងពីរ បានហត្ថលេខាលើឯកសារទាំងនេះហើយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ ម៉ាឡេស៊ី Bernama ដកស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក Ahmad Zahid Hamidi កាលពីថ្ងៃចន្ទថា ស្រ្តីបម្រើការងារតាមផ្ទះ ១ ពាន់នាក់នឹងត្រូវជ្រើសរើសពី កម្ពុជា រៀងរាល់ខែ។
លោកថ្លែងប្រាប់ Bernama ថា៖ «យើងបញ្ជូនពួកគេឲ្យទៅទីនោះភ្លាមៗ នៅពេលដែលអនុស្សរណៈយោគយល់រវាងរដ្ឋាភិបាល ម៉ាឡេស៊ី និង កម្ពុជា រៀបចំរួចរាល់ នឹងត្រូវចុះហត្ថលេខា ក្នុងរយៈពេលពីរ-បីខែទៀត»។
បុគ្គលិកប្រចាំនៅឯការិយាល័យលោក Ahmad Zahid Hamidi កាលពីម្សិលមិញនិយាយថា លោករវល់មិនអាចធ្វើអត្ថាធិប្បាយបានទេ។
មន្រ្តីកម្ពុជាបានរាយការណ៍ថា គេកំពុងតែចរចាជាមួយរដ្ឋមន្រ្តី ម៉ាឡេស៊ី អំពីបញ្ហានេះ រដ្ឋលេខាធិការក្រសួង ការងារ កម្ពុជា លោក ឧស្មាន ហាស្សាន់ បានប្រាប់កាលពីថ្ងៃម្សិលមិញថា លោកកំពុងតែជាប់ប្រជុំនៅ ម៉ាឡេស៊ី មិនអាចធ្វើអត្ថាធិប្បាយពីបញ្ហានេះបានទេ។ លោកប្រាប់ថា៖ «អ្នកអាចទូរស័ព្ទមកខ្ញុំម្តងទៀត នៅថ្ងៃព្រហស្បតិ៍»។
កម្ពុជា បានហាមជាបណ្តោះអាសន្នមិនឲ្យបញ្ជូនពលការិនីបម្រើតាមផ្ទះទៅ ម៉ាឡេស៊ី ទេ កាលពីខែ តុលា ឆ្នាំ ២០១១ បន្ទាប់ពីមានការរំលោភសិទ្ធិមនុស្សជាហូរហែ មានការកេងប្រវ័ញ្ចផ្លូវភេទរហូតដល់ពលកម្មដោយបង្ខំ និងធ្វើទារុណកម្មវាយដំក៏មាន។
ករណីហិង្សាជាច្រើននិងការ ធ្វើបាប ត្រូវរាយការណ៍ដោយស្រ្តីដែលវិលត្រឡប់មកស្រុកវិញ នៅពេលចប់កុងត្រា ២ ឆ្នាំ ឬត្រូវរាយការណ៍ដោយគ្រួសារដែលមានក្តីបារម្ភជាច្រើន។
លោក ហុយ ពេជ្រសុវណ្ណ មន្រ្តីកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានឲ្យដឹងថា វាជារឿងគ្រោះថ្នាក់សម្រាប់ស្រ្តីបម្រើការងារតាមផ្ទះ ដែលគេនឹងបញ្ជូនទៅ ម៉ាឡេស៊ី នៅមុនពេលដែលរដ្ឋាភិបាលដោះស្រាយបញ្ហាជាច្រើនដែលពួកគេកំពុង តែប្រឈមនឹងការងារនៅទីនោះ។
លោកបញ្ជាក់ថា៖ «ស្រ្តីបម្រើការងារតាមផ្ទះត្រូវគេបង្ខំឲ្យបន្តកុងត្រាផ្ទុយពី ឆន្ទៈខ្លួន ហើយរដ្ឋាភិបាលមិនបានការពារពួកគេទេ។ ខ្ញុំគិតថា វាដូចជាឆាប់ពេកហើយ។ មិនមានកិច្ចព្រមព្រៀងណាមួយលើយន្តការធានាការពារសិទ្ធិពលការិនីទាំងនោះទេ»។
លោក អាន ប៊ុនហាក់ អតីតនាយកសមាគមទីភ្នាក់ងារជ្រើសរើសបុគ្គលិកកម្ពុជាបានប្រាប់ថា តាមដែលលោកដឹង អនុស្សរណៈនោះមិនទាន់បានចុះហត្ថលេខានៅឡើយទេ»។ លោកថា៖ «ពុំមានអ្វីកើតឡើងទេ។ ពួកគេចាំបាច់ត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសិន»៕ NR